សម្រែក”ហ៊ុន សែន អើយ ចុះចេញទៅ !” ដែលធ្លាប់ឮកងរំពងតាមដងផ្លូវ ឥឡូវឃើញសល់តែក្នុង Facebook
តាមរយៈមហាបាតុកម្មរបស់គណបក្សសង្គ្រោះជាតិនៅទីលានប្រជាធិបតេយ្យ និងនៅតាមដងផ្លូវនានាក្នុងរាជធានីភ្នំពេញ គឺគេធ្លាប់បានឮសូរសំឡេងកងរំពងចេញពីមាត់ក្រុមបាតុកររាប់ម៉ឺន រាប់សែននាក់ថា "ហ៊ុន សែន អើយ ចុះចេញទៅ!" កក្រើកភ្នំពេញជារាជធានីនៃព្រះរាជាណាចក្រកម្ពុជា ប៉ុន្តែឥឡូវនេះបែរជាស្ងប់ស្ងាត់បាត់មួយរយៈ បន្ទាប់ពីអាជ្ញាធរប្រើកម្លាំងបាយបណ្តេញនិងបោសសម្អាតក្រុមបាតុករចេញពីទីលានប្រជាធិបតេយ្យ និងមិនអនុញ្ញាតឲ្យគណបក្សសង្គ្រោះជាតិបន្តធ្វើបាតុកម្មតទៅទៀតចាប់ពីថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៤កន្លងមក ។
បច្ចុប្បន្នពាក្យថា "ហ៊ុន សែន អើយចុះចេញទៅ !" គឺត្រូវបានអ្នកលេង Facebook ឃើញសល់តែនៅក្នុងបណ្តាញព័ត៌មានសង្គម Facebook ដ៏ពេញនិយមនៅកម្ពុជាប៉ុណ្ណោះ ដែលមាន Group មួយចំនួនដូចជា Group ឈ្មោះព័ត៌មានសង្គម "Social News" មានសមាជិកជិកចំនួន៩០.១៥៥នាក់ បានរចនាស្លាកពាក្យថា "ហ៊ុន សែនអើយចុះចេញទៅ!"ដាក់ប្រើប្រាស់ជាCoverតែម្តង។
ក្រុមអ្នកលេង Facebook បានឲ្យដឹងថា តាមការកត់សម្គាល់ជាក់ស្តែងនៅក្នុងបណ្តាញព័ត៌មានសង្គម Facebook កម្ពុជា គឺអ្នករិះគន់និងជេរទៅលើថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សនយោបាយកាន់កាប់អំណាចដុះស្លែនៅកម្ពុជា ជាពិសេសតួអង្គសម្តេចអគ្គមហាសេនាបតីតេជោ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ហ៊ុន សែន ជាបុរសខ្លាំងនៃកម្ពុជា ហាក់មានចំនួនច្រើនលើសលប់ផុសផុលជាងអ្នករិះគន់ ឬជេរទៅលើថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ខណៈដែលបណ្តាញព័ត៌មានផ្សេងៗទៀតក្រៅពីបណ្តាញព័ត៌មានសង្គម Facebook ដូចជា ទូរទស្សន៍ វិទ្យុ សារព័ត៌មាន…ត្រូវបានកាន់កាប់ភាគច្រើនលើសលប់ដោយគណបក្សនយោបាយគ្រប់គ្រងអំណាច ដែលផ្សព្វផ្សាយតែអំពីសមិទ្ធផល និងដង្ហែគាំទ្រថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ដើម្បីទទួលបានផលប្រយោជន៍រៀងៗខ្លួនប៉ុណ្ណោះ ៕
Source from: www.dtn7.com

Loading...
Loading...