បញ្ហាក្រពះឃ្លានបង្រៀនមិនកើត នាំឲ្យគ្រូបង្រៀនបន្តធ្វើកូដកម្ម ទាមទារដំឡើងប្រាក់ខែ
រាជធានីភ្នំពេញ ៖ ចាប់តាំងពីថ្ងៃទី០៦ ខែមករា មកម្ល៉េះ គ្រូបង្រៀននៅតាម សាលារដ្ឋមួយចំនួន បាននាំគ្នាធ្វើកូដកម្ម មិនចូលបង្រៀន ហើយសិស្សានុសិស្ស ក៏បាននាំគ្នាលើកបដា នៅក្នុងថ្នាក់រៀន ឬនាំគ្នាចងបដា ជួយទាមទារឲ្យមានការដំឡើង ប្រាក់ខែជូនគ្រូបង្រៀន ចំនួន ១លានរៀលផងដែរ ដើម្បីឲ្យលោកគ្រូ អ្នកគ្រូ មានជីវភាពរស់នៅ ធូរធារនិងថ្លៃថ្នូរ បញ្ឈប់ការលក់នំក្នុងសាលារៀន ឬការកោសរូស ទារលុយពីសិស្ស ដែលជាអំពើមិនថ្លៃថ្នូរ ដូចដែលលោកគ្រូ អ្នកគ្រូមួយចំនួន បានលើកឡើងថា ក្រពះឃ្លានបង្រៀនមិនកើត ឬប្រាក់ខែតិចតួចពេក សុខចិត្តប្រព្រឹត្ត អំពើមិនថ្លៃថ្នូរ ដែលសង្គមស្អប់ខ្ពើម ។
នៅថ្ងៃទី០៨ ខែមករា នេះលោកគ្រូ អ្នកគ្រូ នៅតាមសាលារដ្ឋមួយចំនួន នៅតែបន្តធ្វើកូដកម្ម មិនបង្រៀនសិស្សនោះទេ ក្នុងគោលដៅទាមទារ ឲ្យមានការដំឡើងប្រាក់ខែ ចំនួន ១លានរៀល ប៉ុន្តែរូបភាពនៃការ ធ្វើកូដកម្មមានផ្សេងៗគ្នា ដូចជានៅសាលាមួយចំនួន ក្នុងរាជធានីភ្នំពេញ លោកគ្រូ អ្នកគ្រូ បានអញ្ជើញទៅសាលារៀន ប៉ុន្តែបាននាំគ្នាអង្គុយ នៅក្នុងថ្នាក់ ដោយមិនបង្រៀន ហើយនាំសិស្សជជែក ពីនេះពីនោះ។ លោកគ្រូ អ្នកគ្រូ ខ្លះទៀត បានធ្វើដំណើរទៅកាន់ សាលារៀន ប៉ុន្តែមិនបានចូលថ្នាក់ បង្រៀនសិស្សនោះទេ។
លោកគ្រូ អ្នកគ្រូ បានជជែកពិភាក្សាគ្នា អំពីបញ្ហាទំនិញឡើងថ្លៃ និងភាពរអ៊ូរទាំរបស់មាតា បិតា សិស្សានុសិស្ស ដែលមិនមានប្រាក់ បង់ឲ្យគ្រូបង្រៀន ដូច្នេះជីវភាពរបស់ពួកគាត់ កាន់តែធ្លាក់ចុះដុនដាប ដោយសារតែប្រាក់ខែ តិចតូច បើកមិនបានទាន់ពេលវេលា និងកោសរូសសិស្ស ឲ្យបង់លុយលែងបាន។ មួយរយះចុងក្រោយនេះ ជីវភាពរបស់គ្រូបង្រៀន លំបាកលំបិន កាន់តែខ្លាំងឡើង ហើយលោកគ្រូ អ្នកគ្រូ ខ្លះទៀតបាក់ទឹកចិត្ត លែងចង់មកបង្រៀន ងាកទៅប្រកបរបរផ្សេងៗ ដើម្បីរកប្រាក់ មកផ្គត់ផ្គង់ជីវភាព។
លោកគ្រូ អ្នកគ្រូ ជាច្រើនបានបញ្ជាក់ យ៉ាងច្បាស់ថា បញ្ហាប្រាក់ខែតិចតួច ដែលមិនមានតុល្យភាព ទៅនឹងទំនិញដែលចេះតែ ឡើងថ្លៃយ៉ាងគំហុក ប៉ះពាល់ដល់ ជីវភាពរបស់គ្រូបង្រៀន និងសិស្សានុសិស្សផងដែរ ពីព្រោះថា ប្រសិនបើគ្រូបង្រៀន មិនមានប្រាក់គ្រប់គ្រាន់ សម្រាប់ទ្រទ្រង់ជីវភាព គ្រូបង្រៀនត្រូវបង្ខំចិត្ត បង្កើតមុខរបរទី២ នាំឲ្យគុណភាពនៃការអប់រំ កាន់តែធ្លាក់ចុះ ដូច្នេះការនាំគ្នាធ្វើកូដកម្ម ដើម្បីទាមទារប្រាក់ខែ ឲ្យបាន ១លានរៀល របស់លោកគ្រូ អ្នកគ្រូ នៅពេលនេះគឺជា បញ្ហាក្រពះសុទ្ធសាធ មិនមែនធ្វើឡើងដោយការញុះញង់ ការបង្ខិតបង្ខំពីគណបក្សនយោបាយ ណាមួយនោះទេ៕
Source from: watphnom-news.com

Loading...
Loading...