ឆក់ស្បោងទូរស័ព្ទរបស់កម្មការិនី ជិះម៉ូតូរត់គេចជាង ២០០ម៉ែត្រ ជួបគ្រោះថ្នាក់ចរាចរណ៍
រាជធានីភ្នំពេញ ៖ ជនសង្ស័យ ២ នាក់ ក្នុងចំណោមបក្ខពួក ៣ នាក់ ត្រូវសមត្ថកិច្ចចាប់ខ្លួនបាន ក្នុងពេលដែលពួកគេ ធ្វើសកម្មភាពឆក់ ទូរស័ព្ទដៃមួយគ្រឿង ម៉ាកសាំសុង S3 ពីនារីម្នាក់បានសម្រេច ហើយជិះគេចខ្លួន ទៅជួបគ្រោះថ្នាក់ចរាចរណ៍ កាលពីវេលាម៉ោង ១១ព្រឹក ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៤ នៅចំណុចស្តុប ត្រឡោកបែក ផ្លូវ៥៩៨ កែងផ្លូវ៣១៥ សង្កាត់បឹងកក់២ ខណ្ឌទួលគោក។
ជនសង្ស័យទាំង ២នាក់នេះ រួមមានឈ្មោះ ចាន់ ពិសិដ្ឋ ភេទប្រុស អាយុ ២៣ឆ្នាំ មានទីលំនៅភូមិស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យ និងម្នាក់ទៀតឈ្មោះ ចាន់ រិទ្ធី ភេទប្រុស អាយុ ២៧ឆ្នាំ មានទីលំនៅភូមិប៉ាឆា សង្កាត់ស្ទឹងមានជ័យ។ចំណែកនារីរងគ្រោះឈ្មោះ ប៉ះ ធា អាយុ ១៩ឆ្នាំ ជាកម្មការិនី រោងចក្រកាត់ដេរ ស្នាក់នៅផ្ទះជួល ក្នុងភូមិប៉ប្រកខាងត្បូង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។
នៅមុនពេលកើតហេតុ នារីរងគ្រោះបានជិះម៉ូតូឌុប ជាមួយបងស្រី ធ្វើដំណើរតាមផ្លូវលេខ៥៩៨ ក្នុងទិសដៅពីត្បូងទៅជើង លុះដល់ចំណុច មុខបណ្ណាល័យ សម្តេចហ៊ុន សែន ខាងជើងស្ពានអាកាស៧មករា ក៏ស្រាប់តែមានជនសង្ស័យ ៣នាក់ ជិះម៉ូតូមួយគ្រឿង ម៉ាកឌ្រីម ពាក់ស្លាកលេខ កំពង់ស្ពឺ១E-០៣១៣ មកអែបក្បែរម៉ូតូស្ត្រីរងគ្រោះ ហើយក៏បានធ្វើសកម្មភាព ឆក់យកស្បោងយួរ របស់នារីរងគ្រោះ បានសម្រេច។
ជនរងគ្រោះបានប្រាប់ឲ្យដឹងថា នៅក្នុងនោះមាន ទូរស័ព្ទដៃ ១គ្រឿងម៉ាកសាំសុងS3 មិនមានអ្វីមានតម្លៃ ជាងនេះទៀតទេ តែទំនងជាអស់លក្ខណ៍ នៅពេលជនសង្ស័យ ជិះម៉ូតូរត់គេច ខ្លួនបានប្រហែល ២០០ម៉ែត្រ ក៏ជួបគ្រោះថ្នាក់ចរាចរ ត្រូវបានសមត្ថកិច្ចមូលដ្ឋាន ចាប់ខ្លួនបាន ២នាក់ ចំណែកម្នាក់ទៀត រត់គេចខ្លួនបាត់៕
Source from: watphnom-news.com

Loading...
Loading...