លោក សៀង ឡេង ឲ្យមន្ត្រីជំនិតៗរាប់ក្បាលឡាន ដឹកទំនិញចេញចូលកំពង់ផែ ខេត្តព្រះសីហនុ បានលុយរាប់លានរៀលច្រកហោប៉ៅម្នាក់ឯង
ខេត្តព្រះសីហនុ ៖ ក្នុងតួនាទីជាប្រធាន នគរបាលអន្តោប្រវេសន៍ ប្រចាំច្រកអន្តរជាតិ កំពង់ផែស្វយ័តខេត្តព្រះសីហនុ លោក សៀង ឡេង បានសម្ងំកើបលុយ ពីការរាប់ក្បាលឡានដឹកទំនិញ ចេញចូលកំពង់ផែខេត្តព្រះសីហនុ យកទៅច្រកហោប៉ៅ ធ្វើមានធ្វើបានតែម្នាក់ឯង មិនបានបែងចែកមន្ត្រីក្រោមឱវាទ គ្រាន់បានយកទៅទិញទឹកផឹក ឬទៅកោសខ្យល់ នៅពេលឈឺថ្កាត់ផងទេ ហើយមួយម៉ាត់ណាក៏ដោយ លោក សៀង ឡេង បានយកឈ្មោះថ្នាក់លើទៅបិទមុខ ក្នុងការប្រមូលលុយ មួយថ្ងៃៗរាប់លានរៀល យកទៅធ្វើមានធ្វើបាន និងបម្រើការសប្បាយផ្ទាល់ខ្លួន ហើយគេចង់ឃើញ អគ្គស្នងការនគរបាលជាតិ ពិនិត្យមើលភាពអសកម្ម និងអំពើពុករលួយ របស់លោក សៀង ឡេង ឡើងវិញជាបន្ទាន់។
មន្ត្រីតូចតាចមួយចំនួន បានបង្ហើបឲ្យដឹងថា តួនាទីនគរបាលអន្តោប្រវេសន៍ ប្រចាំច្រកកំពង់ផែខេត្តព្រះសីហនុ មិនត្រឹមតែត្រួតពិនិត្យ ឯកសារឆ្លងដែន របស់អ្នកជំនួញ ឬនាវិកប៉ុណ្ណោះ ទេ ថែមទាំងបានដាក់បារ៉ាស់ ចាំប្រមូលលុយពីក្បាលឡាន យ៉ាងអនាធិបតេយ្យបំផុត។ មួយថ្ងៃៗ មានរថយន្តដឹកកុងតឺន័រ ចេញចូលច្រកកំពង់ផែ ខេត្តព្រះសីហនុ យ៉ាងតិច ៥០០គ្រឿង ចន្លោះពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ប៉ុន្តែសម្រាប់ចុងសប្តាហ៍ គឺថ្ងៃសៅរ៍ ឬថ្ងៃអាទិត្យ មានរថយន្តដឹកកុងតឺន័រ យ៉ាងតិច ៨០០គ្រឿងទៅ ១ពាន់គ្រឿងឯណោះ ហើយសម្រាប់រថយន្ត ដឹកកុងតឺន័រទាំងអស់ ត្រូវតែបង់លុយថ្លៃក្បាលឡាន ១គ្រឿង ចាប់ពី ១៧០០០រៀល ទៅ ១៨០០០រៀល ឲ្យទៅនគរបាលអន្តោប្រវេសន៍ ក្រោមបញ្ជារបស់លោក សៀង ឡេង ហើយរាល់ការបង់លុយទាំងនោះ គ្មានវិក្កយបត្រត្រឹមត្រូវឡើយ គឺជាលុយពុករលួយសុទ្ធសាធ។
