អតីតមេឈ្មួញរកស៊ីគ្រឿងញៀនឆ្លងដែន ជាអាណិកជនកូន ៣ នៅអូស្ត្រាលី លេចមុខទៅសែនព្រេន យកកូនស្រីអ្នកមានអំណាចធ្វើប្រពន្ធ
រាជធានីភ្នំពេញ ៖ ប្រជាពលរដ្ឋ និងមន្ត្រីមួយចំនួន បានសំដែងនូវការភ្ញាក់ផ្អើល បន្ទាប់ពីបានឃើញ អតីតមេឈ្មួញរកស៊ីជួញដូរ គ្រឿងញៀនឆ្លងដែនម្នាក់ ដែលធ្លាប់ត្រូវបានតុលាការ ផ្តន្ទាទោសឲ្យជាប់ពន្ធនាគារ រយៈពេល ៥ឆ្នាំ មិនទាន់ដល់កំណត់ត្រូវដោះលែងវិញផងទេ បែរជាមានសេរីភាព ដើរហើរយ៉ាងរំភើយ ហើយថ្មីៗនេះ គេឃើញអតីតមេឈ្មួញរកស៊ី គ្រឿងញៀនម្នាក់នោះ បានរៀបចំពិធីសែនព្រេន ជាមួយកូនស្រីអ្នកមានអំណាចម្នាក់ ធ្វើឲ្យគ្រប់ៗគ្នាស្រឡាំងកាំង និងភ្ញាក់ផ្អើល មិនដឹងថាអតីតមេឈ្មួញរកស៊ី គ្រឿងញៀនឆ្លងដែននោះ ត្រូវបានដោះលែង ឲ្យមានសេរីភាពវិញ មុនកាលកំណត់ ឬក៏យ៉ាងណានោះទេ។
ប្រភពព័ត៌មានខ្សឹបខ្សៀវ ពីមន្ត្រីមួយចំនួនបានឲ្យដឹងថា អតីតមេឈ្មួញ រកស៊ីគ្រឿងញៀនម្នាក់នោះ ត្រូវគេស្គាល់ថាឈ្មោះ ថៃ ទីនី មានអាយុប្រមាណ ៤០ឆ្នាំ កាលពី ២ឆ្នាំមុន ធ្លាប់ត្រូវបានសមត្ថកិច្ចកម្ពុជា សហការជាមួយ អាជ្ញាធរអូស្ត្រាលី ចាប់ឃាត់ខ្លួនទាក់ទិន ករណីជួញដូរគ្រឿងញៀន នៅសណ្ឋាគារ ហ្សង់អេលីហ្សេ តាមបណ្តោយ ផ្លូវត្រសក់ផ្អែមហើយក្រោយមកក៏មានការ ប្រកាសសាលក្រម ឃុំខ្លួនប្រមាណ ៥ទៅ៦ឆ្នាំ ដែលមកដល់ពេលនេះ ទើបតែជាប់ឃុំរយៈពេល ២ឆ្នាំ មិនទាន់ផុតកំណត់ នៅឡើយទេ។ ជាធម្មតា បទឧក្រិដ្ឋនៃការជួញដូរគ្រឿងញៀន ត្រូវជាប់ពន្ធនាគារមិនតិចជាង ១០ឬ១៥ ឆ្នាំនោះទេ ប៉ុន្តែករណីឈ្មោះ ថៃ ទីនី ជាឈ្មួញមានលុយមានកាក់ ច្រើនសន្ធឹកសន្ធាប់ទំនងជារត់ការអន្តរាគមន៍ ពីខ្សែទុយោផ្សេងៗ ដើម្បីមានការបន្ធូរបន្ថយទោស ជាប់ពន្ធនាគារប្រមាណ ៥ទៅ៦ ឆ្នាំប៉ុណ្ណោះ។
បើតាមប្រភពព័ត៌មានមួយចំនួន ដែលធ្លាប់ស្គាល់សាវតារ របស់ឈ្មោះ ថៃ ទីនី បានឲ្យដឹងថា អតីតមេឈ្មួញរកស៊ី គ្រឿងញៀនរូបនេះ គឺជាអាណិកជន នៅប្រទេសអូស្ត្រាលី ធ្លាប់ចេញចូលប្រទេសកម្ពុជា ញឹកញាប់ ហើយអាជ្ញាធរអូស្ត្រាលី បានតាមដានប្រមូលព័ត៌មានផ្សេងៗ ឈានដល់ការសុំកិច្ចសហការ ពីសមត្ថកិច្ចប្រទេសកម្ពុជា ចុះទៅឃាត់ខ្លួនឈ្មោះ ថៃ ទីនី នៅសណ្ឋាគារ ហ្សង់អេលីហ្សេ កាលពី ២ឆ្នាំមុន។ ហើយឈ្មោះ ថៃ ទីនី ត្រូវគេដឹងថា មានកូន ៣នាក់រស់នៅប្រទេសអូស្ត្រាលី មិនមែនជាជន នៅលីវនោះទេ គឺមានក្រុមគ្រួសាររួចហើយ ប៉ុន្តែមិនដឹងថាភាគីខាងស្រី ជាកូនរបស់អ្នកមានអំណាចបានដឹងពីសាវតារ របស់ឈ្មោះ ថៃ ទីនី ឬក៏យ៉ាងណានោះទេ។
