ឡានវីហ្គោ បើកបុកម៉ូតូកំពុងបត់ឆ្លងផ្លូវ ស្លាប់ ២នាក់ និងរបួសធ្ងន់ម្នាក់ ម្ចាស់ដាក់មេប្រូច
ខេត្តពោធិ៍សាត់ ៖ យ៉ាងហោចណាស់មនុសុ្ស ២ នាក់ បានស្លាប់ភ្លាមៗ និងស្ត្រីម្នាក់ទៀត បានរងរបួសធ្ងន់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយ រថយន្តវីហ្គោ បើកបុកម៉ូតូ នៅលើកំណាត់ផ្លូវជាតិ លេខ៥ ត្រង់ចំណុចសាលាក្រហម ស្ថិតក្នុងភូមិតាកែវលើ ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ កាលពីវេលាម៉ោង ១និង១០ នាទី រសៀលថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៤ ។
សាក្សីបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តម៉ាក វីហ្គោ ពណ៌ពងមាន់ ពាក់ស្លាកលេខ ភ្នំពេញ 2V-9568 បើកពីលិចទៅកើត មកដល់ចំណុចខាងលើ បានបុកម៉ូតូធុនសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ពោធិ៍សាត់ 1A-6917 ដែលកំពុងបត់ ពីមុខរថយន្តឆ្លងផ្លូវ បម្រុងចូលផ្លូវបំបែក សាលាក្រហម បណ្តាលឲ្យស្លាប់មនុស្ស ២នាក់ និងស្ត្រីម្នាក់ទៀត រងរបួសធ្ងន់។
សមត្ថកិច្ចបានឲ្យដឹងថា ក្រោយពេលកើតហេតុ អ្នកបើកបររថយន្ត បានរត់គេចខ្លួនបាត់ស្រមោល ហើយជនរងគ្រោះ មានឈ្មោះ ស ឈូកមាស ភេទប្រុស អាយុ ៣៥ឆ្នាំ រស់នៅភូមិ ក្រាំងពភ្លាក់ សង្កាត់ស្វាយអាត់ ក្រុងនិងខេត្តពោធិ៍សាត់ ជាអ្នករត់ម៉ូតូឌុប បានស្លាប់នៅកន្លែងកើតហេតុ ចំពោះជនរងគ្រោះ ២នាក់ទៀត សមត្ថកិច្ចពុំទាន់ស្គាល់ អត្តសញ្ញាណនៅឡើយទេ ។ ក្រោយពេលកើតហេតុ ស្ត្រីរងគ្រោះត្រូវបានសមត្ថកិច្ច បញ្ជូនមកសង្គ្រោះ នៅមន្ទីរពេទ្យខេត្ត រីឯសាកសពទាំង ២នាក់ ត្រូវបានប្រគល់ជូន ក្រុមគ្រួសារ យកទៅធ្វើបុណ្យ តាមប្រពៃណី៕
Source from: watphnom-news.com

Loading...
Loading...