ស្តេចខ្មែរចេញព្រះរាជក្រឹត្យខុសលើការតែងតាំងមន្ត្រីជំនាញជាន់ខ្ពស់ក្រសួងហិរញ្ញវត្ថុឋានៈឯកឧត្តមចំនួន១០នាក់់់
កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៣ ក្រោយការតែងតាំងរាជរដ្ឋាភិបាលនីតិកាលទី៥នៃរដ្ឋសភាគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ហៅបុរសខ្លាំងជានាយករដ្ឋមន្ត្រី ដោយព្រះរាជក្រឹត្យលេខនស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣កន្លងមក ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់បានឡាយព្រះហស្តលេខានៅលើព្រះរាជក្រឹត្យមួយ ត្រាស់បង្គាប់តែងតាំងមន្ត្រីជំនាញជាន់ខ្ពស់នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មានឋានៈឯកឧត្តមចំនួន១០នាក់ ប៉ុន្តែព្រះរាជក្រឹត្យនេះមានការចុះលេខខុសឆ្គង ធ្វើឲ្យមានការភ័ន្តច្រឡំយ៉ាងធ្ងន់ធ្ងរក្នុងកំហុសរដ្ឋបាលក្រសួងព្រះបរមរាជវាំង ក្រោមការគ្រប់គ្រងរបស់សម្តេចចៅហ្វាវាំងវរវៀងជ័យអធិបតីស្រឹង្គារ គង់ សំអុល ។
ព័ស្តុតាងជាក់ស្តែងបានបង្ហាញថា ការត្រាស់បង្គាប់តែងតាំងមន្ត្រីជំនាញជាន់ខ្ពស់នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុចំនួន១០នាក់ ដែលមានឋានៈជាឯកឧត្តមទាំងអស់គ្នានោះ ចុះនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៣ ដោយព្រះរាជក្រឹត្យលេខនស/រកត/១១១៣/១០៤៧ គឺជាការខុសឆ្គង ហើយព្រះរាជក្រឹត្យដែលចាត់ទុកថាជាការត្រឹមត្រូវនោះ គឺត្រូវមានលេខនស/រកត/១០១៣/១០៤៧ ចុះថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៣ ។ ហេតុផលបានបង្ហាញថា ព្រះរាជក្រឹត្យចេញមុនព្រះរាជក្រឹត្យនេះមួយលេខ គឺមានលេខនស/រកត/១០១៣/១០៤៦ ចុះថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៣ និងព្រះរាជក្រឹត្យចេញក្រោយព្រះរាជក្រឹត្យដែលខុសឆ្គងនេះមួយលេខ គឺមានលេខនស/រកត/១០១៣/១០៤៨ ចុះថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៣ ។ មានន័យថា ព្រះរាជក្រឹត្យលេខនស/រកត/១១១៣/១០៤៧ ចុះថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៣ ទាក់ទងនឹងការតែងតាំងមន្ត្រីជំនាញជាន់ខ្ពស់នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុចំនួន១០នាក់ មានការខុសឆ្គងត្រង់ការចុះលេខ គឺព្រះរាជក្រឹត្យដែលត្រឹមត្រូវមានលេខនស/រកត/១០១៣/១០៤៧ ចុះថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៣ ។
មជ្ឈដ្ឋានអ្នកច្បាប់ឯករាជ្យនៅកម្ពុជាបានលើកឡើងថា ថ្វីដ្បិតព្រះមហាក្សត្រខ្មែរឡាយព្រះហស្តលេខានៅលើព្រះរាជក្រឹត្យតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក៏ដោយ ក៏ក្រុមមន្ត្រីពាក់ព័ន្ធនឹងការតាក់តែងព្រះរាជក្រឹត្យមិនគួរឲ្យព្រះមហាក្សត្រឡាយព្រះហស្តលេខានៅលើព្រះរាជក្រឹត្យដែលចុះលេខខុសឆ្គងបែបនេះដែរ ពោលគឺត្រូវតែមានការពិនិត្យពិច័យជាមុនឲ្យបានច្បាស់លាស់ ។ ផ្ទុយទៅវិញ ព័ស្តុតាងរបៀបនេះបានបង្ហាញថា ស្តេចខ្មែរដឹងតែចាំឡាយព្រះហស្តលេខាលើព្រះរាជក្រឹត្យតាមនាយករដ្ឋមន្ត្រី ឬមន្ត្រីថ្នាក់ក្រោមទូលថ្វាយមកប៉ុណ្ណោះ ដោយមិនបាច់ឆ្លងកាត់ព្រះតម្រិះអ្វីឡើយ ។ ម្យ៉ាងទៀត ក៏ជារូបភាពចង់បង្ហាញថា ព្រះមហាក្សត្រខ្មែរគ្មានអំណាចក្នុងការត្រួតពិនិត្យ និងព្រះតម្រិះទាល់តែសោះទាក់ទងនឹងពង្រាងព្រះរាជក្រឹត្យមុននឹងសម្រេចព្រះទ័យឡាយព្រះហស្តលេខា ។
នេះគឺជាព័ស្តុតាងពិតប្រាកដមួយបង្ហាញឲ្យឃើញថា បុរសខ្លាំង និងមន្ត្រីមួយចំនួនក្រោមឱវាទរបស់បុរសខ្លាំង ដូចជា សម្តេចចៅហ្វាវាំងវរវៀងជ័យអធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង មានអំណាចចាត់ចែងឲ្យព្រះមហាក្សត្រឡាយព្រះហស្តលេខាតាមការរៀបចំរបស់ក្រុមខ្លួនបានគ្រប់ពេលវេលាស្រេចនឹងអំពើចិត្ត ទោះខុស ទោះត្រូវក៏ដោយ ៕
Source from: www.dtn7.com

Loading...
Loading...