សិស្សស្រីក្រមុំម្នាក់សិក្សានៅវិទ្យាល័យជាស៊ីមត្បែងមានជ័យ ត្រូវបានក្មេងប្រុសស្ទាវបាញ់គំរាមចាប់ពង្រត់យកទៅបាត់
ប្រភពព័ត៌មានពីខេត្តព្រះវិហារបានឲ្យដឹងថា កាលពីវេលាល្ងាចនាថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៤ម្សិលមិញនេះ សិស្សស្រីក្រមុំម្នាក់សិក្សានៅវិទ្យាល័យជា ស៊ីម ត្បែងមានជ័យ ឋិតក្នុងខេត្តព្រះវិហារ ត្រូវបានក្មេងប្រុសស្ទាវម្នាក់ដែលតាមញ៉ែនាងជាយូរមកហើយ ធ្វើសកម្មភាពបាញ់គំរាម និងចាប់ពង្រត់ដឹកតាមទោចក្រយានយន្តមួយគ្រឿងយកទៅបាត់ រហូតដល់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៤នេះ សមត្ថកិច្ចមិនទាន់ស្រាវជ្រាវរកឃើញនៅឡើយ ។
សិស្សស្រីក្រមុំរងគ្រោះដែលជនសង្ស័យបាញ់គំរាមចាប់ពង្រត់យកទៅបាត់ដំណឹងសូន្យឈឹងមិនដឹងយកទៅលាក់ទុកនៅទីណានោះ មានឈ្មោះ រ.វ អាយុ១៨ឆ្នាំ ជាកូនស្រីរបស់អ្នកប្រកបមុខរបរសេវាកម្មលាងរថយន្តនៅក្បែរផ្សារកំពង់ប្រណាក់ ហើយនាងកំពុងសិក្សានៅវិទ្យាល័យជា ស៊ីម ត្បែងមានជ័យ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅវេលាល្ងាចនាថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៤ ជាថ្ងៃកើតហេតុនោះ នារីរងគ្រោះបានជិះទោចក្រយានយន្តជាមួយមិត្តភក្តិ២នាក់ផ្សេងទៀត ។ លុះពេលមកដល់កន្លែងកើតហេតុ ជនសង្ស័យបានជិះទោចក្រយានយន្តមួយគ្រឿងម៉ាកស្មាស់ ពណ៌ស មិនចាំស្លាកលេខ មិនដឹងជាជិះតាមពីក្រោយតាំងពីពេលណាមកទេ ក៏បានដកកាំភ្លើងខ្លីបាញ់ភ្ជុចដីផូងៗគំរាមនារីរងគ្រោះឲ្យឈប់ និងចាប់នារីរងគ្រោះដឹកតាមទោចក្រយានយន្តយកទៅបាត់តែម្តង បន្ទាប់ពីមានការប្រតាយប្រតប់គ្នាខ្លះៗរួចមក ។
មិនទាន់មានប្រភពព័ត៌មានណាមួយទម្លាយឲ្យដឹងអំពីអត្តសញ្ញាណជនសង្ស័យដែលប្រព្រឹត្តល្មើសនោះនៅឡើយ ប៉ុន្តែមានប្រភពមួយចំនយនបានបង្ហើបប្រាប់ឲ្យដឹងថា ជនសង្ស័យគឺជាកូនប្រុសរបស់មន្ត្រីយោធាម្នាក់ ឋានន្តរស័ក្តិវរសេនីយ៍ឯក (ស័ក្តិ៥) បម្រើការងារនៅក្នុងខេត្តព្រះវិហារ ។
អ្នកដែលធ្លាប់ស្គាល់នារីរងគ្រោះបានឲ្យដឹងថា ជនសង្ស័យដែលបាញ់គំរាមចាប់ពង្រត់នារីរងគ្រោះយកទៅបាត់នោះ កន្លងមកធ្លាប់តាមញ៉ែ និងស្រឡាញ់នារីរងគ្រោះអស់រយៈពេលយ៉ាងយូរ ប៉ុន្តែទំនងជានារីរងគ្រោះមិនស្រឡាញ់តបវិញ ទើបជនសង្ស័យបែកគំនិតប្រព្រឹត្តល្មើសចាប់ពង្រត់នាងទាំងរូបភាពគំរាមកំហែងតែម្តង ៕
Source from: www.dtn7.com

Loading...
Loading...