ជិះម៉ូតូលឿនដូចហោះ ជ្រុលទៅបុករ៉ឺម៉កយ៉ាងពេញទំហឹង របួសធ្ងន់ ២នាក់ ស្រាល ២នាក់
ខេត្តកណ្តាល ៖ យ៉ាងហោចណាស់ មនុស្ស ៤នាក់ បានរងរបួសធ្ងន់ស្រាល ដោយសារម៉ូតូមួយគ្រឿង បើកលឿនជ្រុលទៅបុក រ៉ឺម៉កយ៉ាងពេញទំហឹង កាលពីវេលាម៉ោង ១៨និង៥០ នាទី ស្ថិតនៅតាម បណ្តោយផ្លូវជាតិលេខ៤១ ក្នុងភូមិពន្លឺ ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្តាល ហើយជនរងគ្រោះត្រូវបានបញ្ជូន ទៅសង្គ្រោះនៅមន្ទីរពេទ្យ ភ្លាមៗផងដែរ។
នគរបាលស្រុកអង្គស្នួល បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ នៅ សំបូរ ភេទប្រុស អាយុ ៣២ឆ្នាំ មានមុខរបរជាអ្នករត់រ៉ឺម៉ក រស់នៅភូមិដូនកែវ ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ រងរបួសស្រាល និងមានជិះ នៅលើរ៉ឺម៉កម្នាក់ ក៏រងរបួសស្រាលផងដែរ ចំណែកអ្នកបើកបរម៉ូតូ ជ្រុលទៅបុកនោះ មានឈ្មោះ អ៊ូច មឿន ភេទប្រុស អាយុ ៣៥ឆ្នាំ មានមុខរបរជា កម្មកររោងចក្ររស់នៅ ភូមិគោកដង្កោ ឃុំពេជ្រមុន្នី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ជិះម៉ូតូមួយគ្រឿង ម៉ាកស្កុបពី ពណ៌ក្រហម ពាក់ស្លាកលេខកំពង់ស្ពឺ 1E-6371 រងរបួសធ្ងន់ និងក្មេងម្នាក់ទៀត ពុំត្រូវបានគេស្គាល់ឈ្មោះ បានរងរបួសធ្ងន់ផងដែរ។
នគរបាលបានបន្តទៀតថា មុនពេលកើតហេតុ ម៉ូតូបង្កជិះក្នុងទិសដៅ ពីត្បូងទៅជើង តាមបណ្តោយផ្លូវខាងលើ ក្នុងល្បឿនយ៉ាងលឿន លុះដល់ចំណុចកើតហេតុ បានជ្រុលទៅបុកជាមួយ ម៉ូតូសណ្តោងរ៉ឺម៉កដែលបើកបរ ច្រាសទិសគ្នាយ៉ាងពេញទំហឹង បណ្តាលឲ្យមនុស្ស ៤នាក់ ដួលបោកទៅនឹងថ្នល់ ប៉ុន្តែអ្នករួមដំណើរ គ្រាន់តែរងរបួសស្រាល។ រីឯអ្នកបើកទាំង ២ បានរងរបួសធ្ងន់ ត្រូវបានគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ រីឯម៉ូតូទាំង ២គ្រឿង រងការខូចខាតយ៉ាងដំណំផងដែរ។ ក្រោយពេលកើតហេតុ នគរបាលចរាចរស្រុក បានចុះទៅដល់ធ្វើការវាស់វែង រួចយកម៉ូតូទាំង ២គ្រឿង មកកាន់អធិការស្រុកដើម្បីកសាងសំណុំរឿង ចាត់ការបន្តទៅតាមនីតិវិធី៕
Source from: watphnom-news.com

Loading...
Loading...