មន្ត្រីប៉ូលីសនិងជាងជួសជុលម៉ូតូ ផ្ទុះអាវុធរងរបួសធ្ងន់ ពេលសាកកាំភ្លើងមុនពេលដោះដូរ
រាជធានីភ្នំពេញ ៖ បុរសម្នាក់ជាមន្ដ្រីនគរបាល ការិយាល័យបុគ្គលិក នៃស្នងការដ្ឋាននគរបាល ខេត្ដកណ្ដាល និងម្នាក់ទៀត ជាជាងជួសជុលម៉ូតូ បានរងរបួសធ្ងន់ទាំង ២នាក់ ក្នុងហេតុការណ៍ផ្ទុះអាវុធម៉ាក កា៥៤ នៅពេលដែលពួកគេ កំពុងសាកកាំភ្លើង បង្កឱ្យមានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចមូលដ្ឋាន កាលពីវេលា ម៉ោង ១និង២០ នាទី រសៀលថ្ងៃទី០៣ ខែ កុម្ភៈ ឆ្នាំ២០១៤ ស្ថិតនៅផ្ទះជួសជុលម៉ូតូ លេខ៤៦ ក្នុងភូមិទួលរកា១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ។
សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះទាំង ២នាក់ ម្នាក់ឈ្មោះ អែល ហាលី អាយុ ៤៤ឆ្នាំ ជា មន្ដ្រីនគរបាល ការិយាល័យបុគ្គលិក នៃស្នងការដ្ឋាននគរបាល ខេត្ដកណ្ដាល បានរងរបួស ត្រង់ត្រគៀក និងជាម្ចាស់កាំភ្លើងខ្លី ហើយជនរងគ្រោះម្នាក់ទៀត ឈ្មោះ អ៊ុយ សានកិត្យា អាយុ ៣២ឆ្នាំ ជាជាងជួសជុលម៉ូតូ រស់នៅផ្ទះកើតហេតុខាងលើ។ សមត្ថកិច្ចដែលបានសួរ នាំ នៅកន្លែងកើតហេតុ បានបញ្ជាក់ថា ជនរងគ្រោះឈ្មោះ អ៊ុយ សានកិត្យា បានយកម៉ូតូ របស់ខ្លួន ម៉ាកសេដេ ទៅដូរយកកាំភ្លើងខ្លី ពីជនរងគ្រោះ អែល ហាលី ប៉ុន្ដែ មិនដឹងថា យកទៅធ្វើអ្វីនោះឡើយ ។
មានការបញ្ជាក់ផងដែរថា នៅពេលដែល ជនរងគ្រោះទាំង ២នាក់ កំពុងតែកាន់កាំភ្លើង ស្រាប់តែរាលកៃផ្ទុះ បណ្ដាលឱ្យជនរងគ្រោះឈ្មោះ អ៊ុយ សានកិត្យា រងរបួសចំប្រអប់ដៃ ចែណែកឈ្មោះ អែល ហាលី រងរបួសត្រូវត្រគៀក ។ ជនរងគ្រោះ បាននិយាយថា មានការផ្ទុះអាវុធ តែមួយគ្រាប់ប៉ុណ្ណោះ ប៉ុន្ដែសមត្ថកិច្ចមិនទាន់ ទទួលយកបាននៅឡើយទេ ដោយអះអាងថា ប្រហែលជា ២ គ្រាប់ឡើងទៅ ។ ដោយមានមន្ទិលសង្ស័យ សមត្ថកិច្ចបានសុំ គោលការណ៍ពី ថ្នាក់លើ និងតំណាងអយ្យការ ចុះទៅឆែកឆេរផ្ទះ ជនរងគ្រោះផងដែល ៕
Source from: watphnom-news.com

Loading...
Loading...