Page ធំៗ២នៅក្នុងបណ្តាញសង្គម Facebook ដែលគាំទ្រកម្មវិធីនយោបាយបក្សប្រឆាំងគេចមិនផុតពីការប៉ះទង្គិចគ្នាឬ ?
កាលពីថ្ងៃទី០២ ខែមករា ឆ្នាំ២០១៤កន្លងទៅថ្មីៗនេះ កញ្ញា ធី សុវណ្ណថា ដែលគេស្គាល់ថា ជាយុវតីចូលរួមចំណែកគាំទ្រកម្មវិធីនយោបាយរបស់គណបក្សសង្គ្រោះជាតិយ៉ាងសកម្ម និងក៏ជាម្ចាស់ Page ដ៏ធំមួយនៅក្នុងបណ្តាញសង្គម Facebook ម្នាក់ដែរនោះ មាន Post នូវអត្ថបទខ្លីមួយ តែមានបង្កប់ន័យគួរឲ្យចាប់អារម្មណ៍ផង និងភ្ញាក់ផ្អើលផងនៅក្នុង Page របស់នាង ដែលមានខ្លឹមសារថា "សំណូមពរចុងក្រោយ I Love Cambodia Hot News សូមគិតប្រយោជន៍ជាតិជាធំ បើអ្នកនៅតែរំខានខ្ញុំទៀត ប្អូនលែងអត់ធ្មត់ហើយ ។ ឧបសគ្គណាដែលមករារាំងផ្លូវសង្គ្រោះជាតិ ខ្ញុំនឹងយកជីវិតរបស់ខ្ញុំទៅកម្ទេចវាចោលដោយអហិង្សា ។ " ។
យោងតាមខ្លឹមសារអត្ថបទដ៏ខ្លី តែមានន័យគ្រប់គ្រាន់ដែលកញ្ញា ធី សុវណ្ណថា បាន Post នៅក្នុង Page របស់នាងដូច្នេះ គឺអាចបញ្ជាក់ឲ្យឃើញថា រវាងរូបកញ្ញាដែលជាម្ចាស់ Page មួយមានចំនួន Like Page ស្មើនឹង 110K ចាប់ផ្តើមមានការប៉ះទង្គិចជាមួយម្ចាស់ Page ឈ្មោះ I Love Cambodia Hot News ដែលមានចំនួន Like Page ស្មើនឹង 274K ទើបធ្វើឲ្យកញ្ញា ធី សុវណ្ណថា ធ្វើសំណូមពរចុងក្រោយ កុំឲ្យ Page I Love Cambodia Hot News តាមរំខាននាងទៀត ហើយគួរតែគិតប្រយោជន៍ជាតិជាធំវិញ ។
ក្រុមអ្នកលេង Facebook បានកត់សម្គាល់ឃើញថា កញ្ញា ធី សុវណ្ណថា ដែលអតីតជា Admin របស់ Page ឈ្មោះ I Love Cambodia Hot News និង Page ឈ្មោះ I Love Cambodia Hot News II មានបញ្ហាថ្នាំងថ្នាក់ជាមួយនឹងក្រុមការងាររបស់ Page ឈ្មោះ I Love Cambodia Hot News ដែលជា Page ដ៏ធំមួយក្នុងបណ្តាញសង្គម Facebook នៅកម្ពុជា ផ្សារភ្ជាប់នឹងសកម្មភាពគាំទ្រកម្មវិធីនយោបាយគណបក្សសង្គ្រោះជាតិយ៉ាងសកម្ម ទើបកញ្ញា ធី សុវណ្ណថា បានសម្រេចចិត្តបង្កើត Page ផ្ទាល់ខ្លួនមួយទៀតដែលរហូតមកទល់នឹងពេលនេះមានអ្នក Like Page ចំនួន 110K ហើយៗ Page របស់កញ្ញាក៏នៅតែបន្តសកម្មភាពគាំទ្រកម្មវិធីនយោបាយគណបក្សសង្គ្រោះជាតិ ឬនិយាយឲ្យខ្លីស្រួលស្តាប់ថា ធ្វើសកម្មភាពក្នុងចលនាសង្គ្រោះជាតិយ៉ាងសកម្មដដែល ។
ពាក់ព័ន្ធទៅនឹងភាពរកាំរកូសខ្លះរវាងម្ចាស់ Page ឈ្មោះ I Love Cambodia Hot News និងកញ្ញា ធី សុវណ្ណថា នោះ គឺត្រូវបានក្រុមការងារ Page ឈ្មោះ I Love Cambodia Hot News ផ្តោតអារម្មណ៍ និងចោទប្រកាន់ថា កញ្ញា ធី សុវណ្ណថា មានការទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយម្ចាស់ Page ដ៏ធំមួយទៀតឈ្មោះ Phe Sovannarith មានអ្នក Like Page ចំនួន159K និងអតីតជាអ្នកគាំទ្រកម្មវិធីនយោបាយគណបក្សប្រជាជនកម្ពុជាយ៉ាងសកម្ម ប៉ុន្តែការសង្ស័យទៅនឹងការទំនាក់ទំនងនេះត្រូវបានកញ្ញា ធី សុវណ្ណថា ក្តី និងលោក ផែ សុវណ្ណារិទ្ធ ក្តី ធ្វើការបដិសេធ ដោយកញ្ញា ធី សុវណ្ណថា បកស្រាយថា ផ្តល់ឱកាសឲ្យលោក ផែ សុវណ្ណារិទ្ធ បានកែលម្អខ្លួន ដើម្បីចូលរួមចំណែកបម្រើប្រទេសជាតិតាមឆន្ទៈរៀងខ្លួន និងក្រោយមក លោក ផែ សុវណ្ណារិទ្ធ ក៏បានចូលខ្លួនមកបម្រើក្នុងសកម្មភាពនៃចលនាសង្គ្រោះជាតិជាមួយគណបក្សសង្គ្រោះជាតិយ៉ាងសកម្មផងដែរ ដោយលោកបានអះអាងថា ឈប់គាំទ្រគណបក្សប្រជាជនកម្ពុជាទៀតហើយ ។
ទោះយ៉ាងណាក៏ដោយ គេមិនទាន់អាចដឹងឲ្យបានពិតប្រាកដថា តើកញ្ញា ធី សុវណ្ណថា ទទួលរងការរំខានអ្វីខ្លះពីសំណាក់ម្ចាស់ Page ឈ្មោះ I Love Cambodia Hot News ដែលជា Page មានសកម្មភាពគាំទ្រកម្មវិធីនយោបាយគណបក្សសង្គ្រោះជាតិដូចគ្នានោះ ? ឬក្នុងសាច់រឿងនេះនៅមានអាថ៌កំបាំងអ្វីទៀត ក៏គេមិនទាន់អាចដឹងបានច្បាស់លាស់នៅឡើយ ។
តើ Page ធំៗទាំង២នៅក្នុងបណ្តាញសង្គម Facebook ដ៏ពេញនិយមនៅកម្ពុជា ដែលគាំទ្រកម្មវិធីនយោបាយគណបក្សប្រឆាំងដ៏ធំតែមួយគត់នៅកម្ពុជា នឹងគេចមិនផុតពីការប៉ះទង្គិចគ្នានៅទឹកចុងក្រោយ ឬយ៉ាងណា ? ៕
Source from: www.dtn7.com

Loading...
Loading...