តុលាការសាលាដំបូងរាជធានីភ្នំពេញសម្រេចឃុំខ្លួនជនជាតិយួនដែលដាល់នាយទាហានផ្កាយ២ខ្មែរដាក់ពន្ធនាគារហើយ
ប្រភពព័ត៌មានពីសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថា នៅវេលាព្រឹកនាថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៤នេះ លោក តែ សំអាង ជាចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចបង្គាប់ឲ្យឃុំខ្លួនដាក់ពន្ធនាគារបណ្តោះអាសន្នទៅលើបុរសជនជាតិយួនម្នាក់ដែលបានដាល់ទៅលើលោកឧត្តមសេនីយ៍ទោយោធាខ្មែរ កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៤ ក្នុងហេតុការណ៍កកស្ទះចរាចរណ៍កន្លងទៅនោះហើយ បន្ទាប់ពីតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ គឺលោកព្រះរាជអាជ្ញារង លី សុផាណា បានសម្រេចបើកការស៊ើបសួរចោទប្រកាន់ពីបទហិង្សាដោយចេតនា តាមមាត្រា២១៧នៃក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃម្សិលមិញរួចមក ។
សូមរំលឹកជូនថា កាលពីវេលាម៉ោង០៩ព្រឹក នាថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៤កន្លងទៅ នៅត្រង់ចំណុចមុខទីស្តីការក្រសួងការពារជាតិ ឋិតក្នុងសង្កាត់មិត្ភភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ មានហេតុការណ៍ហិង្សាគួរឲ្យភ្ញាក់ផ្អើលមួយបានកើតឡើង ដោយសារបុរសជនជាតិយួនម្នាក់ឈ្មោះ ចាំង គឹមហេង អាយុ២៦ឆ្នាំ ចុះពីលើរថយន្តរបស់ខ្លួនម៉ាក HYUNDAI ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2O-6009 មកក្របួចកអាវ និងដាល់លើផ្ទៃមុខលោក ងី វ៉ាន់ឌីម អាយុ៦៤ឆ្នាំ ជានាយទាហានជាន់ខ្ពស់នៃកងយោធពលខេមរភូមិន្ទ មានឋានន្តរស័ក្តិថ្នាក់ឧត្តមសេនីយ៍ទោ(ផ្កាយ២) បម្រើការងារជាអនុប្រធាននាយកដ្ឋានទំនាក់ទំនងអន្តរជាតិ នៃក្រសួងការពារជាតិ កំពុងធ្វើដំណើរដោយទោចក្រយានយន្តម៉ាក Honda Dream C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៣ ពាក់ស្លាកលេខភ្នំពេញ 1CD-1265 បណ្តាលឲ្យប៉ោងភ្នែក ដើម្បីបញ្ចេញកំហឹងផ្ទាល់ខ្លួនក្នុងរឿងកកស្ទះចរាចរណ៍ ។ ជនជាតិយួនចេះខ្មែរដែលជាជនដៃដល់នោះ ត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថយាមប្រចាំការនៅជិតកន្លែងកើតហេតុ ចេញមកអន្តរាគមន៍ឃាត់ខ្លួនបានភ្លាមៗ បន្ទាប់ពីជនជាតិយួនរូបនេះបង្កអំពើហិង្សាទៅលើនាយទាហានខ្មែរដែលមានអាយុស្មើនឹងឪពុករបស់ខ្លួនទៅហើយៗព្យាយាមបើករថយន្តគេចខ្លួន ។ ក្រោយមក សមត្ថកិច្ចបានកសាងសំណុំរឿង និងបញ្ជូនខ្លួនជនដៃដល់មកឲ្យស្ថាប័នតុលាការបន្តចាត់ការតាមនីតិវិធី ។
មជ្ឈដ្ឋានអ្នកច្បាប់នៅកម្ពុជា បានលើកឡើងថា អនុលោមតាមមាត្រា២១៧នៃក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា គឺប្រសិនបើបុរសជាជនជាតិយួនដែលក្លាយជាជនត្រូវចោទនោះ ត្រូវបានតុលាការរកឃើញថាមានពិរុទ្ធមែន នឹងត្រូវប្រឈមការផ្តន្ទាទោសដាក់ពន្ធនាគារពី១ឆ្នាំទៅ៣ឆ្នាំ និងពិន័យជាប្រាក់ពី២លានរៀលទៅ៦លានរៀល ។
ដោយឡែក មជ្ឈដ្ឋានប្រជាពលរដ្ឋដែលបានតាមដានសំណុំរឿងក្តីនេះ បានសម្តែងនូវការអបអរសាទរចំពោះចំណាត់ការរបស់តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងលោកចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ដែលបានសម្រេចបើកការស៊ើបសួរចោទប្រកាន់់ និងឃុំខ្លួនបណ្តោះអាសន្នទៅលើបុរសជនជាតិយួនជាជនដៃដល់តាមច្បាប់ មិនទទួលយកការសម្របសម្រួល ឬការអន្តរាគមន៍ណាមួយពីមជ្ឈដ្ឋានខាងក្រៅ ដើម្បីផ្តល់យុត្តិធម៌ដល់ជនរងគ្រោះ ក៏ដូចជាលើកតម្កើងកិត្យានុភាពនៃកងយោធពលខេមរភូមិន្ទផងដែរ ៕
Source from: www.dtn7.com

Loading...
Loading...