សូមយាងព្រះមហាក្សត្រ មកជួយបន្ថយកំដៅនយោបាយ និងបញ្ឈប់ការវាយធ្វើបាបរាស្ត្រ
រាជធានីភ្នំពេញ ៖ អង្គការសង្គមស៊ីវិលចំនួន១៣ នៅថ្ងៃចន្ទទី៦ ខែមករា បានថ្វាយលិខិតយាង ព្រះមហាក្សត្រខ្មែរ ព្រះបាទ នរោត្តម សីហមុនី អន្តរាគមន៍ទៅរដ្ឋាភិបាល ឲ្យបញ្ឈប់ការប្រើអំពើហិង្សា លើប្រជាពលរដ្ឋខ្មែរ បណ្តាលឲ្យមនុស្សជាច្រើននាក់ស្លាប់ និងរបួស ខណៈដែលពួកគេនាំគ្នាធ្វើកូដកម្ម និងបាតុកម្ម ដោយសន្តិវិធី អហិង្សាទាមទារដំឡើងប្រាក់ឈ្នួល ១៦០ដុល្លារ ដើម្បីមានជីវភាព រស់នៅសមរម្យ។
យោងតាមលិខិតចុះហត្ថលេខារួម របស់តំណាង អង្គការសង្គមស៊ីវិល ចុះថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៤ និងដាក់ថ្វាយព្រះមហាក្សត្រ នៅថ្ងៃចន្ទនេះ បានឲ្យដឹងថា ព្រឹត្តិការណ៍រវាងកម្មករ កម្មការនី និងកងកម្លាំង ប្រដាប់អាវុធ របស់រាជរដ្ឋាភិបាល បណ្តាលឲ្យប្រជាពលរដ្ឋខ្មែរ ជាច្រើននាក់ស្លាប់ និងរបួស ខណៈដែលកម្មករទាំងនោះ បាតុកម្មទាមទារ ដំឡើងប្រាក់ឈ្នួល ១៦០ដុល្លារ។ លិខិតបន្តថា បញ្ហានេះមានតែវត្តមាន ព្រះមហាក្សត្រទេ ទើបអាចយាងផ្សះផ្សាបាន ព្រោះដើម្បីឲ្យកម្ពុជាមានឯកភាពជាតិ ស្របតាមរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូល នៃប្រទេស។
សូមរំលឹកថា កាលពីថ្ងៃទី២ និងទី៣ ខែមករាឆ្នាំ២០១៤ កម្មករនៅតំបន់សេដ្ឋកិច្ច២ ផ្សេងគ្នា បានតវ៉ាតាមដងផ្លូវវ៉េងស្រេង ក្នុងតំបន់សួនឧស្សាហកម្ម កាណាឌីយ៉ា និងរោងចក្រយ៉ាក់ជិន តាមដងផ្លូវជាតិលេខ៤ រាជធានីភ្នំពេញ តែត្រូវសមត្ថកិច្ច របស់រដ្ឋាភិបាល បាញ់សម្លាប់យ៉ាងតិច ៥នាក់ និងជាង ២០នាក់រងបួស ខណៈ ២៣ នាក់ត្រូវបានចាប់ខ្លួន ដោយគ្រាន់តែពួកគេ ធ្វើបាតុកម្មទាមទារដំឡើង ប្រាក់ឈ្នួលដល់ ១៦០ដុល្លារ។ ដោយឡែក ក្រុមអ្នកឯករាជ្យ ក៏បានដាក់លិខិត ទៅកាន់លោក ហ៊ុន សែន និងលោក សម រង្ស៊ី ស្នើយាងព្រះមហាក្សត្រ ជួយពន្លត់កម្តៅនយោបាយ នៅពេលនេះផងដែរ៕
Source from: watphnom-news.com

Loading...
Loading...