លោក ង៉ោ ម៉េងជ្រួន ចាត់តាំងសេនាឆ្វេងស្តាំ ៣នាក់ ឲ្យចុះប្រមូលលុយច្រកហោប៉ៅ តាមគ្រប់រូបភាព មិនដែលខ្វល់ពីអភិបាលកិច្ចល្អ
ក្រុងប៉ោយប៉ែត ៖ ប្រជាពលរដ្ឋ និងមន្ត្រីរាជការ នៅទូទាំងក្រុងប៉ោយប៉ែត បានសម្តែងការ ក្តៅក្រហាយយ៉ាងខ្លាំង ចំពោះភាពអសកម្ម និងអំពើពុករលួយ របស់លោក ង៉ោ ម៉េងជ្រួន ជាអភិបាល ក្រុងប៉ោយប៉ែត ហើយមួយរយៈនេះលោក ង៉ោ ម៉េងជ្រួន បានចាត់តាំង សេនាឆ្វេងស្តាំរបស់ខ្លួនចំនួន ៣នាក់ ឲ្យចុះប្រមូលលុយ តាមគ្រប់រូបភាព តាមគ្រប់ច្រកល្ហក ដើម្បីយកមកចែកគ្នា ធ្វើមានធ្វើបានផ្ទាល់ខ្លួន មិនខ្វល់ពីអភិបាលកិច្ចល្អ ឬការកែទម្រង់ រដ្ឋបាលសាធារណៈ ម្តងណាឡើយ។ សូម្បីតែវិធានការរឹតបន្តឹង របស់អង្គភាព ប្រឆាំងអំពើពុករលួយ ក៏មិនទាន់ធ្វើឲ្យមន្ត្រីទាំងនោះ ព្រឺរោមជើងនៅឡើយទេ ដូច្នេះលោក គោ ស៊ុំសារឿត ជាអភិបាល ខេត្តបន្ទាយមានជ័យ គួរតែពិនិត្យមើល ភាពអសកម្ម ដែលកំពុងកើតមាន នៅសាលាក្រុងប៉ោយប៉ែត ឡើងវិញផង។
ប្រជាពលរដ្ឋបានអះអាងថា សេនាឆ្វេងស្តាំរបស់លោក ង៉ោ ម៉េងជ្រួន មានចំនួន ៣នាក់ សុទ្ធសឹងជាមន្ត្រី ដែលពូកែកាប់ដាវ កោសរូសប្រមូលផលប្រយោជន៍ ពីប្រជាពលរដ្ឋ និងអាជីវករ នៅទូទាំងក្រុងប៉ោយប៉ែត រួមមានលោក ពេញ សុខណន លោក ខាត់ ធា និងលោក រ៉េន រ៉ន ដែលមន្ត្រីទាំង ៣នាក់នេះ មានជំនាញកាប់ដាវ រៀងៗខ្លួន។ ដូចជាលោក ពេញ សុខណន និងលោក ខាត់ ធា ជាមន្ត្រីទទួលបន្ទុក ផ្នែកអភិវឌ្ឍន៍ គឺគ្រប់រឿងរ៉ាវទាំងអស់ ដូចជាបញ្ហាសណ្តាប់ធ្នាប់ បញ្ហាដីធ្លី និងបញ្ហាសាងសង់ សំណង់អគារផ្សេងៗ សុទ្ធតែត្រូវឆ្លងកាត់លោក ពេញ សុខណន និងលោក ខាត់ ធា។ មន្ត្រីទាំង ២នាក់នេះ បានចេញល្បាតពិនិត្យមើល ការដ្ឋានសំណង់ផ្សេងៗ សូម្បីតែការជួសជុលផ្ទះបន្តិចបន្តួច ឬការធ្វើរបង បើគ្មានការសុំច្បាប់ទម្លាប់ ត្រឹមត្រូវទេនោះ គឺមន្ត្រី ២នាក់នេះ នឹងចុះទៅកោសរូសរករឿង ឲ្យវាយកម្ទេច សំណង់នោះចោលវិញ ប្រសិនបើគ្មានលុយ បង់ឲ្យពួកគេទៅតាមការទាមទារ។
ប្រជាពលរដ្ឋ ជាម្ចាស់សំណង់ បានលើកឡើងថា ពួកគេបានដាក់ពាក្យ សុំច្បាប់ទៅសាលាក្រុងប៉ោយប៉ែត រងនូវការកោសរូស ឲ្យបង់លុយសម្រាប់ សំណង់មួយកន្លែងចាប់ពី ៧ពាន់ដល់១ ម៉ឺនបាត ហើយនៅពេលចាប់ផ្តើមសាងសង់ មន្ត្រីទាំងនោះ មិនបានចុះទៅពិនិត្យទេ ទាល់តែសង់បាន ៥០ទៅ៧០ ភាគរយ ទើបលោក ពេញ សុខណន និងលោក ខាត់ ធា ចុះទៅពិនិត្យ ហើយរករឿងកោសរូសទារលុយ ដោយលើកឡើង