អ្នកលេង Faecbook ចាប់អារម្មណ៍និងផ្តល់ពិន្ទុជូនឯកឧត្តម ឈាង វុន ជាប់លេខ២ខាងកាយវិការឆ្ការដៃឆ្ការជើងបន្ទាប់ពីបុរសខ្លាំង
មិនមែនតែក្នុងរង្វង់អ្នកលេង Facebook ដ៏ពេញនិយមនៅកម្ពុជានោះទេ សូម្បីមជ្ឈដ្ឋានជាតិនិងអន្តរជាតិ គឺសុទ្ធតែបានទទួលស្គាល់ពីភាពល្បីល្បាញរបស់សម្តេចអគ្គមហាសេនាបតីតេជោ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ហ៊ុន សែន ហៅបុរសខ្លាំង ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាទី២រយៈពេលជាង២០ឆ្នាំខាងនិយាយយូររាប់ម៉ោង ឆ្ការដៃឆ្ការជើង វាសដៃវាសជើងនៅមុខក្បាលមេក្រូស្អេកស្កះ និងខាងប្រើពាក្យសម្តីមិនសូវពិរោះស្តាប់ក្នុងឋានៈជាអ្នកដឹកនាំប្រទេស ព្រមទាំងមានអំណាចអាចច្នៃជើងមេឃឲ្យក្លាយជាជើងមុង ជើងទុងឲ្យក្លាយជាជើងទា និងមាត់ទ្វារឲ្យក្លាយជាមាត់បង្អួចបាននៅកម្ពុជា ដ្បិតជាបុរសពោរពេញទៅដោយអំណាចមហិមា និងទ្រព្យសម្បត្តិមហាសាល ។
ដោយឡែក ចំពោះឯកឧត្តម ឈាង វុន វិញ ដែលជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តបាត់ដំបង មកពីគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភានីតិកាលទី៥ ក៏មានកេរ្តិ៍ឈ្មោះល្បីល្បាញគួរសមនៅក្នុងបណ្តាញព័ត៌មានសង្គម Facebook ។
ក្រៅពីពាក្យពេចន៍សម្តីសំដៅ គឺកាយវិការឆ្ការដៃឆ្ការជើងរបស់ឯកឧត្តម ឈាង វុន ត្រូវបានក្រុមអ្នកលេង Facebook ចាប់អារម្មណ៍ និងផ្តល់ពិន្ទុឲ្យជាប់លេខ២ បន្ទាប់ពីកាយវិការឆ្ការដៃឆ្ការជើងរបស់បុរសខ្លាំង ដែលជាមេកើយរបស់ឯកឧត្តម ឈាង វុន ។
ក្រុមអ្នកលេង Facebook បានធ្វើការប្រៀបធៀបថា បុរសខ្លាំងអាចយកវេទិកាប្រជុំរដ្ឋសភាដើម្បីនិយាយម្នាក់ឯងរាប់ម៉ោងឲ្យអ្នកតំណាងរាស្ត្រស្តាប់ និងមិនមានសិទ្ធិតបតទាក់ទងនឹងការបកស្រាយអំពីបញ្ហាបោះបង្គោលព្រំដែនគោករវាងកម្ពុជានិងវៀតណាម ដោយយោងតាមសន្ធិសញ្ញាបំពេញបន្ថែម ធ្វើនៅទីក្រុងហាណូយ ប្រទេសវៀតណាម ចុះថ្ងៃទី១០ ខែតុលា ឆ្នាំ២០០៥ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម ទៅលើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋឆ្នាំ១៩៨៥ ។ រីឯឯកឧត្តម ឈាង វុន បើបានឱកាសចូលរួមធ្វើជាវាគ្មិនក្នុងវេទិកាសម្ភាសន៍នៃកម្មវិធីវិទ្យុផ្សេងៗ គឺបួងក្បាលមេក្រូចង់និយាយតែម្នាក់ឯង ដោយមិនផ្តល់ឱកាសឲ្យវាគ្មិនដទៃទៀត និងពិធីករនិយាយឡើយ ៕
Source from: www.dtn7.com

Loading...
Loading...