សងសឹកគំនុំចាស់ដេញកាប់ចាក់គ្នាផ្អើលរោងការ អ្នកឈ្នះជាប់ទ្រុង អ្នកចាញ់ដេកពេទ្យ
ខេត្តបាត់ដំបង ៖ ក្មេងស្ទាវ ២ក្រុម មានគ្នា ៨នាក់ បានវាយកាប់ចាក់គ្នា ពេលរាំធុងបាស់ក្នុងពិធីមង្គលការ ដោយភាគីបង្កសងសឹកគំនុំចាស់ បានដាល់ភាគីម្ខាងទៀត និងបន្តយកដំបងនិងកាំបិត កាប់គ្នាទៅវិញទៅមក បណ្តាលអោយរងរបួសស្រាលម្នាក់ ធ្ងន់ម្នាក់ ត្រូវបញ្ជូនទៅដេកពេទ្យ កាលពីម៉ោង២១ យប់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៤ ចំណុចរោងការឈ្មោះ ម៉ៅ រី ក្រុមទី០២ ភូមិពពាលខែ ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង។ ក្មេងស្ទាវសង្ស័យទាំង ៧នាក់សមត្ថកិច្ចហៅមកសាកសួរ និងឃាត់ខ្លួនកាលពី ព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៤ និងកសាងសំណុំរឿង បញ្ជូនទៅស្នងការខេត្ត ដើម្បីចាត់ការតាមច្បាប់ ។
លោក យឹម វិចិត្រ អធិការនគរបាល ស្រុកថ្មគោល បានឲ្យដឹងថា ក្មេងប្រុសស្ទាវទាំង ២ក្រុម មានចំនួន ៨នាក់ រួមមានក្រុមបង្ក ទី១-ឈ្មោះ វឹង ឡុង អាយុ ២៤ឆ្នាំ មុខរបរបាញ់សត្វកណ្តុរលក់ ជាជនដៃដល់ កាន់ដំបងនិងកាំបិត រងរបួសស្រាល ត្រង់ដៃសងខាងនិងត្រចៀក ( រូបសក់វែង )។ ទី២-ឈ្មោះ យី សុភី អាយុ ១៨ឆ្នាំ ទី៣-ឈ្មោះ យី សុភា អាយុ ១៨ឆ្នាំ (ទី២ និងទី៣ ជាបងប្អូនភ្លោះ នឹងគ្នា) និងទី៤-ឈ្មោះ សាង សិលា អាយុ ១៨ឆ្នាំ ។
ដោយឡែកក្រុមរងគ្រោះ ទី១-ឈ្មោះ ខុន សុខឡេង អាយុ ២០ឆ្នាំ ទី២-ឈ្មោះ រ៉ាត់ សៀងហាន់ អាយុ ១៩ឆ្នាំ ជាមេក្លោងកាន់កាំបិត ទី៣-ឈ្មោះ ធី បុរី អាយុ ២០ឆ្នាំ និងទី៤-ឈ្មោះ ងឿន ម៉ន អាយុ ២៤ឆ្នាំ រងរបួសធ្ងន់ដាច់ដៃឆ្វេង គ្រូពេទ្យកំពុងតព្យាបាល។ ភាគីទាំងសងខាង រស់នៅជាមួយគ្នា ក្នុងភូមិពពាលខែ ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបា់ដំបង ហើយវត្ថុតាងដែលដកហូតបាន មានកាំបិតខ្វែវចំនួន២ និងដំបងឬស្សី ១ ដើមប្រវែង ១.៥០ ម៉ែត្រ។
ឈ្មោះ រ៉ាត់ សៀងហាន់ ភាគីខាងរងគ្រោះ បានប្រាប់សមត្ថកិច្ចថា មុនពេលកើតហេតុ ពួកខ្លួនបានជិះម៉ូតូ និងមានកាំបិតផង ទៅទុកចម្ងាយ ២០ម៉ែត្រ ក្បែរកន្លែងរាំធុងបាស់ ម្ចាស់ការឈ្មោះ ម៉ៅ រី រួចនាំគ្នាចូលរាំធុងបាស់។ មួយសន្ទុះក្រោយមកឈ្មោះ វឹង ឡុង បានមកដាល់ឈ្មោះ ធី បុរី ចំនួន ២ដៃ ដោយចោទថា ឈ្មោះ ធី បុរី ធ្លាប់វាយពួកគេ កាលឆ្នាំមុន ហើយម្ចាស់កម្មវិធីមកឃាត់ បំបែកចេញ។ ពេលខ្លួនចេញមក យកម៉ូតូជិះបានប្រហែល ៧០ម៉ែត្រស្រាប់តែបក្ខពួកឈ្មោះ វឹង ឡុង បានយកដំបង និងកាំបិតតាមវាយកាប់ ភាគីរបស់ខ្លួនបណ្តាលអោយឈ្មោះ ងឿន ម៉ន របួសធ្ងន់ ហើយខ្លួនក៏បានកាប់ ទៅលើឈ្មោះ វឹង ឡុង ត្រូវដៃទាំងសងខាងរួចហើយ ពួកនោះក៏រត់គេចខ្លួនអស់។
ឈ្មោះ វឹង ឡុង ភាគីខាងបង្ក បានសារភាពថា ឈ្មោះ ធី បុរី ធ្លាប់បាននាំគ្នា វាយមកលើខ្លួនកាលឆ្នាំមុន ហើយទើបបានជួបគ្នា នៅពេលរាំងធុងបាស់ ខ្លួនបានដាល់វាចំនួន ២ដៃ បញ្ចេញកំហឹង ពេលនោះមិត្តភ័ក្តខ្លួន បានឃាត់មិនអោយបង្ករឿង ក្នុងពីធីមង្គលការរបស់គេ ខ្លួនក៏អង្គុយផឹកស្រា រងចាំពួក ធី បុរី ចេញទៅផ្ទះ ក៏កាន់ដំបងឬស្សី ចេញទៅតាម ពេលទៅដល់កន្លែងពួកវាដាក់ម៉ូតូ ឃើញគ្នាវាមានកាំបិត ខ្លួនក៏រត់មកយកកាំបិត នៅផ្ទះបងថ្លៃ យកទៅប្រយុទ្ធតាំងនឹងពួកវា។ នៅទីបំផុតខ្លួនក៏បានកាប់ ត្រូវពួកវាចំនួន ៣កាំបិត រួចក៏ដកឃ្លារត់គេចខ្លួនតែម្តង៕ ដោយ សុខជា
Source from: watphnom-news.com

Loading...
Loading...