បំណែកត្រូវបានថតឃើញជាបន្តបន្ទាប់នៅសមុទ្រឥណ្ឌា ប៉ុន្តែករណីបាត់ខ្លួនយន្តហោះម៉ាឡេស៊ីនៅតែជាអាថ៌កំបាំង
ក្នុងដំណាក់កាលស្វែងរកយន្តហោះ Boeing777-200 របស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី មានជើងហោះហើរ MH370 ជាមួយនឹងមនុស្សក្នុងយន្តហោះចំនួន២៣៩នាក់ ដែលបានបាត់ខ្លួនចំនួន២០ថ្ងៃមកហើយ ដោយក្រុមបណ្តាប្រទេសរុករកជាលក្ខណៈអន្តរជាតិនោះ តាមរយៈផ្កាយរណបបានថតឃើញបំណែកកម្ទេចកម្ទីអណែ្តតនៅលើផ្ទៃទឹកសមុទ្រឥណ្ឌាជាបន្តបន្ទាប់ ដូចជាផ្កាយរណបរបស់ប្រទេសអូស្ត្រាលី ប្រទេសបារាំង និងប្រទេសថៃ ជាដើម ប៉ុន្តែមិនទាន់អាចកំណត់បានថា ជាបំណែកនៃយន្តហោះម៉ាឡេស៊ីដែលបាត់ខ្លួននៅឡើយ ទោះបីកាលពីរាត្រីថ្ងៃចន្ទ ទី២៤ ខែមីនា ឆ្នាំ២០១៤ ឯកឧត្តម Najip Razak នាយករដ្ឋមន្ត្រីម៉ាឡេស៊ីបានអះអាងថា យន្តហោះបានធ្លាក់ក្នុងសមុទ្រឥណ្ឌាភាគខាងត្បូង និងបានសម្លាប់អ្នកដំណើរទាំងអស់ក្នុងយន្តហោះរួចហើយក៏ដោយ ។
នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៤ កងកម្លាំងរុករករបស់ប្រទេសអូស្ត្រាលី តាមរយៈផ្កាយរណបបានថតឃើញបំណែកចំនួន២នៅលើផ្ទៃទឹកសមុទ្រឥណ្ឌា ។
នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៤ ផ្កាយរណបរបស់កងកម្លាំងរុករកប្រទេសបារាំងបានថតឃើញបំណែកតូចធំចំនួន១២២ នៅលើផ្ទៃទឹកសមុទ្រឥណ្ឌា ដោយមានបំណែកធំៗខ្លះមានប្រវែងដល់ទៅ២៣ម៉ែត្រ ។
នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៤ម្សិលមិញនេះ ផ្កាយរណបរបស់កងកម្លាំងរុករកប្រទេសថៃ បានថតឃើញបំណែកកម្ទេចកម្ទីចំនួនជាង៣០០បំណែក កំពុងរសាត់អណ្តែតនៅលើផ្ទៃទឹកសមុទ្រឥណ្ឌា មានចម្ងាយប្រមាណ២.៧០០គីឡូម៉ែត្រពីប្រទេសអូស្ត្រាលី ដោយបំណែកទាំងនោះមានប្រវែងចាប់ពី២ម៉ែត្រទៅ១៥ម៉ែត្រ ។
គ្រប់បំណែកកម្ទេចកម្ទីដែលថតឃើញដោយផ្កាយរណបរបស់បណ្តាប្រទេសទាំងនោះ គឺមិនទាន់ត្រូវបានគេសន្និដ្ឋានឲ្យជាក់លាក់ថា ជាបំណែកនៃយន្តហោះក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ីធ្លាក់ក្នុងសមុទ្រនៅឡើយ គ្រាន់ចាត់ទុកថា ជាការសង្ស័យ និងជាតម្រុយនៃការស្វែងរកយន្តហោះបន្តទៀតប៉ុណ្ណោះ ។
លោក Stephen Wood អតីតអ្នកវិភាគរបស់ក្រុម CIA និងជាអ្នកជំនាញខាងចាប់រូបភាពរបស់ផ្កាយរណប បានលើកឡើងថា ពេលខ្លះផ្កាយរណបអាចចាប់បាននូវវត្ថុសាមញ្ញៗ ដូចជារលកពណ៌សដែលមើលទៅហាក់ដូចជាវត្ថុរឹងមួយដូច្នោះដែរ ។
សូមរំលឹកជូនថា យន្តហោះដឹកអ្នកដំណើរប្រភេទ Boeing777-200 របស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី មានជើងហោះហើរ MH370 ចេញពីទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ឆ្ពោះទៅទីក្រុងប៉េកាំង ប្រទេសចិន នាំជាមួយនឹងក្រុមអ្នកដំណើរចំនួន២៣៩នាក់(អ្នកដំណើរចំនួន២២៧នាក់ និងក្រុមអាកាសយានិកចំនួន១២នាក់) ប្រភពមកពីជាង១០ជាតិសាសន៍ ក្នុងនោះជនជាតិចិនច្រើនជាងគេរហូតដល់ជិត២០០នាក់ បានបាត់ខ្លួនចេញពីរ៉ាដាទំនាក់ទំនងកាលពីវេលាព្រឹកនាថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៤ ពោលគឺមានរយៈពេល២០ថ្ងៃមកហើយនៅតែស្វែងរកយន្តហោះ និងមនុស្សមិនទាន់ឃើញនៅឡើយ ។
ក្រោយពេលយន្តហោះបាត់ខ្លួនចេញពីរ៉ាដាទំនាក់ទំនងភ្លាម អាជ្ញាធរប្រទេសវៀតណាមធ្លាប់បានកំណត់ដាក់ការសង្ស័យថា យន្តហោះបានធ្លាក់ក្នុងដែនសមុទ្រវៀតណាម ទើបក្រុមអ្នកស្វែងរកបានប្រមូលផ្តុំគ្នាមករុករកយន្តហោះដែលធ្លាក់នៅក្នុងដែនសមុទ្រវៀតណាម ប៉ុន្តែក្រោយមកក៏បានបែរមុខសញ្ញាទៅស្វែងរកនៅដែនសមុទ្រឥណ្ឌាវិញ នៅតែគ្មានលទ្ធផលទល់សព្វថ្ងៃ ។
សរុបសេចក្តីមក ករណីបាត់ខ្លួនយន្តហោះ Boeing777-200 របស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី មានជើងហោះហើរ MH370 ជាមួយនឹងមនុស្សក្នុងយន្តហោះចំនួន២៣៩នាក់នោះ នៅតែឋិតជាអាថ៌កំបាំងបំផុតទល់បច្ចុប្បន្ន ៕
Source from: www.dtn7.com

Loading...
Loading...