ការចុះបញ្ជីទូកនិងបទល្មើសនេសាទលើផ្ទៃសមុទ្រខេត្តកោះកុង ជាប្រភពឆ្នាំងបាយរបស់លោក ឡេង ប៊ុណ្ណាត ទើបគ្មាននរណាអើពើបង្ក្រាប
ខេត្តកោះកុង ៖ ចាប់តាំងពីមានការរឹតបន្តឹង លើការប្រមូលពន្ធឲ្យបាន ១០០ភាគរយ កំពង់ផែខ្លងស៊ុន ជាទីតាំងដឹកជញ្ជូនទំនិញ មកពីស្រុកសៀម ចូលប្រទេសកម្ពុជា ក៏មានសភាពស្ងប់ស្ងាត់ ប៉ុន្តែមួយយប់ៗមានទូកនេសាទ របស់ជនជាតិសៀម ចូលមកលើកដាក់ ផលនេសាទរាប់ពាន់តោន ហើយគេដឹងថា ផលនេសាទទាំងនោះ បានមកពីការចូលនេសាទ ក្នុងដែនសមុទ្រខ្មែរ ដោយខុសច្បាប់ ដោយមានលោក ឡេង ប៊ុណ្ណាត ជាអ្នកទទួលបន្ទុក ការចុះបញ្ជីទូកនេសាទ និងជាប្រធានផ្នែកហេរញ្ញិក គឺជាមនុស្សជំនិតបំផុត របស់លោក ប៊ុន លើត ជាអភិបាលខេត្តកោះកុង ជាអ្នកគ្រប់គ្រងប្រមូលលុយ តាមរបៀបពុករលួយ ដែលទាមទារឲ្យ ក្រសួងមហាផ្ទៃ ពិនិត្យមើលភាពអសកម្ម របស់លោក ឡេង ប៊ុណ្ណាត ឡើងវិញផង។
សេចក្តីរាយការណ៍ពីខេត្តកោះកុង បានឲ្យដឹងថា កាលពីចុងខែវិច្ឆិកា ឆ្នាំ២០០៩ មានការសម្រេចបង្កើត គណៈកម្មការបង្ក្រាបបទល្មើសនានា និងត្រួតពិនិត្យការពារ ការធ្វើនេសាទក្នុងដែនសមុទ្រ ខេត្តកោះកុង តាមបណ្តោយព្រំដែនសមុទ្រ កម្ពុជា-សៀម មានការបែងចែក តួនាទីការងារយ៉ាងច្បាស់លាស់ ប៉ុន្តែសមាជិកនិងថ្នាក់ដឹកនាំ គណៈកម្មការមួយនេះមិនគោរព តាមបទបញ្ជារបស់ថ្នាក់លើនោះទេ ពោលគឺសមាជិកចំនួន១៣ ស្ថាប័ន រួមមានទី១-កម្លាំងយោធាភូមិភាគទី៣ ទី២-កម្លាំងកងទ័ពជើងទឹក មូលដ្ឋានសមុទ្រ ទី៣-ជលផលសមុទ្រ ទី៤-អគ្គស្នងការ នគរបាលជាតិ ទី៥-តំបន់សឹករង ខេត្តកោះកុង ទី៦-កម្លាំងកងរាជអាវុធហត្ថ ទី៧-កងកម្លាំងស្នងការនគរបាល ទី៨-មន្ទីរកសិកម្ម ទី៩-មន្ទីរសាធារណការ ទី១០-មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ទី១១-មន្ទីរពាណិជ្ជកម្ម ទី១២-សាខាគយ និងទី១៣-សាខាកាំកុងត្រូល។
គណៈកម្មការបង្ក្រាប បទល្មើសលើផ្ទៃសមុទ្រ ក្នុងខេត្តកោះកុងនេះ ស្ថិតក្រោមការគ្រប់គ្រង ដោយផ្ទាល់របស់លោក ប៊ុន លើត ជាអភិបាលខេត្តកោះកុង មិនបានយកចិត្តទុកដាក់ បង្ក្រាបបទល្មើសការដឹកជញ្ជូន ទំនិញគេចពន្ធ ឬការឆ្លងដែន មកនេសាទល្មើសច្បាប់ ក្នុងដែនសមុទ្រខ្មែរ ប្រព្រឹត្តដោយទូកនេសាទសៀមនោះទេ ហើយជាធម្មតា