នារីបម្រើខារ៉ាអូខេ ត្រលប់មកពីលេងកូន ត្រូវឡានបុកស្លាប់ ទុកសពចោលហាលភ្លៀង
ខេត្ដត្បូងឃ្មុំ ៖ នារីបម្រើការងារ តាមហាងខារ៉ាអូខេម្នាក់ បានស្លាប់យ៉ាងអាណោចអាធ័មបំផុត ដោយសាររថយន្ដឈ្នួល ម៉ាកសាំយ៉ុង បើកជែងមិនប្រុងប្រយ័ត្ន ជ្រុលទៅបុកម៉ូតូនារីរងគ្រោះ ដែលបើកបញ្ច្រាសទិសគ្នា ខណៈដែលមេឃកំពុងភ្លៀងនិងមានព្យុះ កាលពីវេលាម៉ោង ៩និង៣០ នាទី ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៤ នៅលើកំណាត់ផ្លូវជាតិលេខ៧ ក្នុងភូមិជើងឡង សង្កាត់សួង ខេត្ដត្បូងឃ្មុំ ។
សមត្ថកិច្ចបានឱ្យដឹងថា នារីរងគ្រោះមានឈ្មោះ យ៉ា លីង ហៅ ស្រីខួច អាយុជាង ៣០ឆ្នាំ មានស្រុកកំណើត នៅភូមិត្រពាំងជ្រៃ ឃុំក្រសាំង ស្រុករមាសហែក ខេត្ដស្វាយរៀង សព្វថ្ងៃជានារីបម្រើខារ៉ាអូខេ ABC នៅក្រុងកំពង់ចាម បានបើកបរម៉ូតូម៉ាក វ៉េវ ពណ៌ក្រហម ក្នុងទិសដៅពីក្រុងសួង ទៅក្រុងកំពង់ចាម ។ លុះមកដល់ចំណុចកើតហេតុ ក៏ត្រូវរថយន្ដឈ្នួលម៉ាក សាំយ៉ុង ពណ៌សំបកឪឡឹក ពាក់ស្លាក លេខ ភ្នំពេញ 2W-1506 បុកពេញទំហឹង អូសម៉ូតូនិងនារីរងគ្រោះជាច្រើនម៉ែត្រ បណ្ដាលឱ្យស្លាប់ភ្លាមៗ នៅនឹងកន្លែង ។
ក្រោយកើតហេតុ អ្នកបើកបររថយន្ដបង្ក បានបើកទ្វាររត់គេចខ្លួន បាត់ស្រមោល ដោយទុករថយន្ដនិងភ្ញៀវ នៅកន្លែងកើតហេតុ។ សមត្ថកិច្ចបានឱ្យដឹងថា សពនារីរង គ្រោះ គ្មានសាច់ញាតិ មកទទួលយកភ្លាមៗនោះទេ គឺទុកចោលហាលភ្លៀងហាលខ្យល់ ដើម្បីរកវិធីទាក់ទងទៅ ក្រុមគ្រួសារនៅឯខេត្ដស្វាយរៀង។ សូមបញ្ជាក់ថា នៅព្រឹកថ្ងៃកើតហេតុ ស្ត្រីរងគ្រោះបានជិះម៉ូតូ ទៅលេងកូននៅភូមិធ្លក ក្រុងសួង លុះពេលត្រឡប់ មកកន្លែងធ្វើការវិញ ក៏ត្រូវរថយន្តបុកស្លាប់តែម្តង៕
Source from: watphnom-news.com

Loading...
Loading...