ពីបញ្ហាបច្ចេកទេស ឬការខុសពន្លាតព្រំដី ដូច្នេះម្ចាស់សំណង់ ត្រូវតែបង្ខំចិត្តបង់លុយ ឲ្យពួកគេទាំងទើសទាល់ ដើម្បីកុំឲ្យមានបញ្ហាវែងឆ្ងាយ ដូច្នេះហើយបានជា គេសង្កេតឃើញថា នៅទូទាំងក្រុងប៉ោយប៉ែត សំណង់ខុសច្បាប់ រីកដុះដាលដូចផ្សិត ក៏ដោយសារតែលោក ពេញ សុខណន និងលោក ខាត់ ធា គិតតែពីការប្រមូលលុយ យកទៅជូនថ្នាក់លើ ឲ្យបានគ្រប់តាមផែនការ។
ដោយឡែក លោក រ៉េន រ៉ន មានតួនាទីជា ជំនួយការផ្ទាល់របស់លោក ង៉ោ ម៉េងជ្រួន និងជាមន្ត្រីកាន់ផែនសេដ្ឋកិច្ច ក៏ជាមន្ត្រីដែលពូកែ កាប់ដាវខ្លាំងបំផុត ក្នុងការកោសរូស ឲ្យប្រជាពលរដ្ឋដែលស្នើសុំឯកសារ ឬលិខិតស្នាមផ្សេងៗបង់លុយ តាមតែទំនើងចិត្ត ហើយរាល់ឯកសារ ទាំងឡាយណា ដែលមិនមានភ្ជាប់លុយ ឬស្រោមសំបុត្រមកជាមួយទេ ច្បាស់ណាស់ដែលថាលោក រ៉េន រ៉ន នឹងទុកចោល នៅកន្លៀតជញ្ជាំង ព្រោះរាល់ឯកសារដែលលោក រ៉េន រ៉ន បញ្ជូនឲ្យលោក ង៉ោ ម៉េងជ្រួន ពិនិត្យនិងសម្រេចសុទ្ធតែ មានភ្ជាប់ស្រោមសំបុត្រ ទៅតាមគោលការណ៍ ដែលបានកំណត់។ ប្រជាពលរដ្ឋ ឬក្រុមអាជីវករមួយចំនួន បើចង់ជួបលោក ង៉ោ ម៉េងជ្រួន ដើម្បីពិភាក្សាការងារ និងសុំ កិច្ចអន្តរាគមន៍ផ្សេងៗ ប្រសិនបើគ្មានការណាត់ជួបជាមុន ជាមួយលោក ង៉ោ ម៉េងជ្រួន ទេនោះពិតជា ត្រូវលោក រ៉េន រ៉ន កោសរូសហើយ បើគ្មានការអនុញ្ញាតពីលោក រ៉េន រ៉ន ទេក៏គ្មានឱកាសបានចូលជួបលោក ង៉ោ ម៉េងជ្រួន ដែរ។
រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវគោលការណ៍ កែទម្រង់រដ្ឋបាលសាធារណៈ ហើយមន្ត្រី និងសមត្ថកិច្ចពាក់ព័ន្ធ គ្រប់អង្គភាពស្ថាប័ន ត្រូវតែយកចិត្តទុកដាក់ ផ្តល់សេវាបម្រើពលរដ្ឋ គឺជាការប្រែខ្លួនពីអ្នកគ្រប់គ្រង ទៅជាអ្នកផ្តល់សេវា ដែលគេហៅថា អភិបាលកិច្ចល្អ ប៉ុន្តែលោក ង៉ោ ម៉េងជ្រួន និងសេនាឆ្វេងស្តាំ របស់គាត់ទាំង ៣នាក់ មិនដែលខ្វល់ខ្វាយ ពីអភិបាលកិច្ចល្អ យ៉ាងណានោះទេ ធ្វើយ៉ាងណាឲ្យតែពួកគេ អាចកោសរូស បង្ខំឲ្យពលរដ្ឋបង់លុយ ទៅតាមការទាមទាររបស់ពួកគេដើម្បីយកមកចែកគ្នា ធ្វើមានធ្វើបានផ្ទាល់ខ្លួន។ រឿងបែបនេះលោក គោ ស៊ុំសារឿត ដែលជាអភិបាល ខេត្តបន្ទាយមានជ័យ គួរពិនិត្យមើលភាពអសកម្ម ដែលកំពុងកើតមាន នៅសាលាក្រុងប៉ោយប៉ែត ឡើងវិញផង ព្រោះពលរដ្ឋមិនសប្បាយចិត្ត ទាល់តែសោះ ចំពោះការដឹកនាំដែលពោរពេញដោយ អំពើពុករលួយ និងអសកម្មរបស់លោក ង៉ោ ម៉េងជ្រួន៕
Source from: watphnom-news.com

Loading...
Loading...