ទូកនេសាទរបស់ជនជាតិសៀម អាចមានសិទ្ធិចូលមក បង្កភាពអនាធិបតេយ្យ លើផ្ទៃសមុទ្រខ្មែរ រយៈពេល ៥ឬ៤ថ្ងៃម្តង ដែលគេនិយមហៅថា មួយទឹក ត្រូវចូលខ្លួនមកបង់លុយ ឲ្យគណៈកម្មការនេះម្តង។ ជាគោលការណ៍ គណៈកម្មការដែលគ្រប់គ្រង ដោយលោក ប៊ុន លើត នេះបានកោះហៅស្ថាប័នពាក់ព័ន្ធ ជាសមាជិក មកប្រជុំនៅសាលាខេត្ត រយៈពេល ៤៥ថ្ងៃម្តង ដូចគ្នា ដើម្បីសម្រេចបែងចែក ប្រាក់ចំណូលទាំងនោះ ទៅកាន់មន្ត្រីជំនាញ ពាក់ព័ន្ធទាំង ១៣ស្ថាប័ន។
ដល់ពេលយូរៗទៅ គណៈកម្មការនេះ ស្ទើរតែស្ថិតក្រោមការគ្រប់គ្រង របស់មនុស្ស ២នាក់ គឺលោក ប៊ុន លើត ជាអភិបាលខេត្តកោះកុង និងលោក ឡេង ប៊ុណ្ណាត ដែលជាអ្នកចុះបញ្ជីទូកនេសាទ និងជាប្រធានផ្នែកហេរញ្ញិក ប្រចាំសាលាខេត្តកោះកុង ឃុបឃិតគ្នាពុករលួយ ផាត់ចេញនូវអង្គភាពពាក់ព័ន្ធមួយចំនួន ដូចជាផ្នែកជលផល ឬទាហានជើងទឹក គេរក្សាទុកតែអង្គភាព ស្ថាប័នទាំងឡាយណា ដែលចេះឱនលំទោន និងអនុវត្តន៍បទបញ្ជា ធ្វើតាមការបែងចែក របស់លោក ប៊ុន លើត តែប៉ុណ្ណោះ។ មានការបញ្ជាក់ផងដែរថា នៅលើផ្ទៃសមុទ្រខេត្តកោះកុង នៅពេលថ្ងៃមានទូកនេសាទ ជនជាតិខ្មែរតិចតួចប៉ុណ្ណោះ ប៉ុន្តែនៅពេលយប់ឡើង មានទូកនេសាទ របស់ជនជាតិសៀម ប្រើឧបករណ៍ល្មើសច្បាប់ ចូលមកចាប់ត្រី ភ្លឺចិញ្ចែងចិញ្ចាច គ្មាននរណាអើពើបង្ក្រាបទេ។
មានការបញ្ជាក់ផងដែរថា គ្រាន់តែទូកអូសគូមួយគ្រឿង របស់ជនជាតិសៀម ដែលអាចចូលមកធ្វើការនេសាទ ដោយប្រើឧបករណ៍ល្មើសច្បាប់ យ៉ាងអនាធិបតេយ្យ លើផ្ទៃសមុទ្រខេត្តកោះកុង ត្រូវបង់លុយជូនលោក ឡេង ប៊ុណ្ណាត យ៉ាងហោចណាស់មួយខែ ២ម៉ឺន ៤ម៉ឺន និង ៦ម៉ឺនបាត អាស្រ័យទៅតាមប្រភេទទូកតូចឬធំ និងកម្លាំងម៉ាស៊ីនផងដែរ។ អ្វីដែលគេចាប់អារម្មណ៍បំផុតនោះ គឺលោក ឡេង ប៊ុណ្ណាត បានចុះបញ្ជីទូកនេសាទ របស់ជនជាតិសៀម ដោយបន្លំស្លាកលេខទូក មានការចុះស្លាកលេខជាន់គ្នា ដែលជាជំនាញបច្ចេកទេស របស់លោក ឡេង ប៊ុណ្ណាត ក្នុងការបំបាត់ចំណូលពន្ធរដ្ឋ។ ស្ថាប័នអង្គភាពដទៃ ជាសមាជិកមិនសូវ ទទួលបានចំណែក ពីគណៈកម្មការនេះទេ ប៉ុន្តែពួកគេបានបែកគំនិត ទៅកាងទូកនេសាទ របស់ជនជាតិសៀម ម្នាក់ៗ ៤ទៅ៥ ទូក ដើម្បីបើករបបផ្ទាល់ខ្លួន៕
Source from: watphnom-news.com

Loading...
Loading...