កម្លាំងរុករកអូស្ត្រាលីរកឃើញបំណែកនៅដែនសមុទ្រឥណ្ឌាផ្តោតសង្ស័យថា ជាបំណែកយន្តហោះម៉ាឡេស៊ីដែលបាត់ (មានវីដេអូ)
ទូរទស្សន៍CNNបានផ្សព្វផ្សាយនៅវេលាម៉ោង១០និង៣៥នាទីព្រឹក នាថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៤នេះ ដោយស្រង់ប្រសាសន៍របស់ឯកឧត្តម Tony Abbott នាយករដ្ឋមន្ត្រីនៃប្រទេសអូស្ត្រាលី បានឲ្យដឹងថា កងកម្លាំងរុករករបស់អូស្ត្រាលី បានរកឃើញបំណែកកម្ទេចកម្ទី ចំនួន២នៅដែនសមុទ្រឥណ្ឌា ដែលផ្តោតសង្ស័យថា ជាបំណែករបស់យន្តហោះ Boeing777-200 មានជើងហោះហើរMH370 របស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ីដែលបាត់ខ្លួន និងក៏អាចក្លាយជាតម្រុយដើម្បីបន្តស្វែងរកទៅកាន់ទីតាំង ដែលយន្តហោះ ដឹកអ្នកដំណើរនេះ បានធ្លាក់ ។
អាជ្ញាធរប្រទេសអូស្ត្រាលី បានបញ្ជាក់បន្ថែមថា កងកម្លាំងអាកាសអូស្ត្រាលី បានបញ្ជូនបំណែកដែលរកឃើញនោះ យកទៅត្រួតពិនិត្យភ្លាមៗដែរ ។ ដូច្នេះ គេត្រូវរង់ចាំលទ្ធផលនៃការត្រួតពិនិត្យនេះ ។
សូមបញ្ជាក់ជូនថា យន្តហោះដឹកអ្នកដំណើរប្រភេទ Boeing777-200 ជាមួយនឹងមនុសុ្សចំនួន២៣៩នាក់ ប្រភពមកពីជាង១០ប្រទេស នៅក្នុងយន្តហោះតាមជើងហោះហើរ MH370 របស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី បានបាត់ខ្លួនចេញពីរ៉ាដា កាលពីថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៤ ពោលគឺមានរយៈពេលជិតកន្លះខែហើយ ប៉ុន្តែក្រុមអ្នកស្វែងរក ជាលក្ខណៈអន្តរជាតិ ជាង២០ប្រទេស នៅតែរកយន្តហោះ ម៉ាឡេស៊ីដែលបាត់នេះមិនទាន់ឃើញ ហើយឋិតនៅជាអថ៌កំបាំងនៅឡើយ ដោយមានត្រឹមការសន្និដ្ឋាន និងការសង្ស័យផ្សេងៗពីគ្នាប៉ុណ្ណោះ ៕
Source from: www.dtn7.com

Loading...
Loading...