ដោយមិនខ្វល់ទៅនឹងភាពមិនប្រក្រតីនៃការបោះឆ្នោតតាមការចោទរបស់បក្សប្រឆាំង ក្រសួងការពារជាតិប្រកាសការពារដាច់ខាតនូវលទ្ធផលការបោះឆ្នោត
ដោយមិនខ្វល់ទៅនឹងការលើកឡើងតាំងពីប្រកាសលទ្ធផលឆ្នោតបណ្តោះអាសន្ន អំពីភាពមិនប្រក្រតីនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៥ កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣កន្លងមក តាមការចោទប្រកាន់របស់គណបក្សសង្គ្រោះជាតិ ដែលជាគណបក្សនយោបាយប្រឆាំងដ៏ធំតែមួយគត់នៅកម្ពុជានោះ នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៤នេះ ក្រសួងការពារជាតិដែលមានឯកឧត្តម នាយឧត្តមសេនីយ៍ផ្កាយមាស៤ ទៀ បាញ់ ជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី ព្រមទាំងជាសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានមួយមានចំនួន៦ចំណុច ដោយអះអាងថា ប្តេជ្ញាការពារជាតិ សាសនា ព្រះមហាក្សត្រ និងការពារដាច់ខាតរដ្ឋធម្មនុញ្ញ ព្រមជាមួយលទ្ធផលនៃការបោះឆ្នោត ដែលក្រសួងការពារជាតិយល់ឃើញថា ជាលទ្ធផលកើតចេញពីឆន្ទៈរបស់ប្រជាពលរដ្ឋកម្ពុជាភាគច្រើនដាច់ខាត ទោះបីក្នុងរូបភាពណាក៏ដោយ ជាពិសេសគាំទ្រមគ្គុទេសភាពរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលនៅក្នុងអាណត្តិទី៥នេះ ។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិ បានធ្វើការចោទប្រកាន់ថា មានសកម្មភាពញុះញង់ និងរំខានរបស់គណបក្សនយោបាយ ក្រុមជនឱកាសនិយម រួមទាំងព្រះសង្ឃមួយចំនួន ដែលធ្វើឲ្យប៉ះពាល់ដល់ភាពសុខក្សេមក្សាន្តរបស់មហាជន ដំណើរការប្រក្រតីភាពរបស់រដ្ឋ និងកិត្តិយសជាតិ ជាពិសេសប៉ះពាល់យ៉ាងខ្លាំងដល់កងយោធពលខេមរភូមិន្ទ ក្នុងការប្រមាថ វាយប្រហារ និងបំភ័ន្តមតិសាធារណៈ ដែលបណ្តាលឲ្យប៉ះពាល់ដល់ស្មារតី និងឆន្ទៈប្រតិបត្តិតាមបទបញ្ជា ព្រមទាំងសេចក្តីថ្លៃថ្នូរនៃផលបម្រើ និងការពារប្រជាជាតិរបស់កងយោធពលខេមរភូមិន្ទ ។ ការញុះញង់ និងបំភ្លៃបានផ្សព្វផ្សាយជាសាធារណៈថា "កងទ័ពលើកគ្នាមកប្លន់សន្លឹកឆ្នោត" "កងទ័ព និងមន្ត្រីរាជការបោះឆ្នោតឲ្យគណបក្សសង្គ្រោះជាតិ៧០%" និងបានញុះញង់កងទ័ព និងមន្ត្រីរាជការមិនឲ្យបំពេញភារកិច្ច នេះជាអំពើល្មើសនឹងច្បាប់ដែលបានចែងជាធរមាន ដែលយើងពុំអាចទទួលយកបាន ។
ការចេញសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិដូចនេះ គឺបានកើតឡើងក្រោយពីមានព័ត៌មានចោទប្រកាន់ថា កងកម្លាំងប្រដាប់អាវុធនៃកងយោធពលខេមរភូមិន្ទបានបង្ក្រាបទៅលើថ្នាក់ដឹកនាំសហជីព សកម្មជនសហជីព និងកម្មករ កម្មការិនីរោងចក្រយ៉ាងជីង ឋិតក្នុងខណ្ឌពោធិ័៍សែនជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី០២ ខែមករា ឆ្នាំ២០១៤ម្សិលមិញ បណ្តាលឲ្យថ្នាក់ដឹកនាំសហជីព សកម្មជនសហជីព និងកម្មករ កម្មការិនីដែលធ្វើកូដកម្ម បាតុកម្ម ទាមទារដំឡើងប្រាក់ឈ្នួលអប្បបរមា ទទួលរងរបួសជាច្រើននាក់រួចមក និងលើសពីនេះទៀត កងកម្លាំងប្រដាប់អាវុធចម្រុះក៏បានធ្វើសកម្មភាពបង្ក្រាបយ៉ាងសាហាវ ដោយបាញ់គ្រាប់កាំភ្លើងពិតទៅលើក្រុមកម្មករ កម្មការិនី នៅសួនឧស្សាហកម្មកាណាឌីយ៉ា វេលាព្រឹកនាថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៤នេះ បណ្តាលឲ្យមានមនុស្សស្លាប់ និងរងរបួសជាច្រើននាក់ ។
សូមបញ្ជាក់ជូនថា ស្ថានភាពនយោបាយកម្ពុជាបច្ចុប្បន្ន គឺគណបក្សសង្គ្រោះជាតិបាននិងកំពុងដឹកនាំអ្នកគាំទ្រគណបក្សរបស់ខ្លួនធ្វើបាតុកម្ម ដើម្បីទាមទារឲ្យមានការបោះឆ្នោតសាជាថ្មីឡើងវិញ ដោយគណបក្សប្រឆាំងមួយនេះយល់ឃើញថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៥កន្លងមកមានភាពមិនប្រក្រតី ។ ជាមួយនឹងកម្មវត្ថុនៃការធ្វើបាតុកម្មរបស់គណបក្សសង្គ្រោះជាតិ ដែលទាមទារឲ្យមានការបោះឆ្នោតសាជាថ្មីឡើងវិញនោះ ក៏លេចចេញមានចលនាស្នើសុំឲ្យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាបុរសខ្លាំងនៃកម្ពុជាចុះចេញពីមុខតំណែងជានាយករដ្ឋមន្ត្រី ក្រោមសំឡេង"ហ៊ុន សែន អើយ ចុះចេញទៅ !!!" ។
ទោះយ៉ាងណាក៏ដោយ មជ្ឈដ្ឋានអ្នកតាមដាននយោបាយនៅកម្ពុជា បានលើកឡើងថា ស្ថាប័នកងយោធពលខេមរភូមិន្ទនៃព្រះរាជាណាចក្រកម្ពុជា មិនមានលក្ខណៈឯករាជ្យទេ ដែលកម្លាំងពិតប្រាកដគឺឋិតនៅក្រោមការក្តោបក្តាប់ដោយផ្ទាល់សឹងតែម្នាក់ឯងរបស់បុរសខ្លាំង ។ ដូច្នេះ កងយោធពលខេមរភូមិន្ទ គឺត្រូវតែចេញមុខការពារគណបក្សនយោបាយកាន់កាប់អំណាចផង ការពារបុរសខ្លាំងដែលផ្តល់ផលប្រយោជន៍ឲ្យខ្លួនផង ដែលនេះគឺជារឿងធម្មតាបំផុត ៕
Source from: www.dtn7.com

Loading...
Loading...