លោក សម រង្ស៊ី មានយុទ្ធវិធីទាមទារឲ្យកែទម្រង់ និងរៀបចំបោះឆ្នោតឡើងវិញដោយសន្តិវិធី
រាជធានីភ្នំពេញ ៖ ក្នុងពិធីបង្សុកូល ឧទ្ទិសកុសលដល់ វិញ្ញាណក្ខន្ធកម្មករ ដែលបានស្លាប់ បាត់បង់ជីវិត ដោយសារការបង្ក្រាប ដោយហិង្សា នៅស្នាក់ការគណបក្ស សង្គ្រោះជាតិ នៅព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០១៤ នេះលោក សម រង្ស៊ីបានប្រកាសថា នឹងមិនចរចាណាមួយទេ ប្រសិនបើលោក ហ៊ុន សែន នៅតែប្រើ អំពើហិង្សា វាយដំ សម្លាប់ប្រជាពលរដ្ឋ ដែលទាមទារ សិទ្ធិសេរីភាពទៀតនោះ។
លោក សម រង្ស៊ី បានបញ្ជាក់ថា ទន្ទឹមនឹងលោកមិនចរចានេះ លោកនឹងប្រើវិធីសាស្ត្រផ្សេង ទាមទារឲ្យមានការធ្វើ កំណែទម្រង់ការបោះឆ្នោត និងរៀបចំបោះឆ្នោត ឡើងវិញដោយសន្តិវិធី។ អំពើហិង្សារវាងសមត្ថកិច្ច និងកម្មករ នៅថ្ងៃទី២ និងថ្ងៃទី៣ ខែកមរា បានណ្តាលឲ្យកម្មករ យ៉ាងហោចណាស់ ៥នាក់ស្លាប់ ជាង ២០នាក់ត្រូវចាប់ខ្លួន និងប្រមាណ ៤០នាក់រងរបួស។
នៅក្នុងសន្និសីទរយៈពេល ប្រហែលជា ២០នាទីនាព្រឹកថ្ងៃអាទិត្យ ទី០៥ ខែមករា ឆ្នាំ២០១៤ ក្រោយពីប្រារព្ធពិធី សូត្រមន្តបង្សុកូល ថ្នាក់ដឹកនាំ គណបក្ស សង្គ្រោះជាតិ បានបង្ហាញជំហរ យ៉ាងម៉ឺងម៉ាត់ថា មិន ខ្លាចញញើត នឹងដីកាកោះ របស់តុលាការនោះឡើយ ហើយគ្រោងចូលបំភ្លឺ តាមពេលកំណត់។ លោក កឹម សុខា បានបញ្ជាក់ទៀតថា រូបលោក និងលោក សម រង្ស៊ី ប្រធានគណបក្ស សង្គ្រោះជាតិ គ្មានផែនការ ចេញពីកម្ពុជា នាពេលនេះឡើយ។
លោក កឹម សុខា បានហៅការចេញដីកា កោះហៅរូបលោក និងលោក សម រង្ស៊ី របស់សាលាដំបូង រាជធានីភ្នំពេញ ថាជាល្បិចដដែលៗ របស់គណបក្ស ប្រជាជនកម្ពុជា ក្នុងការគាបសង្កត់ ទៅលើរូបលោក។ លោក កឹម សុខា បានបញ្ជាក់ថា «អ្វីដែលយើងអត់ធ្វើខុស យើងអត់ខ្លាច។ ខ្ញុំនឹងចូលទៅបំភ្លឺ នៅតុលាការ តាមពេលកំណត់»។ លោក កឹម សុខា ក៏បានអំពាវនាវ ឲ្យរាជរដ្ឋាភិបាល បញ្ឈប់អំពើហិង្សា ទៅលើក្រុមអ្នកតវ៉ា និងទាមទារឲ្យមានការ ដោះលែងក្រុមអ្នកតវ៉ា ទាំងអស់មកវិញ។
ទោះជាយ៉ាងណា ក្រោយអំពើហិង្សា បានកើតឡើង មន្ត្រីរដ្ឋាភិបាល បានអំពាវនាវឲ្យ គណបក្ស សង្គ្រោះជាតិ ចូលតុចរចា ជាមួយគណបក្ស ប្រជាជនកម្ពុជា ដើម្បីបញ្ចប់ វិបត្តិនយោបាយ ក៏ដូចជា បញ្ចប់ វិបត្តិផ្សេងៗទៀត។ មន្ត្រីរដ្ឋាភិបាលបានបន្ទោសថា ហិង្សាកើតឡើង ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ មិនមានឆន្ទៈ ចរចាបញ្ចប់បញ្ហា ហើយដឹកបាតុកម្ម បង្កអសន្តិសុខក្នុងសង្គម៕
Source from: watphnom-news.com

Loading...
Loading...