បុគ្គលិករោងចក្រស្យុងយ៉ិន បើកឡានឡិចស៊ីស បុកអ្នកជិះម៉ូតូស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់
ខេត្ដកណ្ដាល ៖ បុរសម្នាក់ជាជនជាតិចិន បានបើករថយន្ដឡិចស៊ីស RX៣០០ យ៉ាងលឿនជ្រុលទៅបុកម៉ូតូ ម៉ាកហុងដាឌ្រីមមួយគ្រឿង ក្នុងទិសដៅបញ្ច្រាសគ្នា បណ្ដាលឱ្យបុរសម្នាក់ជាអ្នកបើកបរម៉ូតូស្លាប់ បន្ទាប់ពីបញ្ជូនដល់មន្ទីរពេទ្យនិងបុរសម្នាក់ជា អ្នករួមដំណើរជាមួយរងរបួសស្រាល កាលពីវេលាម៉ោង ២១និង៣០ នាទីយប់ ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៤ នៅលើកំណាត់ផ្លូវជាតិលេខ ២១B ស្ថិតក្នុងភូមិទួលក្រសាំង ឃុំរកាខ្ពស់ ស្រុកស្អាង ។
បន្ទាប់ពីបង្កហេតុ អ្នកបើកបររថយន្ដឡិចស៊ីស បានបើកទ្វាររថយន្ដ រត់គេចខ្លួនបាត់ស្រមោល ហើយអ្នករងរបួស ត្រូវបានរថយន្ដសាមុយ ដឹកយកទៅសង្គ្រោះអាយុជីវិត តែជនរងគ្រោះ បានដាច់ខ្យល់ស្លាប់ ពេលបញ្ជូនទៅដល់ មន្ទីរពេទ្យកែវសាន។ អ្នកបើកបររថយន្ដឡិចស៊ីស RX៣០០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ២O-២៦២៩ ដែលរត់គេចខ្លួននោះ ត្រូវបានមិត្ដរួម ការងារ ដែលមកមើលរថយន្ដ នៅកន្លែងកើតហេតុ អះអាងថា ឈ្មោះ ជីង ហ្វីន ឈឹង ភេទប្រុស អាយុ ៤៥ឆ្នាំ មុខរបរបុគ្គលលិកផ្នែកគ្រប់គ្រង ប្រព័ន្ធភ្លើងនិងម៉ាស៊ីនត្រជាក់ នៅក្នុង រោងចក្រយីហោ “ស្យុងយ៉ិន” ស្ថិតក្នុងភូមិព្រែកត្រែង ឃុំសិត្បូ ស្រុកស្អាង បច្ចុប្បន្នស្នាក់នៅក្នុងរោងចក្រ។
ចំណែកជនរងគ្រោះដែលស្លាប់ នៅមន្ទីរពេទ្យ មានឈ្មោះ រឿន រៀម ហៅអុយ ភេទប្រុស អាយុ ២០ឆ្នាំ មានទីលំនៅក្នុងភូមិ ចុងកោះខាងកើត ឃុំកោះខ្សាច់ទន្លា ស្រុកស្អាង ជាអ្នកបើក បរ ម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ តាកែវ ១I-០៨៣០ និងអ្នករួមដំណើរជាមួយ ដែលរងរបួសនោះ មានឈ្មោះ មឿន កុសល ភេទប្រុស អាយុ ២២ឆ្នាំ មានទីលំនៅ ក្នុងភូមិ-ឃុំ ជាមួយគ្នា ។ នៅមុនពេលកើតហេតុ គេបានឃើញរថយន្ដ ឡិចស៊ីស RX៣០០ បើកតាមបណ្ដោយ ផ្លូវជាតិលេខ២១B ក្នុងទិសដៅពីក្រុងតាខ្មៅ ទៅស្រុកស្អាង ក៏បានបុកជាមួយម៉ូតូ ដែលបើកបញ្ច្រាសទិសគ្នា ចំពាក់កណ្ដាលទ្រូងផ្លូវ បណ្ដាលឱ្យម៉ូតូដួលទៅលើផ្លូវជាតិ ធ្វើឱ្យអ្នកបើកម៉ូតូរបួសយ៉ាងធ្ងន់ធ្ងរ និងអ្នករួមដំណើរ រងរបួសស្រាល ៕
Source from: watphnom-news.com

Loading...
Loading...