បើតាមប្រភពព័ត៌មាន ក៏បានបង្ហើបឲ្យដឹងផងដែរថា កាលពីពេលថ្មីៗនេះ ឈ្មោះ ថៃ ទីនី បានរៀបចំពិធីសែនព្រេន ជាមួយកូនស្រី អ្នកមានអំណាចម្នាក់ មានញាតិមិត្តប្រុសស្រីចូលរួម ច្រើនបង្គួរផងដែរ ហើយគេមិនច្បាស់ទេថា តើបុរសមានកូន ៣ម្នាក់នេះ មានសិទ្ធិស្របច្បាប់ឬក៏អត់ ក្នុងការសែនព្រេន យកកូនស្រីអ្នកមានអំណាច ធ្វើជាភរិយា ព្រោះនៅកម្ពុជា មានច្បាប់ឯកពន្ធភាព បុរសឬស្ត្រីដែលមាន ចំណងគ្រួសាររួចហើយ បើមិនទាន់ផ្តាច់សាមគ្គសង្វាស់ ឬមានសាលក្រម លែងលះជាផ្លូវការទេនោះ មិនអាចរៀបចំឬសែនព្រេន យកប្តីប្រពន្ធបានទៀតទេ។ ដូច្នេះរឿងដែលឈ្មោះ ថៃ ទីនី សែនព្រេនយកកូនស្រី អ្នកមានអំណាចធ្វើជាភរិយា នៅពេលនេះ ទំនងជាសាមីខ្លួន ឬក្រុមគ្រួសារខាងស្រី មិនបានដឹង ពីសាវតាររបស់ឈ្មោះ ថៃ ទីនី នេះច្បាស់ទេ។
ដោយសារតែបានឃើញ ពីទិដ្ឋភាពដ៏គួរឲ្យភ្ញាក់ផ្អើលនេះ ប្រជាពលរដ្ឋមួយចំនួន បានលើកជាសំណួរថា តើជនត្រូវចោទដែលមានឈ្មោះ ជាប់ពន្ធនាគារ តាមអំណាចសាលក្រម មានសិទ្ធិដើរហើរដោយសេរី អំឡុងពេលជាប់ឃុំខ្លួន ឬក៏អត់ ? ហើយសួរថា តើឈ្មោះ ថៃ ទីនី រួចផុតពីទោសពៃរ៍ ឬមានដីកាដោះលែង ឲ្យនៅក្រៅឃុំ តាំងពីពេលណាមក? ព្រោះថា ចាប់តាំងពីពេលដែលឃាត់ខ្លួន រហូតមកដល់ពេលនេះ ទើបតែ ២ឆ្នាំប៉ុណ្ណោះ មិនទាន់ផុតកំណត់ នៃការឃុំខ្លួនរយៈពេល ៥ទៅ៦ ឆ្នាំនោះទេ បែរជាឈ្មោះ ថៃ ទីនី មានឱកាសចេញមុខ ទៅរៀបចំពិធីសែនព្រេន យកកូនស្រីអ្នកមានអំណាចម្នាក់ ធ្វើជាភរិយាជាចំហ។
មន្ត្រីពាក់ព័ន្ធ ដែលកាន់សំណុំរឿងនេះ មិនទាន់អាចសុំការបំភ្លឺបានទេ ហើយឈ្មោះ ថៃ ទីនី ក៏មិនទាន់អាច សុំការបំភ្លឺបានដែរ ប៉ុន្តែផ្នែកពាក់ព័ន្ធ គួរតែពិនិត្យមើល បញ្ហានេះឡើងវិញ ព្រោះថាបើឈ្មោះ ថៃ ទីនី ត្រូវបានដោះលែង ឲ្យមានសេរីភាពវិញ រួចផុតពីការឃុំខ្លួន គួរតែមានការបកស្រាយពន្យល់ សាធារណជន ឲ្យបាត់មន្ទិលសង្ស័យ ព្រោះជារឿយៗក្រសួងមហាផ្ទៃ បានអួតអាងអំពីការបង្ការបង្ក្រាប និងដាក់ទោសយ៉ាងធ្ងន់ធ្ងរ លើក្រុមអ្នករកស៊ី ជួញដូរគ្រឿងញៀន ដូច្នេះករណីឈ្មោះ ថៃ ទីនី គួរតែមានការស្រាវជ្រាវ ឲ្យបានស៊ីជម្រៅឡើងវិញ៕
Source from: watphnom-news.com

Loading...
Loading...