អាជ្ញាធររាជធានីភ្នំពេញមិនអនុញ្ញាតឲ្យគណបក្សប្រឆាំងបន្តធ្វើបាតុកម្មរហូតដល់មានសភាពការណ៍សន្តិសុខនិងសណ្តាប់ធ្នាប់សាធារណៈប្រក្រតីឡើងវិញ
សាលារាជធានីភ្នំពេញបានធ្វើលិខិតផ្លូវការលេខ០៥ ឆត.ចសម ចុះថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៤នេះ ឆ្លើយតបទៅនឹងការជូនដំណឹងរបស់គណបក្សសង្គ្រោះជាតិ ក្នុងការធ្វើបាតុកម្មចាប់ពីថ្ងៃទី០១-០២-០៣-០៤-០៥ ខែមករា ឆ្នាំ២០១៤ និងការបន្តធ្វើបាតុកម្មរៀងរាល់ថ្ងៃ ចាប់ពីថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៤ នៅទីលានប្រជាធិបតេយ្យ និងការដង្ហែក្បួនបាតុកម្មនៅតាមដងផ្លូវនានាក្នុងរាជធានីភ្នំពេញ គឺសាលារាជធានីភ្នំពេញ សម្រេចមិនអនុញ្ញាតឲ្យគណបក្សសង្គ្រោះជាតិបន្តធ្វើបាតុកម្មនៅទីលានប្រជាធិបតេយ្យ និងដង្ហែក្បួនបាតុកម្មនៅតាមដងផ្លូវនានាក្នុងរាជធានីភ្នំពេញឡើយ ចាប់ពីថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៤នេះតទៅ ។
ទាក់ទងនឹងការមិនអនុញ្ញាតឲ្យគណបក្សសង្គ្រោះជាតិបន្តធ្វើបាតុកម្មតទៅទៀតនេះ ដោយសាលារាជធានីភ្នំពេញបានលើកហេតុផលថា កន្លងមក និងជាពិសេសក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ សកម្មភាពអុជអាល ញុះញង់នានា បាននាំទៅដល់ការបង្កឲ្យមានអំពើហិង្សា បាត់បង់អាយុជីវិតមនុស្ស ការបផ្លិចបំផ្លាញទ្រព្យសម្បត្តិឯកជន និងសាធារណៈ ការបិទផ្លូវសាធារណៈ និងការអុកឡុករំខានជាបន្តបន្ទាប់ ដែលធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ។ ទន្ទឹមនឹងនេះ បាតុករមួយចំនួនដែលចេញពីទីលានប្រជាធិបតេយ្យ ដោយរួមទាំងព្រះសង្ឃះខ្លះផង ក៏បានធ្វើសកម្មភាពខុសច្បាប់ និងអុកឡុកតាមដងផ្លូវ តាមរោងចក្រ និងតាមស្ថាប័នរដ្ឋនានា ដោយមិនមានការគ្រប់គ្រង និងទទួលខុសត្រូវពីសំណាក់អ្នកដឹកនាំបាតុកម្មឡើយ ។
ទោះយ៉ាងណាក៏ដោយ សាលារាជធានីភ្នំពេញដែលបានសម្រេចមិនអនុញ្ញាតឲ្យគណបក្សសង្គ្រោះជាតិបន្តធ្វើបាតុកម្មទៀតនោះ ក៏បានបញ្ជាក់ដែរថា ការមិនអនុញ្ញាតនេះរហូតដល់សភាពការសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈត្រូវបានធានានូវប្រក្រតីភាពឡើងវិញ ។
មិនទាន់ទទួលបានការសម្រេចចិត្តសាជាថ្មីណាមួយពីក្រសួងមហាផ្ទៃនៅឡើយទេ បន្ទាប់ពីសាលារាជធានីភ្នំពេញបានសម្រេចអនុញ្ញាតមិនឲ្យគណបក្សសង្គ្រោះជាតិ បន្តធ្វើបាតុកម្មចាប់ពីថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៤នេះតទៅនោះ ។
ជាមួយគ្នានេះ គេក៏មិនទាន់បានដឹងឲ្យច្បាស់លាស់ថា តើថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិនឹងបន្តធ្វើបាតុកម្មតទៅទៀត ទោះបីអាជ្ញាធររាជធានីភ្នំពេញមិនអនុញ្ញាតក៏ដោយនោះ ឬយ៉ាងណាទេ ពីព្រោះនារយៈពេលកន្លងមកតាមការកត់សម្គាល់ បានបង្ហាញឲ្យឃើញជាក់ស្តែងថា បញ្ញត្តិ ឬច្បាប់នានារបស់អាជ្ញាធរ ឬរបស់គណបក្សនយោបាយកាន់កាប់អំណាចបច្ចុប្បន្ន មិនមានប្រសិទ្ធភាពអនុវត្តន៍ទៅលើថ្នាក់ដឹកនាំគណបក្សនយោបាយប្រឆាំងឡើយ ៕
Source from: www.dtn7.com

Loading...
Loading...