ផ្ទុះរឿងពុករលួយកិបកេងប្រាក់បោះជំរំយុវជនឆ្នាំ២០១៤នៅមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ធំ
ប្រភពព័ត៌មានពីមន្ត្រីរាជការបម្រើការងារនៅមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ធំ បានឲ្យដឹងថា ប្រាក់បោះជំរំយុវជនឆ្នាំ២០១៤ ដែលមន្ទីរទទួលបានពីរាជរដ្ឋាភិបាល ត្រូវបានថ្នាក់ដឹកនាំមន្ទីរ និងមន្ត្រីសំខាន់ៗដែលមានលោក កឹម វិសុទ្ធ ជាអតីតប្រធានមន្ទីរសមគំនិតគ្នាជាប្រព័ន្ធជាមួយលោកអនុប្រធានមន្ទីរទទួលបន្ទុកយុវជននិងកីឡា កិបកេងអស់ប្រមាណពី៦៥ភាគរយទៅ៧០ភាគរយ រីឯទឹកប្រាក់ដែលនៅសេសសល់ទើបយកមកប្រើប្រាស់ក្នុងការរៀបចំកម្មវិធីតាមល្បិចកលបំប៉ោងតួលេខបំភ័ន្តភ្នែកមហាជន និងមន្ត្រីរាជការក្រោមឱវាទ ។
មន្ត្រីអប់រំម្នាក់បម្រើការងារនៅមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ធំ បានបង្ហើបប្រាប់ឲ្យដឹងថា សម្រាប់កម្មវិធីបោះជំរំយុវជនកាលពីខែមករាដើមឆ្នាំ២០១៤កន្លងទៅ មន្ទីរទទួលបានកញ្ចប់ថវិកាចំណាយចំនួន១៩៩លានរៀល ប៉ុន្តែទឹកប្រាក់ចំនួនប្រមាណពី១២០លានរៀលទៅ១៣០លានរៀល ត្រូវបានថ្នាក់ដឹកនាំ និងមន្ត្រីសំខាន់ៗនៅក្នុងមន្ទីរយកខ្ទង់ប្រាក់នេះមកចែកគ្នាចាយ រីឯទឹកប្រាក់នៅសេសសល់ទើបត្រូវបានយកទៅចំណាយ ដោយបំប៉ោងតួលេខដើម្បីបង្គ្រប់ចំនួនចំណាយ ។ ថ្នាក់ដឹកនាំ និងមន្ត្រីសំខាន់ៗនៅក្នុងមន្ទីរដែលទទួលបានផលប្រយោជន៍ពីការកិបកេងប្រាក់គម្រោងបោះជំរំយុវជនឆ្នាំ២០១៤នេះ គឺមានលោក កឹម វិសុទ្ធ អតីតជាប្រធានមន្ទីរដែលទើបដាក់ឲ្យចូលនិវត្តន៍ថ្មីៗ, លោក ជូ វុនធី ជាអនុប្រធានមន្ទីរ ទទួលបន្ទុកយុវជន និងកីឡា ហើយបច្ចុប្បន្នបានឡើងកាន់តំណែងជាប្រធានមន្ទីរបណ្តោះអាសន្ន, លោក ហួ សារិន ជាប្រធានការិយាល័យគណនេយ្យ និងលោក កែវ ផល ជាប្រធានការិយាល័យយុវជនផងដែរ ។
ក្រុមមន្ត្រីរាជការក្រោមឱវាទមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ធំ បានសំណូមពរចំពោះឯកឧត្តមបណ្ឌិត ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ និងឯកឧត្តមបណ្ឌិត ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា មេត្តាបើកការស៊ើបអង្កេតស្រាវជ្រាវ និងមានវិធានការទៅលើករណីពុករលួយ កិបកេងប្រាក់បោះជំរំយុវជនឆ្នាំ២០១៤នៅមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ធំនោះផង ។
ទាំងលោក កឹម វិសុទ្ធ អតីតជាប្រធានមន្ទីរ ទាំងលោក ជូ វុនធី ជាប្រធានបណ្តោះអាសន្ន មន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ធំ គេហទំព័រសារព័ត៌មានដើមត្នោត មិនទាន់អាចសុំការបំភ្លឺបញ្ជាក់អំពីរឿងអាស្រូវកិបកេងប្រាក់បោះជំរំយុវជនឆ្នាំ២០១៤ តាមការចោទប្រកាន់របស់មន្ត្រីរាជការក្រោមឱវាទបាននៅឡើយ ត្រឹមថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៤នេះ ដ្បិតទូរស័ព្ទរបស់លោកទាំងពីរ មិនអាចទំនាក់ទំនងបាន៕
Source from: www.dtn7.com

Loading...
Loading...