ព្រោះតែជម្លោះក្នុងវង់ផឹកស៊ី កាប់ចាក់គ្នាក្លាយជាសត្រូវស្លាប់រស់ អ្នកឈ្នះរត់ចោលស្រុក
ខេត្តបន្ទាយមានជ័យ ៖ បុរស ២នាក់ជាមិត្តរួមអាជីព បម្រើការងារជា ជាងសំណង់ជាមួយគ្នា ព្រោះតែទំនាស់ពាក្យសំដី ពេលផឹកស៊ីស្រវឹង បានវាយកាប់ចាក់គ្នា កាលពីវេលាម៉ោង ៨និង៣០ នាទីយប់ ថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៤ ដើម្បីរំសាយកំហឹង បណ្តាលឲ្យម្នាក់របួសធ្ងន់ ត្រូវដឹកបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យ និងម្នាក់ទៀតក្លាយជា អ្នកទោសរត់ចោលស្រុក ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ អឿត អាត់ ភេទប្រុស អាយុ ២៥ឆ្នាំ រស់នៅភូមិរើល ឃុំរើល ស្រុកពួក ខេត្តសៀមរាប មកធ្វើកម្មករសំណង់ នៅភូមិគីឡូម៉ែត្រ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។ ចំណែកជនបង្ក មានឈ្មោះ លីន ភេទប្រុស អាយុ ២០ឆ្នាំ រស់នៅភូមិព្រៃក្មេង ឃុំព្រៃក្មេង ស្រុកពួក ខេត្តសៀមរាប បានមកធ្វើកម្មករសំណង់ នៅចំណុចខាងលើ ជាមួយជនរងគ្រោះផងដែរ ។
មុនពេលកើតហេតុ មានកម្មករសំណង់ ៥នាក់ បានជួបជុំគ្នាផឹកស៊ី ក្រោយពេលសម្រាកពីការងារ ដោយនាំគ្នាសើចក្អាកក្អាយ អស់ជាងមួយម៉ោង ស្រាប់តែមានជម្លោះពាក្យសំដី យ៉ាងតឹងសសៃក រហូតមានការវាយកាប់ចាក់គ្នា បណ្តាលឲ្យឈ្មោះ អឿត អាត់ របួសបែកក្បាលហូរឈាមជោគខ្លួន ត្រូវអ្នកជិតខាងបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យទាំងយប់។ ភ្លាមៗនោះសមត្ថកិច្ច បានចុះទៅអន្តរាគមន៍ និងឃាត់អ្នកផឹកស៊ីបានម្នាក់ យកមកសួរនាំផងដែរ ៕
Source from: watphnom-news.com

Loading...
Loading...