ក្រោយពេលលុបបឹង ពស់ថ្លាន់ជាង ២ម៉ែត្រ ឡើងទៅដេកលើស្លាបព្រិលសាលាបឹងត្របែក
រាជធានីភ្នំពេញ ៖ ប្រជាពលរដ្ឋរស់នៅភូមិ១២ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន បានប្រទះឃើញពស់ថ្លាន់មួយក្បាល នៅលើជញ្ជាំងស្លាបព្រិល អគារផ្នែកខាងត្បូង វិទ្យាល័យបឹងត្របែក ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន កាលពីវេលាម៉ោង ៣និង៤០ នាទីរសៀល ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៤ ហើយបាននាំគ្នា ចោមរោមមើល យ៉ាងច្រើនកុះករ។
ប្រជាពលរដ្ឋបានឲ្យដឹងថា ពស់ថ្លាន់មួយក្បាលនោះ ប្រវែងប្រហែល ២ម៉ែត្រ ទម្ងន់ប្រហែល ៨គីឡូក្រាម ត្រូវបានប្រទះឃើញ នៅលើជញ្ជាំងស្លាបព្រិលជាន់ទី១ ធ្វើឲ្យពួកគាត់មានការភ្ញាក់ផ្អើល នាំចោមរោមមើល ទាំងប្រុសទាំងស្រី ។ ពស់ថ្លាន់មួយក្បាយនេះ បានឡើងទៅដេកនៅជាប់ស្លាបព្រិល ជញ្ជាំងសាលាវិទ្យាល័យ ទំនងដោយសារតែ គេចាក់ដីនៅខាងក្រោយ របងសាលា ជាកន្លែងដែលវារស់នៅ នាំឲ្យអស់ទីជម្រក។
បុគ្គលិកដែលយាម នៅវិទ្យាល័យបឹងត្របែក បានឲ្យដឹងថា ពស់ថ្លាន់មួយក្បាលនេះ បានវាឡើងទៅលើសាលា តាំងពីព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៤ មកម្ល៉េះ ជាពេលដែលសិស្សមិនរៀន ហើយគាត់បានទំនាក់ទំនង ទៅអាជ្ញាធរដែនដី និងមន្ត្រីជំនាញ ឲ្យមកពិនិត្យរួចហើយ។បើតាមជំនឿ ប្រជាពលរដ្ឋបាននិយាយថា ពួកគាត់បានប្រទះឃើញពស់ថ្លាន់នេះ គឺជាព្រេងសំណាង ហើយពួកគាត់សង្ឃឹមថា សមត្ថកិច្ចនិងមន្ត្រីជំនាញ ប្រាកដជាយកពស់ថ្លាន់នេះ ទៅរក្សាទុក នៅកន្លែងអភិរក្ស យ៉ាងសុខសាន្ត ៕
Source from: watphnom-news.com

Loading...
Loading...