ឃាត់ខ្លួនបុរស ២នាក់ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន ក្នុងវង់អាប៉ោង នៅស្រុកកំរៀង
ខេត្តបាត់ដំបង ៖ សមត្ថកិច្ចនគរបាលស្រុកកំរៀង បានឃាត់ខ្លួនបុរស ២នាក់ និងថ្នាំញៀន ២០គ្រាប់ កាលពីវេលាម៉ោង ១២និង៣០ នាទីថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៤ នៅភូមិអូរអន្លក់ ឃុំតាសែន ស្រុកកំរៀង ខេត្តបាត់ដំបង កសាងសំណុំរឿងពីបទ ជួញដូរគ្រឿងញៀនខុសច្បាប់ បញ្ជូនទៅស្នងការដ្ឋាននគរបាល ខេត្តបាត់ដំបង ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់។
លោក ស្រី វុទ្ឍី អធិការរងស្រុកកំរៀង បានអោយដឹងថា បុរសសង្ស័យដែលឃាត់ខ្លួនទី១-ឈ្មោះ ណូ យ៉ន អាយុ ២៨ឆ្នាំ ជាម្ចាស់ថ្នាំ និងទី២-ឈ្មោះ ជា សាវន អាយុ ៥៥ឆ្នាំ ទាំង ២នាក់មានទីលំនៅ ក្នុងភូមិកើតហេតុ ហើយវត្ថុតាងដែលដកហូតបាន មានថ្នាំញៀនប្រភេទយ៉ាម៉ាចំនួន ២០គ្រាប់។ ឈ្មោះ ណូ យ៉ន បានសារភាពថា ខ្លួនបានទិញថ្នាំញៀន ចំនួន ២០គ្រាប់ ពីឈ្មោះ ជា សាវន នៅកន្លែងលេងអាប៉ោង ដើម្បីទុកលក់បន្ត និងប្រើប្រាស់ខ្លួនឯង។
ដោយឡែកឈ្មោះ ជា សាវន បានបដិសេធថា មិនបានដឹងកន្លែង លេងអាប៉ោងនៅឯណាផង ហើយក៏មិនមានថ្នាំញៀន លក់អោយឈ្មោះ ណូ យ៉ន ដែរ ខ្លួនឈប់ប្រព្រឹត្តការ លក់ដូរគ្រឿងញៀនរយៈពេល ២ឆ្នាំមកហើយ។ លោកអធិការរង បានបញ្ជាក់ថា ទោះជាចម្លើយបុរសសង្ស័យទាំង ២នាក់ មិនស៊ីសង្វាក់គ្នា ក៏សមត្ថកិច្ចបានកសាងសំណុំរឿង ពីបទជួញដូរគ្រឿងញៀនខុសច្បាប់ បញ្ជូនទៅស្នងការដ្ឋាននគរបាល ខេត្តបាត់ដំបង នាព្រឹកថ្ងៃ២២ ខែមីនា ឆ្នាំ២០១៤ ចាត់ការបន្តតាមផ្លូវច្បាប់៕ ដោយ សុខជា
Source from: watphnom-news.com

Loading...
Loading...