ប្រើល្បិចសម្លាប់បងស្រីបង្កើត ហើយយកទៅបូជាយ៉ាងតក់ក្រហល់ ត្រូវប៉ូលីសឃាត់ខ្លួន
ខេត្តកំពង់ចាម៖ស្ត្រីម្នាក់បានសម្លាប់បងស្រីបង្កើតរបស់ខ្លួនតាមមធ្យោបាយវាយបោកក្បាលឲ្យសន្លប់និងយកខ្សែអង្រឹងចងដៃចងជើងនិងរឹតកដោយសារតែខឹងបងស្រីខេត្តកំពង់ចាម ៖ ស្ត្រីម្នាក់បានសម្លាប់បងស្រីបង្កើតរបស់ខ្លួន តាមមធ្យោបាយ វាយបោកក្បាលឲ្យសន្លប់ និងយកខ្សែអង្រឹង ចងដៃចងជើងនិងរឹតក ដោយសារតែខឹងបងស្រី ជាមនុស្សគថ្លង់ពីកំណើត បានវាយកូនរបស់ខ្លួន ហើយរហូតដល់ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៤ ស្ត្រីជាឃាតកត្រូវសមត្ថកិច្ច នគរបាលស្រុកស្ទឹងត្រង់ ចាប់ខ្លួននៅភូមិអូរបេង ឃុំមេសជ្រៃ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ក្រោយពីសម្លាប់បងស្រី បានរយៈពេលមួយថ្ងៃ។
ស្ត្រីរងគ្រោះជាបង មានឈ្មោះ ម៉ាន គឹមជូ អាយុ ៥០ឆ្នាំ ជាមនុស្សគថ្លង់ពីកំណើត ហើយស្ត្រី ជាប្អូន ដែលសមត្ថកិច្ចឃាត់ខ្លូន មានឈ្មោះ ម៉ាន គាំ អាយុ ៤៦ឆ្នាំ អ្នកទាំងពីរជាបងប្អូន បង្កើត រស់នៅផ្ទះជាមួយគ្នា ស្ថិតក្នុងភូមិអូរបេង ឃុំមេសជ្រៃ ស្រុកស្ទឹងត្រង់ ។ កាលពីវេលាថ្ងៃត្រង់ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៤ នៅក្នុងផ្ទះស្ត្រីជាបងប្អូន មានសម្លេងឈ្លោះប្រកែកគ្នា លុះបន្ទាប់មក ស្រាប់តែឃើញ ស្ត្រីជាប្អូនបានរត់ចេញមកក្រៅផ្ទះ ស្រែកឆោរឡោថា បងស្រីរបស់ខ្លួនផឹកស្រាស្រវឹង បានដួលបោកក្បាលត្រូវជ្រុងគ្រែស្លាប់ ។
បន្ទាប់មកស្ត្រីជាប្អូន បានទៅរកអ្នកជិតខាង និងតាអាចារ្យ មកធ្វើពីធីបន្តិចបន្តួច និងបានយកសពបងស្រីទៅបូជា យ៉ាងតក់ក្រហល់ ដោយមិនបានប្តឹងសមត្ថកិច្ច ឲ្យទៅពិនិត្យសាកសពនោះទេ។ លុះដល់ថ្ងៃបន្ទាប់ សមត្ថកិច្ចបានទទួលព័ត៌មាន ពីប្រជាពលរដ្ឋនៅក្បែរខាង ដែលសង្ស័យថា សពស្ត្រីរងគ្រោះស្លាប់ ដោយសារអំពើឃាតកម្ម ទើបសមត្ថកិច្ច បើកការស៊ើបអង្កេត ក្នុងករណីខាងលើ រហូតកំណត់មុខសញ្ញាសង្ស័យ និងឈានទៅឃាត់ខ្លួនស្ត្រី ជាប្អូនយកមកសាកសួរ នៅអធិការដ្ឋាននគរបាល ស្រុកស្ទឹងត្រង់។
ក្នុងការសួរចម្លើយដំបូង ស្ត្រីជាប្អូនបានឆ្លើយបដិសេធ ប៉ុន្តែក្រោយពីសមត្ថកិច្ច បានសួរដេញដោល និងមានការអះអាងពីសាក្សីផងនោះ ទើបស្ត្រីជាឃាតក បានសារភាពថា កន្លងមកខ្លួនបានខឹងបងស្រី វាយកូនរបស់ខ្លួន ទើបនៅថ្ងៃកើតហេតុ បន្ទាប់ពីហូបបាយថ្ងៃត្រង់រួច ខ្លួនបានឈ្លោះប្រកែកជាមួយបងស្រី រហូតបានវាយប្រតាយប្រតប់គ្នា ជាមួយបងស្រី ដោយពេលនោះ ខ្លួនបានបោកបងស្រី ត្រូវនិងជ្រុងគ្រែ បណ្តាលឲ្យសន្លប់ និងបានយកខ្សែអង្រឹង ចងដៃ ចងជើងបងស្រី រួចទើបយកខ្សែរឹតក រហូតដាច់ខ្យល់ស្លាប់ ហើយក៏ប្រញាប់ប្រញាល់ យកសពបងស្រីទៅបូជា៕
Source from: watphnom-news.com

Loading...
Loading...