ជិត៥ឆ្នាំ អាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លីដោះស្រាយវិវាទដីធ្លីមួយកន្លែងនៅខេត្តសៀមរាបរវាងរាស្ត្រ១១១គ្រួសារនិង៨គ្រួសារមិនទាន់ចេញ
យោងតាមចំណារចុះថ្ងៃទី២០ ខែមីនា ឆ្នាំ២០០៨ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅលើរបាយការណ៍ចុះថ្ងៃទី០៦ ខែមីនា ឆ្នាំ២០០៨ របស់ឯកឧត្តម អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌នោះ អាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី ដែលមានឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន ជាប្រធាន ធ្លាប់បានសម្រេចបង្កើតក្រុមការងារចម្រុះមួយនៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០០៩ ដើម្បីចុះពិនិត្យឡើងវិញករណីទំនាស់ដីធ្លីទំហំ១៩ហិកតា រវាងប្រជាពលរដ្ឋចំនួន៨គ្រួសារជាមួយប្រជាពលរដ្ឋចំនួន១១១គ្រួសារ ឋិតនៅភូមិក្រសាំងរលើង សង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប ។ មិនតែប៉ុណ្ណោះស្ថាប័នសាលាដំបូងខេត្តសៀមរាប ក៏ធ្លាប់បានសម្រេចផ្ទរសមត្ថកិច្ចសំណុំរឿងវិវាទដីធ្លីនេះឲ្យទៅអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី ដើម្បីដោះស្រាយជាសមត្ថកិច្ចបន្តផងដែរ កាលពីដើមឆ្នាំ២០១១កន្លងមក ។
គិតចាប់តាំងពីអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លីបង្កើតក្រុមការងារចម្រុះដើម្បីចុះដោះស្រាយទំនាស់ដីធ្លីនេះ មានរយៈពេលជិត៥ឆ្នាំហើយៗបើគិតចាប់ពីថ្ងៃសាលាដំបូងខេត្តសៀមរាបផ្ទេរសំណុំរឿងនេះមកឲ្យអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លីជាសមត្ថកិច្ចបន្តនោះ ក៏មានរយៈពេលជាង៣ឆ្នាំផងដែរ ប៉ុន្តែអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លីមិនទាន់បានដោះស្រាយករណីវិវាទឲ្យបានចប់សព្វគ្រប់តាមសមត្ថកិច្ចរបស់ខ្លួននៅឡើយ ទោះបីគូភាគីទំនាស់បានដាក់ពាក្យស្នើសុំជំរុញឲ្យមានការដោះស្រាយចំនួន៣លើករួចមកហើយក៏ដោយ (លើកទី១ថ្ងៃទី១០ ខែមីនា ឆ្នាំ២០១១, លើកទី២ ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១១ និងលើកទី៣ ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៤) ។
សូមបញ្ជាក់ជូនថា សំណុំរឿងវិវាទដីធ្លីឋិតនៅភូមិក្រសាំងរលើង សង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប ទំហំ១៩ហិកតា រវាងប្រជារាស្ត្រ៩គ្រួសារ និងក្រុមប្រជារាស្ត្រដែលអះអាងថាមានចំនួន១១១គ្រួសារនោះ ធ្លាប់ត្រូវបានរាជរដ្ឋាភិបាលដោះស្រាយរួចម្តងមកហើយ ដោយសម្រេចប្រគល់ដីទំនាស់ឲ្យទៅក្រុមប្រជារាស្ត្រចំនួន១១១គ្រួសារ កាន់កាប់ជាកម្មសិទ្ធិស្របច្បាប់ តាមស្មារតីលិខិតលេខ១០៤៥សជណ ចុះថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០០៦ របស់ទីស្តីការគណៈរដ្ឋមន្ត្រី (យោងតាមរបាយការណ៍របស់លោកជំទាវ ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ហៅកាត់ថាក្រសួងអធិការកិច្ច ចុះថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០០៦) ។
ក្រោយមក របាយការណ៍របស់ក្រសួងអធិការកិច្ច ដែលនាំឲ្យរាជរដ្ឋាភិបាលសម្រេចប្រគល់ដីទំនាស់ឲ្យទៅក្រុមប្រជារាស្ត្រ១១១គ្រួសារ តាមស្មារតីលិខិតលេខ១០៤៥សជណ ចុះថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០០៦ របស់ទីស្តីការគណៈរដ្ឋមន្ត្រីនោះ ត្រូវបានស្ថាប័នតុលាការសាលាដំបូងខេត្តសៀមរាបស្រាវជ្រាវរកឃើញថា មានភាពមិនប្រក្រតី ទើបធ្វើរបាយការណ៍មុនពេលជំនុំជម្រះជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ពិនិត្យនិងសម្រេច ។ តមកទៀត យោងតាមចំណារចុះថ្ងៃទី២០ ខែមីនា ឆ្នាំ២០០៨ របស់សម្តេចនាយករដ្ឋមន្ត្រី ទើបសំណុំរឿងទំនាស់ដីធ្លីនេះឋិតនៅក្នុងសមត្ថកិច្ចរបស់អាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លីទល់បច្ចុប្បន្ន ប៉ុន្តែជាអកុសល អាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លីដែលមានឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន ជាប្រធាន ហាក់មិនសូវរវីរវល់ដោះស្រាយទំនាស់ដីធ្លីនេះឡើយអស់រយៈពេលជិត៥ឆ្នាំ ។
គូភាគីវិវាទក្នុងសំណុំរឿងទំនាស់ដីធ្លីដ៏រ៉ាំរ៉ៃនេះ ជាពិសេសក្រុមប្រជារាស្ត្រចំនួន៩គ្រួសារ បានសំណូមពរចំពោះឯកឧត្តម ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រី ទទួលបន្ទុកប្រធានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី មេត្តាជួយពន្លឿននៃការដោះស្រាយទំនាស់ដីធ្លីរបស់ពួកគាត់ប្រកបដោយគតិបណ្ឌិតផង ៕
Source from: www.dtn7.com

Loading...
Loading...