យុវជនឈាមរាវចាក់គ្នា ចំកណ្តៀតក្អម ដាច់ពោះវៀន នៅក្នុងវិទ្យាល័យ ព្រះបាទសុរាម្រិត
ខេត្តកំពង់ឆ្នាំង ៖ យុវសិស្សម្នាក់ថ្នាក់ទី១០ ម្នាក់ត្រូវជនដៃដល់ ជាសិស្សដូចគ្នាម្នាក់ទៀត លួចធាក់ពីក្រោយដួលផ្កាប់មុខ ហើយចាក់ចំនួន ៣កាំបិតធ្លាយពោះ ដាច់ពោះវៀន និងថ្លើមរបួសធ្ងន់ ខណៈដែលកំពុង ដើរចេញពីថ្នាក់រៀន បង្កឱ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ១១ និង១០ នាទីព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០១៤ នៅក្នុងវិទ្យាល័យ ព្រះបាទសុរាម្រិត ស្ថិតក្នុងភូមិស្រែព្រីង សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង។
យុវសិស្សរងគ្រោះមានឈ្មោះ ផូ សុបញ្ញា ភេទប្រុស អាយុ ១៧ឆ្នាំ រៀនថ្នាក់ទី១០ មានទីលំនៅក្នុងភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ។ មុនពេលកើតហេតុ យុវសិស្សរងគ្រោះបានឈ្លោះប្រកែក ជាមួយមិត្តភក្តិ ក្រោយមកបានចេញពីថ្នាក់រៀន ដើរទៅយកម៉ូតូ ត្រឡប់ពីកន្លែងផ្ញើ ដើម្បីជិះទៅផ្ទះវិញ ខណៈដើរជិតដល់មុខទីចាត់ការ ស្រាប់តែត្រូវ យុវសិស្សម្នាក់ទៀត លួចធាក់ពីក្រោយ បណ្តាលឱ្យដួលផ្កាប់មុខ ហើយបានស្ទុះទៅចាក់ ចំកណ្តៀតក្អមខាងស្តាំ ៣កាំបិត ធ្លាយពោះដាច់ ពោះវៀន និងថ្លើមរបួសធ្ងន់ ចំណែកជនដៃដល់ បានរត់គេចខ្លួន។
សមត្ថកិច្ចបានរកឃើញ កាំបិតចិតបន្លែ ចុងស្រួចមួយមានប្រវែង ២តឹកកន្លះ និងបន្ទា ៣ហ៊ុនរបស់ជនដៃដល់ ដែលបោះចោល នៅលើដើមឈើក្នុងវិទ្យាល័យ ។ រហូតដល់ម៉ោង ៣ និង៤៥ នាទី ល្ងាចថ្ងៃទី០៦ ខែមករា ជនដៃដល់ត្រូវបានមន្ត្រីប៉ូលិស តាមចាប់ខ្លួននៅក្នុងផ្ទះជួល នៅក្នុងភូមិត្រពាំងចឹក្សា សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង។ ជនដៃដល់មានឈ្មោះ យឹម ភារម្យ អាយុ ១៩ឆ្នាំ មានទីលំនៅភូមិសន្ទូច ឃុំស្រែថ្មី ស្រុករលាប្អៀរ បានសារភាពថា ខ្លួនខឹងនឹងជនរងគ្រោះ ដែលបានវ៉ៃគេ ៣-៤ដៃ ពេលចេញពីថ្នាក់រៀន ទើបគេទប់កំហឹងមិនបាន ៕
Source from: watphnom-news.com

Loading...
Loading...