សពស្ដ្រីជាម្ដាយនិងកូន ត្រូវឃាតកសម្លាប់ច្រកថង់ប្លាស្ទិក យកទៅបោះចោលនៅពេជ្រនិល
ខេត្ដកំពង់ស្ពឺ ៖ ប្រជាពលរដ្ឋដែលធ្វើដំណើរ ចូលព្រៃកាប់អុសបានប្រទះឃើញ សពស្ដ្រីជាម្ដាយនិងកូនតូច ត្រូវជនមិនស្គាល់មុខ សម្លាប់យកមកទម្លាក់ចោល ក្នុងជ្រោះពេជ្រនិល បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ៩ព្រឹក ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៤ នៅតាមបណ្ដោយ ផ្លូវជាតិលេខ៤ ក្នុងភូមិទី៦ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្ដកំពង់ស្ពឺ ហើយក្រោយពេល សាច់ញាតិទៅដល់ បានសម្រេចបូជា នៅចំណុចកើតហេតុ ដើម្បីយកធាតុមកធ្វើបុណ្យ តាមប្រពៃណី។
ក្រោយពេលចុះទៅត្រួតពិនិត្យ សមត្ថកិច្ចជំនាញបានសន្និដ្ឋាន ជំហានដំបូងថា សពម្ដាយនិងកូន អាចត្រូវឃាតកសម្លាប់ រួចច្រកក្នុងថង់ប្លាស្ទិក យកទៅប្លុងចោលបែបនេះ សង្ស័យជាករណីគំនុំ ។ នៅជាប់ខ្លួនស្ដ្រីរងគ្រោះ សមត្ថកិច្ចបានរកឃើញ អត្ដសញ្ញាណប័ណ្ណ ២សន្លឹក ១សន្លឹក មានឈ្មោះ ប៉ាវ ដារី ភេទស្រី កើតនៅក្នុងឆ្នាំ១៩៨៤ មានទីលំនៅក្នុងភូមិក្រាំង ក្រងឃុំស្វាយ ស្រុកចំការលើ ខេត្ដកំពង់ចាម និង ២-ឈ្មោះ វ៉ា ដារី ភេទស្រី កើតឆ្នាំ១៩៨៧ មានស្រុកកំណើត ជាមួយគ្នា ។
ចំណែកក្មេងស្រីដែលស្លាប់ រុំនៅក្នុងថង់ប្លាស្ទីកនោះ មិនត្រូវបានស្គាល់ អត្ដសញ្ញាណនោះទេ តែគេសង្ស័យថា ជាកូនស្ដ្រីរងគ្រោះ ព្រោះនាងមានអាយុ ប្រហែល ៣-៤ ឆ្នាំប៉ុណ្ណោះ។ សមត្ថកិច្ចបានបន្ដថា ស្ដ្រីរងគ្រោះនិងកូនត្រូវ ឃាតករឹតកសម្លាប់ ហើយសពមានសភាព ហើមរលួយទៅហើយ។ មុនពេលប្រទះឃើញ សព អ្នកភូមិបានដើររកអុស ស្រាប់តែឃើញថង់ផ្លាស្ទីកមួយដ៏ធំមួយ ក៏ស្រាយមើល ជះក្លិនស្អុយ និងឃើញម្រាមជើងមនុស្ស ទើបរត់ទៅរាយការណ៍ ឱ្យសមត្ថកិច្ចមូលដ្ឋានចុះទៅពិនិត្យ ៕
Source from: watphnom-news.com

Loading...
Loading...