ក្រុមចោរប្រដាប់អាវុធតាមវាយ និងប្លន់យកម៉ូតូបុរសម្នាក់ នៅមុខវិទ្យាល័យបឹងត្របែក
រាជធានីភ្នំពេញ ៖ បុរសម្នាក់ពេលកំពុង ជិះម៉ូតូនៅតាមផ្លូវ ត្រូវជនសង្ស័យ ៤ នាក់ មធ្យោបាយដោយម៉ូតូពីរគ្រឿង បានធ្វើសកម្មភាពវាយ និងប្លន់យកម៉ូតូ បានដោយសុវត្ថិភាព កាលពីវេលាម៉ោង ២១និង០០ នាទីយប់ថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៤ ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន នៅទល់មុខវិទ្យាល័យបឹងត្របែក។
មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ ជិះម៉ូតូម៉ាកឌ្រីមសង់សេ125 មួយគ្រឿង ពណ៌ខ្មៅ មិនចាំស្លាកលេខ បានធ្វើដំណើរតាម បណ្ដោយផ្លូវមុនីវង្ស ក្នុងទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចកើតហេតុ ក៏ឃើញជនសង្ស័យ៤ នាក់ ជិះម៉ូតូម៉ាកឌ្រីមសង់សេ125 ពីរគ្រឿង ហើយក៏ដេញតាមជនរងគ្រោះឲ្យឈប់ ក៏ប៉ុន្តែជនរងគ្រោះមិនព្រមឈប់ ក៏ត្រូវជនសង្ស័យតាមធាក់ ម៉ូតូឲ្យដួល ហើយស្ទុះទៅវាយ ជនរងគ្រោះបណ្តាលឲ្យ ភ័យស្លន់ស្លោរត់ចោលម៉ូតូ។
បន្ទាប់មកក្រុមចោរ ប្រដាប់ដោយអាវុធទាំងនេះ បានយកម៉ូតូជនរងគ្រោះ ជិះគេចខ្លួនបាត់ស្រមោលតែម្តង។ យ៉ាងណាក៏ដោយ សមត្ថកិច្ចនៅមិនទាន់ បានបញ្ជាក់ពីអត្តសញ្ញាណ និងប្រភពព័ត៌មាន ឲ្យបានច្បាស់ ចំពោះករណីប្លន់នេះ នៅឡើយទេ ព្រោះសមត្ថកិច្ចកំពុង សាកសួរជនរងគ្រោះ ដើម្បីស្វែងរក តម្រុយជនល្មើស៕
Source from: watphnom-news.com

Loading...
Loading...