ងើបចេញពីវង់ផឹកទឹកត្នោតជូរ ត្រូវគេយកកៅអីវាយបែកក្បាល ហូរឈាមកក្លាក់ទាំងយប់
ខេត្តកណ្តាល ៖ យុវជនម្នាក់បានទាញកៅអី ទៅវាយក្បាលយុវជនម្នាក់ទៀត បណ្តាលឲ្យបែកក្បាល ហូរឈាមកក្លាក់ ដោយពុំដឹងមូលហេតុច្បាស់លាស់ ខណៈដែលជនរងគ្រោះ ផឹកទឹកត្នោតជូ រួចហើយដើរចេញពីវង់ ទៅអង្គុយលើម៉ូតូម្នាក់ឯង កាលពីវេលាម៉ោង ២១និង២០ នាទីយប់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៤ ស្ថិតនៅក្នុងភូមិជ្រែ១០០ ឃុំសំបូរមាស ស្រុកមុខកំពូល ខេត្តកណ្តាល។
នគរបាលបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ អាត សល់ ភេទប្រុស អាយុ ២៦ឆ្នាំ រស់នៅក្នុងភូមិអន្លង់ស្លែង ឃុំសំបូរមាស ស្រុកមុខកំពូល ខេត្តកណ្តាល រងរបួសបែកក្បាល រីឯជនសង្ស័យមានឈ្មោះ សាំង ធី ភេទប្រុស អាយុប្រហែល ២០ឆ្នាំ មានមុខរបរជាកសិករ រស់នៅក្នុងភូមិជ្រែ១០០ ឃុំសំបូរមាស ស្រុកមុខកំពូល ខេត្តកណ្តាល ត្រូវសមត្ថកិច្ចឃាត់ខ្លួន។
មុនពេលកើតហេតុ ជនរងគ្រោះរួមជាមួយមិត្តភក្តិ ៣នាក់ បានទៅចូលរួមក្នុងពិធីមង្គលការនៅក្នុងភូមិឃុំកើតហេតុ លុះពេលទៅដល់ ជនរងគ្រោះរួមនឹងមិត្តភក្តិ បាននាំគ្នាផឹកទឹកត្នោតជូរ មួយសន្ទុះក្រោយមកជនរងគ្រោះ បានដើរចេញពីវង់ផឹកទឹកត្នោត ទៅអង្គុយនៅលើម៉ូតូម្នាក់ឯង មិនដឹងជាមានរឿងហេតុអ្វី ស្រាប់តែជនសង្ស័យ ស្ទុះទាញកៅអីមកវាយ ជនរងគ្រោះចំពីលើក្បាល បណ្តាលឲ្យហូរឈាមកក្លាក់។
ក្រោយមកជនរងគ្រោះ បានទៅដាក់ពាក្យបណ្តឹង ឲ្យនគរបាលជួយអន្តរាគមន៍ លុះដល់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៤ នគរបាលបានធ្វើការស្រាវជ្រាវ រហូតឈានដល់ឃាត់ខ្លួន ជនសង្ស័យតែម្តងទៅ។ បច្ចុប្បន្នជនសង្ស័យ ឈ្មោះ សាំង ធី ត្រូវបាននគរបាល ធ្វើការសាកសួរ និងកសាងសំណុំរឿង ដើម្បីចាត់ការទៅតាម នីតិវិធីច្បាប់៕
Source from: watphnom-news.com

Loading...
Loading...