សេ្នហាទុំទាវ២០១៤ តួប្រុសជាប់ខ្នោះក្លាយជាអ្នកទោសស្នេហា ដ្បិតតួស្រីក្មេងខ្ចីពេក និងចរចាថ្លៃទឹកដោះមិនត្រូវ
តួប្រុសម្នាក់ក្នុងរឿងស្នេហាទុំទាវ២០១៤ ត្រូវបានសមត្ថកិច្ចនគរបាលស្រុកកោះធំចាប់ឃាត់ខ្លួនកាលពីវេលាម៉ោង១១និង១០នាទីព្រឹក នាថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៤ម្សិលមិញនេះ នៅលំនៅឋានឪពុកមារបស់តួប្រុស ឋិតក្នុងភូមិព្រែកតាសេក ឃុំជ្រោយតាកែវ ស្រុកកោះធំ ខេត្តកណ្តាល ដ្បិតតួស្រីមានវ័យក្មេងខ្ចីពេក និងចាស់ទុំចរចាថ្លៃទឹកដោះមិនត្រូវ បន្ទាប់ពីឪពុកម្តាយតួស្រីព្យាយាមបំបែកមិនឲ្យតួអង្គទាំងពីរជួបមុខគ្នាអស់ជាច្រើនលើកច្រើនសារួចមក ។
សមត្ថកិច្ចនគរបាលស្រុកកោះធំបានឲ្យដឹងថា ជនសង្ស័យដែលត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួននោះមានឈ្មោះ ឃាម ផាន្នី ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅភូមិចាថ្មី ឃុំទំនប់ដាច់ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ។ រីឯក្មេងស្រីរងគ្រោះជាដៃគូស្នេហាក្មេងខ្ចីជាមួយជនសង្ស័យនោះមានឈ្មោះ ហ.ស.ដ អាយុ១៤ឆ្នាំ មានទីលំនៅភូមិខ្វាវលិច ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។
មន្ត្រីនគរបាលបានឲ្យដឹងដែរថា ក្មេងស្រីរងគ្រោះនិងជនសង្ស័យធ្លាប់មានទំនាក់ទំនងគ្នាតាមទូរស័ព្ទនាអំឡុងចុងឆ្នាំ២០១៣ ហើយក៏បង្កើតបានជាស្នេហាគ្មាននរណាបង្ខំនរណាឡើយ ។ មកដល់ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៤ ភាគីខាងស្រីដែលមានវ័យជាអនីតិជននៅឡើយនោះ បានរត់ចេញពីផ្ទះសម្បែងទៅរស់នៅជាមួយជនសង្ស័យជាដៃគូស្នេហារបស់នាងនៅឯខេត្តកំពត ដោយជួលផ្ទះសំណាក់ស្នាក់នៅជាមួយគ្នាអស់រយៈពេលជិត១ខែ ទើបឪពុកម្តាយខាងស្រីតាមរកឃើញ ហើយក៏បាននាំគូស្នេហ៍នេះត្រឡប់ទៅខេត្តបន្ទាយមានជ័យវីញ ដោយសន្យាថានឹងចាត់ចែងរៀបចំឲ្យពួកគេទាំងពីរនាក់បានរៀបការជាប្តី-ប្រពន្ធ ។ ពេលទៅដល់ខេត្តបន្ទាយមានជ័យភ្លាម ក្រុមគ្រួសារជនសង្ស័យនិងក្រុមគ្រួសារក្មេងស្រី បានធ្វើការសម្រុះសម្រួលគ្នា តែដោយសារចរចាថ្លៃទឹកដោះមិនត្រូវរ៉ូវគ្នា ទើបក្រុមគ្រួសារខាងស្រីបាននាំនាងយកមករាជធានីភ្នំពេញដើម្បីកុំឲ្យជួបមុខគ្នាជាមួយជនសង្ស័យ ។ លុះមកដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៤ ជនសង្ស័យជាតួប្រុសក៏បានតាមរកក្មេងស្រីជាសង្សារដល់រាជធានីភ្នំពេញ ហើយបានបបួលគ្នាមកស្នាក់នៅផ្ទះឪពុកមាឋិតក្នុងភូមិព្រែកតាសេក ឃុំជ្រោយតាកែវ ស្រុកកោះធំ ខេត្តកណ្តាល ទើបនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៤ម្សិលមិញនេះ ឪពុកម្តាយតួស្រីជាក្មេងរងគ្រោះក៏បានតាមរកឃើញទៀត ហើយក៏ប្តឹងឲ្យសមត្ថ កិច្ចនគរបាលស្រុកកោះធំជួយអន្តរាគមន៍ចាប់ឃាត់ខ្លួនជនសង្ស័យតែម្តង ។
លោកវរសេនីយ៍ត្រី មុយ ចាន់ពេជ្រ អធិការនគរបាលស្រុកកោះធំ បានបញ្ជាក់ឲ្យដឹងថា ទោះបីក្នុងរឿងស្នេហានេះ ក្មេងស្រីរងគ្រោះនិងជនសង្ស័យស្រឡាញ់គ្នាប្តូរផ្តាច់ដោយគ្មាននរណាបង្ខំនរណាក៏ដោយក្តី ប៉ុន្តែក្មេងស្រីជាអនីតិជន ដូច្នេះ សមត្ថកិច្ចត្រូវតែចាត់វិធានការទៅតាមផ្លូវច្បាប់ហើយ ៕
Source from: www.dtn7.com

Loading...
Loading...