បំផ្លាញទ្រព្យក្នុងផ្ទះមិនស្វាង ចុងក្រោយលួចឡានយកទៅលក់ ឪពុកឲ្យចាត់ការតាមច្បាប់
រាជធានីភ្នំពេញ ៖ បុរសម្នាក់លួចបើករថយន្ដរបស់ឪពុក បម្រុងយកទៅលក់ តែត្រូវក្រុមគ្រួសារប្ដឹងសមត្ថកិច្ច ឲ្យដេញតាមចាប់បានភ្លាមៗ ហើយត្រូវប្រជាពលរដ្ឋ ព្រួតវាយមួយដៃមួយជើង បណ្ដាលឱ្យរងរបួសបែកក្បាល ហូរឈាមស្រោចពេញខ្លួន កាលពីវេលាម៉ោង ៨និង៤០ នាទីយប់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៤ នៅត្រង់ចំណុច ស្ដុបអាងទឹក ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា។
បុរសដែលលួចយករថយន្ដ ឪពុកយកទៅលក់ មានឈ្មោះ ស៊ឹម សោភ័ណ្ឌ ភេទប្រុស អាយុ៣១ឆ្នាំ មានទីលំនៅ ផ្ទះលេខ 54Eo ផ្លូវលេខ១៨៤ ក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ ត្រូវជាកូន របស់លោក ស៊ឹម ណាត អាយុ ៤៨ឆ្នាំ មុខរបររកស៊ី ។ នៅមុនពេលកើតហេតុ ឈ្មោះ ស៊ឹម សោភ័ណ្ឌ បានយករថយន្ដមួយគ្រឿង ម៉ាកកូរ៉ូឡា ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2T-8107 ជារបស់ឪពុកបើកចេញពីផ្ទះ ហើយត្រូវក្រុមគ្រួសារដេញតាម និងបានប្តឹងសមត្ថកិច្ច ឲ្យជួយអន្ដរាគមន៍ ។
លុះមកដល់ចំណុច ស្ដុបអាងទឹកអូឡាំពិក សមត្ថកិច្ចបានឃាត់រថយន្ដ និងអ្នកបើកបរជាប់ ហើយភ្លាមៗនោះ ប្រជាពលរដ្ឋស្មានថា ជាចោរក៏ព្រួតវាយ បណ្ដាលឱ្យរងរបួស បែកក្បាលហូរឈាមស្រោចខ្លួន។ ក្រុមគ្រួសារបានសំណូមពរ ឱ្យសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់ ព្រោះ គាត់គ្មានសមត្ថភាព គ្រប់គ្រងកូនម្នាក់នេះទៀតទេ និងដើម្បីចង់ផ្ដល់មេរៀន ឱ្យកូនគាត់ដឹងខ្លួនខ្លះ កុំឱ្យបំផ្លាញទ្រព្យសម្បត្ដិក្នុងផ្ទះ បន្ដទៅទៀតផង ៕
Source from: watphnom-news.com

Loading...
Loading...