ឃាត់ខ្លួនស្ត្រីបម្រើនៅហាងម៉ាស្សា លួចលាក់ម្រើសេវាផ្លូវភេទ យកមកអប់រំឲ្យផ្លាស់ប្តូរអាជីព
ខេត្តសៀមរាប ៖ ស្ត្រីបម្រើនៅក្នុងហាងម៉ាស្សាចំនួន ១០នាក់ ដែលសង្ស័យថា មានលួចលាក់បម្រើសេវាផ្លូវភេទ ត្រូវបានកម្លាំងការិយាល័យ នគរបាលប្រឆាំង ការជួញដូរមនុស្ស និងការពារ អនីតិជន ឃាត់ខ្លួនយកទៅសាកសួរ អប់រំ និងធ្វើកិច្ចសន្យា កាលពីវេលាម៉ោង ១០យប់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៤ នៅចំណុចផ្លូវ៣០ម៉ែត្រ ក្នុងភូមិត្រពាំងសេះ សង្កាត់គោកចកក្រុងសៀមរាប។
លោកស្រីវរសេនីយ៏ទោ ដួង ថាវរី នាយការិយាល័យនគរបាល ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនខេត្ត បានឲ្យដឹងថា ដោយទទួលបានព័ត៌មាន ពីប្រជាពលរដ្ឋក្បែរខាង និងមានការស៊ើបអង្កេត ពីជំនាញផងនោះ កម្លាំងបានចុះពិនិត្យ ហើយឈានទៅឃាត់ខ្លួន ស្ត្រីសង្ស័យ ១០នាក់ មានវៀតណាម ២នាក់ នៅក្នុងហាងម៉ាស្សា ៦កន្លែង តាមដងផ្លូវ ៣០ម៉ែត្រ។
បើទោះបីជាហាងម៉ាស្សាទាំង ៦កន្លែង ខាងលើនេះ ពុំមានថៅកែពិតប្រាកដ តែពួកគាត់បានជួលបន្ទប់ស្នាក់នៅ ហើយបង្កើតហាងម៉ាស្សា ដោយខ្លួនឯង ដើម្បីរងចាំលួចលាក់ បម្រើសេវាផ្លូវភេទ ហើយសមត្ថកិច្ចជំនាញ ចាំបាច់ត្រូវបង្ក្រាប រាល់អំបើអានាចារគ្រប់ប្រភេទ។ ហាងម៉ាស្សា នៅក្រុងសៀមរាប ខ្លះ មានច្បាប់ធ្វើអាជីវកម្ម ម៉ាស្សា ប៉ុន្តែបើសមត្ថកិច្ច ស៊ើបអង្កេតឃើញថា ហាងមួយណា មានលួចលាក់បំរើសេវាផ្លូវភេទ នឹងចុះបង្ក្រាបភ្លាម អាចបិទអាជីវកម្ម ជាបណ្តោះអាសន្នផងដែរ។
ចំពោះនារី ១០នាក់ ដែលត្រូវបានឃាត់ខ្លួន នៅហាងម៉ាស្សាខាងលើ បានប្រគល់ឲ្យមន្ទីរសង្គមកិច្ច យកទៅអប់រំនិងធ្វើកិច្ចសន្យា និងពន្យល់ពួកគាត់ ឲ្យចេះកែប្រែ នូវមុខរបរដែលសង្គមស្អប់ខ្ពើម។ ដោយឲ្យពួកគាត់ ចាប់យកមុខរបរផ្សេងៗ តាមអ្វីដែលអាចធ្វើទៅបាន។ គួរបញ្ជាក់ថា ក្រៅពីហាងម៉ាស្សា ៦កន្លែង ដែលបានបង្ក្រាបខាងលើ នៅមានហាងម៉ាស្សា រាប់សិបកន្លែងទៀត នៅក្នុងក្រុងសៀមរាប ហើយហាងខ្លះ ត្រូវបានប្រភពទម្លាយថា មានមន្ត្រីពាក់ពន្ធ័មួយចំនួន បានដើរដាក់ខែទៀតផង៕
Source from: watphnom-news.com

Loading...
Loading...