បណ្តឹងប្រឆាំងនឹងមេដឹកនាំគណបក្សសង្គ្រោះជាតិអាចជាសម្ពាធឲ្យតំណាងរាស្ត្រជាប់ឆ្នោតបក្សប្រឆាំងវិលចូលកាន់តំណែងក្នុងរដ្ឋសភាឬទេ ?
សភាគណបក្សប្រជាជនកម្ពុជាដែលមានចំនួនត្រឹម៦៨រូប បានបើកសម័យប្រជុំលើកដំបូងរបស់ខ្លួនក្រោមព្រះរាជាធិបតីភាពរបស់អង្គព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៣ ដោយគ្មានវត្តមានរបស់បេក្ខជនជាប់ឆ្នោតជាតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិចំនួន៥៥រូបរហូតមកទល់បច្ចុប្បន្ន គឺមានរយៈពេលជា៣ខែហើយ ខណៈរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលនៃព្រះរាជាណាចក្រកម្ពុជា ត្រង់មាត្រា៧៦បានចែងថា "រដ្ឋសភាមានសមាជិកជាតំណាងរាស្ត្រយ៉ាងតិច១២០រូប ។ " និងច្បាប់ស្តីពីការកំណត់ចំនួនអាសនៈរដ្ឋសភាសម្រាប់នីតិកាលទី៥ ដែលប្រកាសឲ្យប្រើដោយព្រះរាជក្រមលេខនស/រកម/០១១២/០០៣ ចុះថ្ងៃទី១៤ ខែមករា ឆ្នាំ២០១២ ត្រង់មាត្រា១បានចែងថា "ចំនួនអាសនៈរដ្ឋសភាសម្រាប់នីតិកាលទី៥ ត្រូវកំណត់ត្រឹម១២៣ ។ " ។
បេក្ខជនជាប់ឆ្នោតជាតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិចំនួន៥៥រូប មិនត្រឹមតែមិនបានធ្វើសច្ចាប្រណិធានចូលកាន់តំណែងជាមួយតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជាចំនួន៦៨រូបប៉ុណ្ណោះទេ គឺគណបក្សសង្គ្រោះជាតិបានដឹកនាំអ្នកគាំទ្រគណបក្សរបស់ខ្លួនធ្វើមហាបាតុកម្មអស់រយៈពេលជាច្រើនឆ្នាំមកហើយ ដើម្បីទាមទារឲ្យមានការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៥សាជាថ្មីឡើងវិញទៀតផង ដោយសារគណបក្សប្រឆាំងដ៏ធំតែមួយគត់នៅកម្ពុជានេះ ចោទប្រកាន់ថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៥ កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣កន្លងមក មានភាពមិនប្រក្រតីយ៉ាងធ្ងន់ធ្ងរ ។ ក្រៅពីកម្មវត្ថុនៃការទាមទារឲ្យមានការបោះឆ្នោតសាជាថ្មីឡើងវិញនោះ គឺសម្រែកស្នើសុំថា "ហ៊ុន សែន អើយ ចុះចេញទៅ!!!" បានលាន់ឮសូរកងរំពងកក្រើករាជធានីភ្នំពេញ ចេញពីមាត់របស់ក្រុមបាតុករដឹកនាំដោយគណបក្សសង្គ្រោះជាតិរាប់ម៉ឺន រាប់សែននាក់ និងនៅក្នុងបណ្តាញសង្គម Facebook ដ៏ពេញនិយមនៅកម្ពុជា ។
សន្ទុះនៃការធ្វើមហាបាតុកម្មរបស់គណបក្សសង្គ្រោះជាតិដឹកនាំដោយឯកឧត្តម សម រង្ស៊ី និងឯកឧត្តម កឹម សុខា ជាប្រធាន និងអនុប្រធានគណបក្សសង្គ្រោះជាតិ បានជំរុញឲ្យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អនុប្រធានគណបក្សប្រជាជនកម្ពុជា អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកណ្តាល និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ហៅបុរសខ្លាំងនៃកម្ពុជា បញ្ចេញនូវប្រតិកម្មយ៉ាងខ្លាំង ព្រមទាំងបានគំរាមប្រើ "បាតដៃទី៣" របស់ខ្លួនទៀតផង ។
នៅទីបំផុត កាលពីថ្ងៃទី០២-០៣ ខែមករា ឆ្នាំ២០១៤កន្លងទៅថ្មីៗនេះ ក៏លេចចេញមានអំពើហិង្សា ដោយសារកងកម្លាំងសមត្ថកិច្ចប្រដាប់អាវុធ បានបង្ក្រាបយ៉ាងសាហាវទៅលើតំណាងសហជីព កម្មករ កម្មការិនី បណ្តាលឲ្យពលរដ្ឋស៊ីវិលស្លាប់ និងរបួសជាច្រើននាក់ និងលើសពីនេះទៀត មេដឹកនាំគណបក្សសង្គ្រោះជាតិ គឺឯកឧត្តម សម រង្ស៊ី និងឯកឧត្តម កឹម សុខា ត្រូវបានអាជ្ញាធរដាក់ពាក្យប្តឹងទៅស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់ពីបទ ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋ ឬប្រព្រឹត្តអំពើបង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ហើយត្រូវបានតំណាងអយ្យការកោះឲ្យចូលខ្លួនទៅបំភ្លឺតុលាការនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៤ខាងមុខ ។
អនុលោមតាមបញ្ញត្តិមាត្រា៤៩៥នៃក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ប្រសិនបើតុលាការដែលជាស្ថាប័នត្រូវបានវាយតម្លៃថា ជាស្ថាប័នមិនឯករាជ្យនោះរកឃើញថា ឯកឧត្តម សម រង្ស៊ី និងឯកឧត្តម កឹម សុខា ពិតជាមានពិរុទ្ធពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋ ឬប្រព្រឹត្តអំពើបង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គមមែន គឺនឹងត្រូវប្រឈមនឹងការផ្តន្ទាទោសដាក់ពន្ធនាគារពី៦ខែទៅ២ឆ្នាំ និងពិន័យជាប្រាក់ពី១លានរៀលទៅ៤លានរៀល ។
មជ្ឈដ្ឋានអ្នកច្បាប់ និងអ្នកវិភាគកិច្ចការសង្គមនៅកម្ពុជា បានលើកឡើងថា បណ្តឹងប្រឆាំងនឹងមេដឹកនាំគណបក្សសង្គ្រោះជាតិដោយអាជ្ញាធរទៅស្ថាប័នតុលាការ ដែលជាស្ថាប័នមិនឯករាជ្យ និងជាឧបករណ៍របស់គណបក្សនយោបាយកាន់អំណាចនោះ គឺអាចក្លាយជាសម្ពាធដ៏ធ្ងន់ធ្ងរមួយ ដើម្បីឲ្យតំណាងរាស្ត្រចាប់ឆ្នោតរបស់បក្សប្រឆាំងវិលចូលធ្វើសច្ចាប្រណិធានកាន់មុខតំណែងក្នុងរដ្ឋសភាជាមួយគណបក្សប្រជាជនកម្ពុជាទាំងបង្ខំចិត្តបាន ទោះបីមិនចង់ក៏ដោយ ៕
Source from: www.dtn7.com

Loading...
Loading...