មានទោសដោយសារកាប់ដើមស្វាយ ៩៣ដើម របស់គូជម្លោះ បញ្ចេញកំហឹងជួសឪពុកក្មេក
ខេត្តបាត់ដំបង ៖ នគរបាលស្រុកភ្នំព្រឹក បានធ្វើការឃាត់ខ្លួនបុរស ២ នាក់ ពាក់ព័ន្ធការកាប់បំផ្លាញ ដើមស្វាយចំនួន ៩៣ ដើមចំណោមមួយពាន់ដើម បញ្ចេញកំហឹងជួសឪពុកក្មេក ដែលធ្លាប់មានទំនាស់ព្រំដី នៅកន្លែងផ្សេងជាមួយម្ចាស់ចំការរស់ក្នុងភូមិជាមួយគ្នា កាលពីវេលាម៉ោង ១៣និង៤០ នាទីថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៤ នៅភូមិគគី ឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង និងបានកសាងសំណុំរឿង បញ្ជូនទៅស្នងការដ្ឋាន នគរបាលខេត្ត នារសៀលថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៤ ចាត់ការតាមផ្លូវច្បាប់។
លោក សារ៉េត វិសេដ្ឋ អធិការរងស្រុកភ្នំព្រឹក បានអោយដឹងថា បុរសសង្ស័យដែល សមត្ថកិច្ចឃាត់ខ្លួនរួមានឈ្មោះ សយ សុខខឿន អាយុ ៣២ឆ្នាំ និងឈ្មោះ សេង ច័ន្ទដា អាយុ ៣០ឆ្នាំ អ្នកទាំង ២ រស់នៅភូមិគគី ឃុំស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។ ដើមស្វាយមានចំនួន ១ពាន់ដើម ត្រូវបានកាប់បំផ្លាញអស់ ៩៣ដើម និងដកហូតកាំបិតផ្គាក់ចំនួន ១ផងដែរ។
ចំណែកបុរសរងគ្រោះ មានឈ្មោះ ជាន ហ៊ន អាយុ ៦០ឆ្នាំ ជាម្ចាស់ចំការស្វាយ ក្នុងភូមិទួលជ្រៃ ឃុំបារាំងធ្លាក់ រស់នៅភូមិគគី ឃុំស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។ សាក្សីប្រាប់សមត្ថកិច្ចថា នៅយប់កើតហេតុ កាលពីម៉ោង ៧ទៅម៉ោង៩ យប់ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៤ ជនសង្ស័យទាំង ២នាក់ បានជិះម៉ូតូ១គ្រឿង ចូលចំការរបស់ឈ្មោះ ជាន ហ៊ន ក្រោយមកក៏ជិះចេញវិញ មានលីកាំបិតផ្គាក់ ១ផង ហើយពេលប្រជាពលរដ្ឋចូលទៅ ក៏ឃើញដើមស្វាយ ដួលរាលតែម្តង។ ជនសង្ស័យទាំង ២នាក់ បានបដិសេធន៍ថា ពួកខ្លួនបានទៅចំការនោះមែន ដោយរកដាក់អន្ទាក់សត្វប៉ុណ្ណោះ មិនបានកាប់បំផ្លាញ ទ្រព្យសម្បត្តិអ្នកដៃឡើយ។
យ៉ាងណាក៏ដោយលោកអធិការរង បានបញ្ជាក់ថា ឪពុកក្មេកជនសង្ស័យទាំង ២នាក់ ធ្លាប់មានទំនាស់ព្រំដី ជាមួយជនរងគ្រោះ នៅកន្លែងផ្សេង ហើយសមត្ថកិច្ចកំពុងរងចាំ ជួយសម្រួលអោយភាគីទាំង២ ជួបចរចារគ្នា តែដោយភាគីម្ខាងទៀត ជាប់រវល់ការកូន ក៏អោយរងចាំខែកុម្ភៈ តែមិនទាន់ដាច់ខែមករា ផង ក៏កើតរឿងកាប់បំផ្លាញ ដើមស្វាយនេះតែម្តង។ បើតាមការស្រាវជ្រាវនិងសាក្សី លោកព្រះរាជអជ្ញាបានអោយ ឃាត់ខ្លួនជនសង្ស័យទាំង ២នាក់ និងវត្ថុតាង កសាងសំណុំរឿង បញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធី៕ ដោយ សុខជា
Source from: watphnom-news.com

Loading...
Loading...