ក្រុមចោរដឹងរឿងផ្ទៃក្នុង គាស់ទូរដែកក្នុងរោងចក្រ លួចលុយបានត្រឹមតែ ២.៦០០ដុល្លារ
ខេត្តកណ្តាល ៖ ក្រុមកម្មករ រោងចក្រកាត់ដេរយីហោ ហ្គោលហ្វេម ស្ថិតនៅតាមផ្លូវជាតិលេខ២១A ក្នុងភូមិកំពង់ព្រីង ឃុំសិត្បូ ស្រុកស្អាង ខេត្តកណ្តាល ជាច្រើនរយនាក់ កាលពីព្រឹកថ្ងៃទី០៩ ខែមករា បាននាំគ្នាតវ៉ាបន្ទាប់ពី ថៅកែរោងចក្របានចោទប្រកាន់ថា ក្រុមកម្មករទាំងនោះ បានចូលលួចលុយ អស់ជាច្រើន ប៉ុន្តែសមត្ថកិច្ចបានបញ្ជាក់ថា លុយដែលបាត់មានត្រឹមតែ ២៦០០ដុល្លារ ប៉ុណ្ណោះ។
រោងចក្រកាត់ដេរ ហ្គោលហ្វេម មានក្រុមសន្តិសុខជាច្រើននាក់ យាមការពារទាំងថ្ងៃទាំងយប់ ត្រូវបានជនមិនស្គាល់មុខ លួចចូលទៅក្នុង ការិយាល័យគណនេយ្យ ធ្វើសកម្មភាពគាស់ទូដែក លួចយកលុយ បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ៧ព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០១៤ ដែលគេសង្ស័យថា ខ្មោចក្នុងជាអ្នកឲ្យដៃខ្មោចក្រៅ ទើបអ្វីៗអាច ដំណើរការដោយរលូនល្អ។
អាជ្ញាធរនិងសមត្ថកិច្ច បានចុះទៅដល់ កន្លែងកើតហេតុ ដើម្បីធ្វើកោសល្យវិច័យ ដើម្បីវែកមុខជនសង្ស័យ ហើយក្រោយពេលត្រួតពិនិត្យ បានរកឃើញថា ករណីនេះពុំមានបាត់បង់ប្រាក់អ្វី ធំដុំនោះទេ ព្រោះជនសង្ស័យ ធ្វើសកម្មភាពគាស់ទូដែក ដាក់លុយមិនបានសម្រេច ។ ប្រាក់ដែលបាត់បង់ មានចំនួន ២.៦០០ដុល្លារ ដែលបុគ្គលិកគណនេយ្យ និងជាអ្នកកាន់ប្រាក់ក្រុមហ៊ុន មានឈ្មោះ ទីង ប៉ចៀន ភេទស្រី អាយុ ៣១ឆ្នាំ ជនជាតិចិន បានទុកនៅក្នុងថតតុ ធ្វើការរបស់ខ្លួន។
សមត្ថកិច្ចបានសន្និដ្ឋានថា ជនសង្ស័យមិនមាន គ្នាច្រើនោះទេ អាចម្នាក់ឯង ឬក៏ ២នាក់ប៉ុណ្ណោះ ហើយជនសង្ស័យ ហាក់បីដូចជាដឹង ពីទីតាំងនៅក្នុងការិយាល័យច្បាស់ណាស់ គាស់តែថតតុ ដែលមានលុយ ចំណែកឯថតតុ ដែលគ្មានលុយ ពុំត្រូវបានគាស់ ឬក៏រើកកាយនោះទេ ដោយធ្វើសកម្មភាព ក្នុងចន្លោះម៉ោង ១២រំលោងអធ្រាត្រ ទៅដល់ម៉ោង ៣ទៀបភ្លឺថ្ងៃទី៩ ខែមករា ឆ្នាំ២០១៤ ។ សមត្ថកិច្ចបានដកហូត វត្ថុតាងមួយចំនួនមាន សោរចាក់កង់មួយខ្សែ ,កន្ត្រៃកាត់ដែកតូចមួយ និងភួយពណ៌ផ្កាឈូក ចំនួនមួយ ដែលជនសង្ស័យបានបន្សល់ទុក នៅកន្លែងកើតហេតុ ៕
Source from: watphnom-news.com

Loading...
Loading...