ប្តីចិត្តអប្រិយកាប់សម្លាប់ប្រពន្ធចំនួន៤កាំបិតខ្វែវបណ្តាលឲ្យស្លាប់ក្នុងថ្លុកឈាមព្រោះរឿងប្រច័ណ្ឌ
កាលពីវេលាម៉ោង២០និង៣០នាទី នារាត្រីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៤ម្សិលមិញនេះ មានអំពើហិង្សាដ៏សាហាវមួយបានកើតឡើង ដោយបុរសជាប្តីចិត្តអប្រិយម្នាក់បានទាញកាំបិតខ្វែវកាប់ទៅលើប្រពន្ធរបស់ខ្លួនចំនួន៤កាំបិត បណ្តាលឲ្យស្លាប់ភ្លាមៗក្នុងថ្លុកឈាមនៅលើផ្ទះឈើ ឋិតក្នុងភូមិខ្ញូង ឃុំមហាខ្ញូង ស្រុកកោះសូទិន ខេត្តកំពង់ចាម ។
សមត្ថកិច្ចនគរបាលស្រុកកោះសូទិន បានឲ្យដឹងថា ស្ត្រីរងគ្រោះដែលត្រូវប្តីចិត្តអប្រិយកាប់សម្លាប់នោះមានឈ្មោះ ថន សុខគាង អាយុ៣២ឆ្នាំ មានមុខរបរលក់ចាប់ហួយនៅផ្ទះ ឋិតក្នុងភូមិ ឃុំកើតហេតុ ព្រមទាំងមានកូនស្រីម្នាក់អាយុ៩ឆ្នាំរស់ក្នុងបន្ទុក ។ រីឯបុរសជាប្តីចិត្តអប្រិយនោះមានឈ្មោះ សេង សុធា អាយុ៣៥ឆ្នាំ ជាពលករធ្វើការនៅប្រទេសកូរ៉េ ហើយទើបវិលបានមកជួបជុំប្រពន្ធកូនចំនួន៣ខែទៅ៤ខែប៉ុណ្ណោះ និងបានប្រកបរបរជាអ្នកចម្ការក្នុងស្រុកភូមិនាខណៈមកប្រទេសកម្ពុជាវិញ ។
សមត្ថកិច្ចនគរបាលបានឲ្យដឹងទៀតថា ស្ត្រីរងគ្រោះត្រូវបានប្តីចិត្តកំណាចប្រើកាំបិតខ្វែវកាប់ត្រូវចំនួន៤កន្លែង គឺនៅលើក្បាល២កន្លែង និងដៃឆ្វេងចំនួន២កន្លែង បណ្តាលឲ្យស្លាប់ភ្លាមៗនៅលើផ្ទះឈើ ។
យោងតាមប្រសាសន៍របស់លោក ប៉ាន់ ផល អាយុ៦៦ឆ្នាំ ត្រូវជាឪពុករបស់ស្ត្រីរងគ្រោះ បានឲ្យដឹងថា កូនប្រសារបស់គាត់(ជនដៃដល់) ពេលធ្វើការនៅប្រទេសកូរ៉េតែងតែទូរស័ព្ទនិយាយជាមួយប្រពន្ធជាមួយនឹងភាសាឈ្លោះជាញឹកញាប់ដោយសាររឿងប្រច័ណ្ឌ ហើយមុនពេលកើតហេតុបង្កនូវអំពើហិង្សាដ៏សាហាវនេះ កូនប្រសារបស់គាត់បានផឹកស្រាស្រវឹងថែមទៀត ។
សេចក្តីរាយការណ៍ពីអ្នកភូមិបានឲ្យដឹងថា នៅមុនមានហេតុការណ៍នេះកើតឡើងប្រមាណជាង១ខែ ស្ត្រីរងគ្រោះនិងប្តីជាជនដៃដល់នេះ ធ្លាប់ឈ្លោះប្រកែកគ្នាខ្លាំងៗម្តងរួចមកហើយៗប្រពន្ធក៏បានចុះចេញពីផ្ទះអស់រយៈពេលចំនួន១០ថ្ងៃ ប៉ុន្តែក្រោយមកពួកគេបានជួបជុំគ្នាវិញ ទើបមកដល់យប់កើតហេតុមុនពេលប្តីដាច់ចិត្តកាប់សម្លាប់ប្រពន្ធ គេបានឮសំឡេងឈ្លោះប្រកែកគ្នា រួចហើយក៏កើតមានអំពើហិង្សាដ៏សាហាវនេះឡើង ។
ក្រោយពេលកើតហេតុភ្លាមៗ សមត្ថកិច្ចក៏បានឃាត់ខ្លួនបុរសជាប្តីចិត្តកំណាច និងកសាងសំណុំរឿង ព្រមទាំងបញ្ជូនខ្លួនទៅស្ថាប័នតុលាការដើម្បីចាត់ការបន្តតាមនីតិវិធីនៃច្បាប់ ៕
Source from: www.dtn7.com

Loading...
Loading...