ក្មេងប្រុសអាយុ១៥ឆ្នាំម្នាក់ជាប់ចោទពីបទរំលោភសេពសន្ថវៈក្មេងស្រីអាយុ៦ឆ្នាំ
មានហេតុការណ៍គួរឲ្យភ្ញាក់ផ្អើល និងចាប់អារម្មណ៍មួយកាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៤ វេលាម៉ោង១៧និង៣០នាទីល្ងាចកន្លងទៅ នៅចំណុចភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល គឺក្មេងប្រុសអាយុ១៥ឆ្នាំម្នាក់ដែលរស់ក្នុងបន្ទុកឪពុកម្តាយមានជីវភាពក្រីក្រ ត្រូវបានឪពុកម្តាយក្មេងស្រីអាយុ៦ឆ្នាំ មានទីលំនៅក្បែរខាងគ្នាប្តឹងចោទប្រកាន់ពីបទរំលោភសេពសន្ថវៈទៅលើកូនស្រីរបស់គាត់ជាអនីតិជននៅខាងក្រោយផ្ទះ ទើបឈានទៅដល់សមត្ថកិច្ចចាប់ឃាត់ខ្លួនក្មេងប្រុសសង្ស័យនារយៈពេលមួយម៉ោងក្រោយកើតហេតុតែម្តង ។
ក្មេងប្រុសសង្ស័យមានឈ្មោះ វ.គ អាយុ១៥ឆ្នាំ រស់នៅក្នុងត្រកូលគ្រួសារក្រីក្រ ដើរទាក់សត្វ និងបាញ់កណ្តុរពេលយប់យកមកផ្គត់ផ្គង់ជីវភាព ។ រីឯក្មេងស្រីរងគ្រោះមានឈ្មោះ អ.ស.ន អាយុ៦ឆ្នាំ កំពុងរៀនសូត្រនៅសាលាបឋមសិក្សា និងមានទីលំនៅក្បែរខាងគ្នាជាមួយក្មេងប្រុសសង្ស័យ ។
ប្រភពព័ត៌មានពីសមត្ថកិច្ចនគរបាលមូលដ្ឋាន បានឲ្យដឹងថា នៅវេលាល្ងាចនាថ្ងៃកើតហេតុ ក្មេងប្រុសសង្ស័យនិងក្មេងស្រីរងគ្រោះបានលេងល្បែងសិចជាមួយគ្នានៅខាងក្រោយផ្ទះចម្ងាយ២០ម៉ែត្រ ក្រោមទ្រើងឃ្លោក រួចហើយក៏ត្រឡប់មកផ្ទះវិញជាធម្មតា ។ ពេលមកដល់ផ្ទះ ក្មេងស្រីរងគ្រោះបានរៀបរាប់ប្រាប់ដំណើររឿងដល់ឪពុកម្តាយរបស់នាង ទើ់បឈានដល់ដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលគគីរធំ និងមានការឃាត់ខ្លួនក្មេងប្រុសសង្ស័យជាអនីតិជននៅរយៈពេលមួយក្រោយកើតហេតុ ។
សមត្ថកិច្ចនគរបាលប៉ុស្តិ៍គគីរធំ បានឲ្យដឹងថា ក្មេងប្រុសសង្ស័យត្រូវបានបញ្ជូនខ្លួនទៅកាន់អធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីសាកសួរបន្ថែម និងក្មេងស្រីរងគ្រោះក៏ត្រូវបាននាំយកទៅធ្វើកោសល្យវិច័យដើម្បីឲ្យដឹងការពិតជាក់ស្តែង ។
នៅចំពោះមុខអ្នកសារព័ត៌មាន ក្មេងប្រុសសង្ស័យដែលជាប់ចោទពីបទរំលោភសេពសន្ថវៈទៅលើក្មេងស្រីរងគ្រោះនោះ បានរៀបរាប់ទាំងដៃជាប់ខ្នោះថា ខ្លួនមិនបានប្រព្រឹត្តដូចការចោទប្រកាន់ទេ គឺបានត្រឹមមានការស្រាតខោអាវមែន ដោយក្មេងស្រីរងគ្រោះឋិតនៅពីលើ ប៉ុន្តែមិនមានការរំលោភបានសម្រេចអ្វីឡើយ ។
ក្រោយការឃាត់ខ្លួនក្មេងប្រុសសង្ស័យរួចមក ម្តាយរបស់ក្មេងប្រុសដែលមានផ្ទៃពោះជិតគ្រប់ខែកូនទី៩ និងមានជីវភាពក្រីក្រលំបាកផងនោះ បានរៀបរាប់ទាំងទឹកភ្នែកអង្វរករឲ្យសមត្ថកិច្ចដោះលែងកូនប្រុសរបស់គាត់ ដ្បិតឪពុកជាកម្មករដើរស៊ីឈ្នួលគេ គឺបានកូនប្រុសនេះហើយជាអ្នកដើរទាក់សត្វ និងបាញ់កណ្តុរពេលយប់យកមកលក់ផ្គត់ផ្គង់ជីវភាពគ្រួសារដែលមានស្ថានភាពបានព្រឹកខ្វះល្ងាច ៕
Source from: www.dtn7.com

Loading...
Loading...