ទោះបីគ្មានសង្ឃឹមថានឹងឈ្នះក្តីក៏មានយុវជន២នាក់ហើយដែលបញ្ចេញភាពក្លាហានហ៊ានប្តឹងបុរសខ្លាំងទៅតុលាការ
នៅថ្ងៃចន្ទ ទី០៦ ខែមករា ឆ្នាំ២០១៤នេះ មានយុវជនម្នាក់ឋិតក្នុងក្រុមបណ្តាញកូនខ្មែរអ្នកស្នេហាជាតិ ឈ្មោះ នាង សុឃុន អាយុ២៥ឆ្នាំ រស់នៅខណ្ឌមានជ័យ រាជធានីភ្នំពេញ បានដាក់ពាក្យប្តឹងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកណ្តាល និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដោយចោទប្រកាន់ពីបទកាត់ទឹកដីកម្ពុជាឲ្យទៅប្រទេសវៀតណាម និងក្លែងបន្លំឯកសារផ្តល់អត្តសញ្ញាណប័ណ្ណខ្មែរដល់ជនជាតិវៀតណាម មករស់នៅលើទឹកដីកម្ពុជាខុសច្បាប់ ។
គួររំលឹកជូនដែរថា កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១២ យុវជនគណបក្សសង្គ្រោះជាតិម្នាក់ឈ្មោះ សួង សុភ័ណ្ឌ អាយុ២៦ឆ្នាំ រស់នៅសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានដាក់ពាក្យប្តឹងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាបុរសខ្លាំង ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់ពីបទឃាតកម្មគិតទុកជាមុន ធ្វើឲ្យប្រជាពលរដ្ឋខ្មែរស្លាប់ចំនួន៣៥៣នាក់ និងរងរបួសជាង៤០០នាក់ នៅលើស្ពានកោះពេជ្រ នារាត្រីថ្ងៃទី២២ ខែវិច្ឆិក ឆ្នាំ២០១០ ។ ប៉ុន្តែបណ្តឹងនេះត្រូវបានតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញសម្រេចតម្កល់រឿងទុកឥតចាត់ការ ។ មានន័យថា យុវជន សួង សុភ័ណ្ឌ ចាញ់ក្តីបុរសខ្លាំងនៅតុលាការ ។
នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៣ យុវជន សួង សុភ័ណ្ឌ ដែលជាបេក្ខជនឈរឈ្មោះតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ នៅមណ្ឌលខេត្តប៉ៃលិនផងនោះ បានដាក់ពាក្យប្តឹងបុរសខ្លាំងមួយករណីទៀតទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដោយចោទប្រកាន់ពីបទក្លែងបន្លំឯកសារសាធារណៈ បណ្តោយឲ្យជនជាតិយួនចូលមករស់នៅខុសច្បាប់លើទឹកដីកម្ពុជា ។ ប៉ុន្តែពាក្យបណ្តឹងនេះត្រូវបានតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញសម្រេចតម្កល់រឿងទុកឥតចាត់ការ ដូចករណីពាក្យបណ្តឹងលើកមុនដែរ ។
មជ្ឈដ្ឋានអ្នកច្បាប់ឯករាជ្យនៅកម្ពុជា បានលើកឡើងថា ដោយសារស្ថាប័នតុលាការកម្ពុជាមិនឯករាជ្យ និងជាឧបករណ៍របស់គណបក្សប្រជាជនកម្ពុជា និងរបស់បុរសខ្លាំងនោះ គឺពាក្យបណ្តឹងរបស់យុវជន នាង សុឃុន ដែលប្តឹងប្រឆាំងនឹងបុរសខ្លាំង ក៏អាចត្រូវបានតុលាការសម្រេចតម្កល់រឿងទុកឥតចាត់ការដូចករណីយុវជន សួង សុភ័ណ្ឌ ប្តឹងបុរសខ្លាំង ដូចគ្នា ។
រួមសេចក្តីមក ទោះបីគ្មានសង្ឃឹមថានឹងឈ្នះក្តីក៏ដោយ ក៏មានយុវជនពីរនាក់ហើយដែលបញ្ចេញសេចក្តីក្លាហានហ៊ានប្តឹងប្រឆាំងនឹងបុរសខ្លាំងទៅតុលាការ ហើយគេមិនអាចទស្សន៍ទាយជាមុនបានថា តើបុរសខ្លាំងនឹងប្តឹងបកប្រឆាំងមកលើយុវជនជាដើមបណ្តឹងវិញ ស្របតាមបញ្ញត្តិមាត្រា១៤១ និងមាត្រា១៤២នៃក្រមនីតិវិធីព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ឬយ៉ាងណានោះទេ ៕
Source from: www.dtn7.com

Loading...
Loading...