លោក សៀង ឡេង បានចាត់តាំងមន្ត្រីជំនិតៗរបស់ខ្លួន ឲ្យប្រចាំការកាន់បារ៉ាស់ រាប់ក្បាលឡានដឹកកុងតឺន័រយកលុយ តាមតែទំនើងចិត្ត មួយថ្ងៃៗបានរាប់លានរៀល ប៉ុន្តែមិនបានយកថវិកាទាំងនោះ ទៅបែងចែកឲ្យមន្ត្រីតូចតាច គ្រាន់បានទិញទឹកផឹក ឬកោសខ្យល់នោះទេ មួយម៉ាត់ណាក៏ដោយ លោក សៀង ឡេង អះអាងថា គាត់ប្រមូលលុយ យកទៅបង់ជូនថ្នាក់លើ។ គេមិនច្បាស់ថា ថ្នាក់លើជានរណានោះទេ ប៉ុន្តែទំនងជាលោក សៀង ឡេង យកឈ្មោះថ្នាក់លើទៅប្រើប្រាស់ ដើម្បីប្រមូលផលប្រយោជន៍ ច្រកហោប៉ៅធ្វើមានធ្វើបាន យ៉ាងរំភើយ ទើបលោក សៀង ឡេង មានលុយមានកាក់ ច្រើនហូរហៀរ អាចក្រាញតំណែង ប្រចាំប៉ុស្តិ៍កំពង់ផែស្វយ័ត ខេត្តព្រះសីហនុ ឡើងដុះស្លែទៅហើយ គ្មាននរណាអាចមកប្រជែងបានឡើយ។
តាមពិតទៅនគរបាលអន្តោប្រវេសន៍ មិនគួរមានតួនាទី មកប្រមូលលុយថ្លៃក្បាលឡាន នៅច្រកកំពង់ផែអន្តរជាតិនេះទេ ដោយសារតែរថយន្ត ដឹកទំនិញទាំងអស់បានបង់ពន្ធ និងបង់ថ្លៃចំណតឲ្យខាងកំពង់ផែ រួចរាល់ទៅហើយ ដូច្នេះតួនាទីរបស់នគរបាល អន្តោប្រវេសន៍ ក្រោមបញ្ជារបស់លោក សៀង ឡេង គ្រាន់តែមកដាក់ប៉ុស្តិ៍ជជុះ ចាំប្រមូលលុយតាមបែបពុករលួយតែប៉ុណ្ណោះ។ ក្រុមអ្នករកស៊ីដឹកទំនិញមួយចំនួន ធ្លាប់សម្តែងការខឹងសម្បា ចំពោះលោក សៀង ឡេង ព្រោះពេលដឹកទំនិញឆ្លងកាត់បារ៉ាស់ កុងតឺន័រមួយគ្រឿង គេគិតតម្លៃ ១៧០០០រៀល ប៉ុន្តែសម្រាប់កុងតឺន័រ ដែលគ្មានទំនិញ ត្រូវបង់ថ្លៃក្បាលឡាន ចំនួន ៣ពាន់រៀល ជាទៀងទាត់ គ្មានករណីយោគយល់។
បើតាមការសរុបតួលេខ របស់មន្ត្រីមួយចំនួនបានឲ្យដឹងថា មួយថ្ងៃយ៉ាងហោចណាស់ លោក សៀង ឡេង ប្រមូលបាន ៥លានទៅ៨ លានរៀល យកទៅច្រកហោប៉ៅផ្ទាល់ខ្លួន និងមិនមែនជាគោលការណ៍ ថ្នាក់លើនោះទេ ហើយលោក សៀង ឡេង ក៏មានឱកាសប្រមូលលុយពីកប៉ាល់ ឬទូកទេសចរណ៍ដែលចតរង់ចាំ ដឹកភ្ញៀវទៅកាន់តំបន់ទេសចរណ៍ ផ្សេងៗទៀតទៅតាមតែអំពើចិត្តរបស់ខ្លួន។ មន្ត្រីតូចតាចមួយចំនួន ក៏បានទម្លាយឲ្យដឹងផងដែរថា រថយន្តដឹកទំនិញក្លែងភេទ ដូចជាការរថយន្តកាត់ត នាំចូលតាមរូបភាពគ្រឿងបន្លាស់ ដែលមានការបង់ពន្ធតិចតួច ក៏ក្រុមឈ្មួញត្រូវតែ រក្សាទំនាក់ទំនងស្អិតរមួត ជាមួយលោក សៀង ឡេង ផងដែរ ដើម្បីកុំឲ្យមានការរំខាន៕
Source from: watphnom-news.com

Loading...
Loading...