ដឹកដែកឡើងចំណោតរង្វង់មូលផ្សារដើមថ្កូវមិនរួច រអិលថយក្រោយបុករថយន្ត ៣គ្រឿង
រាជធានីភ្នំពេញ ៖ រថយន្ដធុនធំប្រភេទស្ទូច ដែលមានផ្ទុកដែកពេញរថយន្ដ មានទម្ងន់ជាច្រើនតោន បើកឡើងចំណោតមិនរួច រអិលថយក្រោយជាន់ហ្វ្រាំងមិនជាប់ ក៏ជ្រុលទៅបុករថយន្ដដែលបើក មកពីក្រោយចំនួន ៣ គ្រឿងទៀត បណ្ដាលឱ្យខូចខាតយ៉ាងដំណំ កាលពីវេលាម៉ោង ១១និង២០ នាទីព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៤ នៅតាមបណ្តោយ ផ្លូវលេខ៤៨៨ ក្បែររង្វង់មូល ផ្សារដើមថ្កូវ ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ។
សាក្សីបានឲ្យដឹងថា រថយន្ដបង្កជាប្រភេទ រថយន្ដស្ទូច ពាក់ស្លាកលេខ ភ្នំពេញ 3A-0403 បានបើក តាមផ្លូវលេខ៤៨៨ ពីរង្វង់មូលផ្សារដើមថ្កូវ ឡើងចំណោតទៅផ្លូវលេខ២៧១ ខណៈដែលកំពុងបើកឡើង ដោយសារតែរថយន្ដ ដឹកដែកធ្ងន់ពេក ឡើងមិនរួចក៏រអិលក្រោយ ពេលនោះអ្នកបើកបរ បានជាន់ហ្វ្រាំងតែមិនជាប់ ក៏ជ្រុលបុករថយន្ដ ដែលនៅពីក្រោយបន្ដគ្នា ចំនួន ៣ គ្រឿង បណ្ដាលឱ្យខូចខាតតែម្ដង។
ចំណែករថយន្ដរងគ្រោះទាំង ៣ គ្រឿងរួមមាន ម៉ាករ៉េវហ្វ័រ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2F-6541, រថយន្ដម៉ាកដេវូ ពាក់ស្លាកលេខ ភ្នំពេញ 2Q-6760 និងរថយន្ដ ម៉ាកគីយ៉ា ពាក់ស្លាកលេខភ្នំពេញ 2U-8643 ។ ក្រោយកើតហេតុ នគរបាលចរាចរណ៍ ក៏បានចុះទៅវាស់វែង ធ្វើការសម្របសម្រួល ដោយភាគីរថយន្ដបង្ក ជាអ្នកចេញសងថ្លៃខូចខាត ឲ្យរថយន្ដរងគ្រោះទាំង ៣គ្រឿង ដើម្បីបញ្ចប់រឿង ៕
Source from: watphnom-news.com

Loading...
Loading...