ក្រសួងយុត្តិធម៌ធ្វើពង្រាងច្បាប់ស្តីពីលក្ខន្តិកៈចៅក្រមនិងព្រះរាជអាជ្ញាបានបង្កនូវអំពើអយុត្តិធម៌និងលម្អៀងក្នុងការចូលនិវត្តន៍របស់ចៅក្រម
នៅដើមឆ្នាំ២០១៤នេះ ក្រសួងយុត្តិធម៌ដែលមានឯកឧត្តម អង្គ វង្សវឌ្ឍានា ជារដ្ឋមន្ត្រី បានធ្វើសេចក្តីព្រាងច្បាប់ស្តីពីលក្ខន្តិកៈនៃចៅក្រម និងព្រះរាជអាជ្ញាមាន៦ជំពូក និង១១១មាត្រា ក្នុងគោលបំណងអះអាងថា ដើម្បីធានាឯករាជ្យភាពនៃអំណាចតុលាការស្របតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងគោលការណ៍ជាសារវន្តទាក់ទងនឹងឯករាជ្យភាពនៃអង្គចៅក្រម ដែលអនុម័តដោយអង្គការសហប្រជាជាតិ ។
ក្រុមអ្នកច្បាប់មានការចាប់អារម្មណ៍យ៉ាងខ្លាំងទៅនឹងពង្រាងច្បាប់ស្តីពីលក្ខន្តិកៈនៃចៅក្រម និងព្រះរាជអាជ្ញានេះត្រង់មាត្រា៦២ ស្តីពីការចូលនិវត្តន៍របស់ចៅក្រម ដែលបានចែងថា "ចៅក្រមទាំងពីរភេទត្រូវចូលនិវត្តន៍នៅពេលគ្រប់អាយុ៦០ឆ្នាំ ។ ចៅក្រមទាំងអស់នៃតុលាការកំពូលដែលមានអាយុចាប់ពី៦០ឆ្នាំឡើងទៅ ត្រូវចូលនិវត្តន៍តាមការស្នើសុំរបស់សាមីខ្លួន ។ ប៉ុន្តែនៅពេលដល់អាយុ៦៥ឆ្នាំ ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមត្រូវសម្រេចពីការបន្តការងាររបស់ចៅក្រមទាំងអស់នៃតុលាការកំពូល តាមការស្នើសុំរបស់ សាមីខ្លួន ។ " ។
មជ្ឈដ្ឋានអ្នកច្បាប់ឯករាជ្យនៅកម្ពុជា បានលើកឡើងថា ទាក់ទងនឹងការចូលនិវត្តន៍របស់ចៅក្រមដែលមានចែងក្នុងមាត្រា៦២នៃសេចក្តីព្រាងច្បាប់ ស្តីពីលក្ខន្តិកៈនៃចៅក្រម និងព្រះរាជអាជ្ញាដូច្នេះ គឺមិនបានបញ្ញត្តិឲ្យច្បាស់អំពីអាយុកំណត់ឲ្យចូលនិវត្តន៍របស់ចៅក្រមតុលាការកំពូលឡើយ ហើយបានបង្កនូវអំពើអយុត្តិធម៌ក្នុងការចូលនិវត្តន៍របស់ចៅក្រម រវាងចៅក្រមតុលាការកំពូល និងចៅក្រមនៅតាមបណ្តាសាលាជម្រះក្តីផ្សេងទៀត ។ មានន័យថា ចៅក្រមតុលាការកំពូលដែលមានអាយុដល់៦៥ឆ្នាំ អាចឧត្តមប្រឹក្សានៃអង្គចៅក្រមសម្រេចឲ្យនៅបន្តការងារតទៅទៀតបាន តាមការស្នើសុំរបស់សាមីខ្លួន ។ ដូចនេះ បើចៅក្រមរូបណាមានចេតនាគេចវេះមិនចង់ចូលនិវត្តន៍ ឬចង់ពន្យារពេលចូលនិវត្តន៍ ត្រូវផ្ទេរមកបម្រើការងារនៅតុលាការកំពូល គឺជាការស្រេច ដ្បិតពង្រាងច្បាប់នេះបានផ្តល់អាទិភាពដល់ចៅក្រមតុលាការកំពូលទាក់ទងនឹងការចូលនិវត្តន៍ ។
គួររំលឹកជូនដែរថា ច្បាប់ស្តីពីលក្ខន្តិកៈនៃចៅក្រម និងព្រះរាជអាជ្ញាមានចែងនៅក្នុងមាត្រា១៣៥ថ្មី(មាត្រា១១៦ចាស់)របស់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាឆ្នាំ១៩៩៣ ប៉ុន្តែគិតរហូតមកទល់នឹងពេលនេះមានរយៈពេល២១ឆ្នាំហើយ គឺច្បាប់ស្តីពីលក្ខន្តិកៈនៃចៅក្រម និងព្រះរាជអាជ្ញាមិនទាន់ត្រូវបានបង្កើតឲ្យចេញជារូបរាងសម្រាប់យកមកអនុវត្តន៍ក្នុងស្ថាប័នតុលាការនៅឡើយ ។ ការណ៍ដែលមិនមានច្បាប់ស្តីពីលក្ខន្តិកៈនៃចៅក្រម និងព្រះរាជអាជ្ញា គឺបានបង្កផលប៉ះពាល់យ៉ាងច្រើន ដូចជា ៖ ១-មិនអាចរៀបចំការបោះឆ្នោតជ្រើសតាំងចៅក្រមចំនួន៣រូបជាសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមបាន ។ ២-រាំងស្ទះដល់ការបង្កើតតុលាការឯកទេសមួយចំនួន ជាអាទិ៍ តុលាការការងារ តុលាការពាណិជ្ជកម្ម តុលាការអនីតិជន និងតុលាការរដ្ឋបាល…។ល។ ៣-គ្មានច្បាប់ធ្វើជាម៉ែត្រវាស់សម្រាប់ដាក់ទោសវិន័យទៅលើចៅក្រមដែលប្រព្រឹត្តខុសឆ្គង ។ ៤-គ្មានគោលការណ៍ច្បាស់លាស់ក្នុងការដាក់ចៅក្រមឲ្យចូលនិវត្តន៍ …។ល។
ដូច្នេះ ដើម្បីឲ្យចៅក្រមទាំងអស់ដែលបម្រើការងារនៅតាមបណ្តាសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់ និងគ្រប់ផ្នែកមានភាពស្មើគ្នាចំពោះមុខច្បាប់ ជៀសវាងបង្កនូវភាពលម្អៀង និងភាពអយុត្តិធម៌ គឺការតាក់តែងច្បាប់ស្តីពីលក្ខន្តិកៈនៃចៅក្រម និងព្រះរាជអាជ្ញា ត្រូវតែមានស្តង់ដារមួយច្បាស់លាស់ ជាពិសេសទាក់ទងនឹងការចូលនិវត្តន៍របស់ចៅក្រម ការដំឡើងថ្នាក់ និងឋានន្តរស័ក្តិចៅក្រម និងការដាក់ទោសវិន័យចៅក្រម…។ល៕
Source from: www.dtn7.com

Loading...
Loading...