ល្បីសុសសាយថា ឯកឧត្តម ជីវ កេង ជាចៅក្រមដល់អាយុចូលនិវត្តន៍ត្រូវបានតែងតាំងជាអនុប្រធានតុលាការកំពូល
ខណៈដែលប្រភពព័ត៌មានគួរឲ្យជឿទុកចិត្តបាន បង្ហើបប្រាប់ឲ្យដឹងថា ស្ថានប័នតុលាការនឹងមានការផ្លាស់ប្តូរភារកិច្ច និងតែងតាំងមុខតំណែងថ្មីចំនួន២០នាក់នៅពេលខាងឆាប់ៗនោះ គឺឯកឧត្តម ជីវ កេង អាយុ៦៣ឆ្នាំ បច្ចុប្បន្នជាប្រធានសាលាដំបូងរាជធានីភ្នំពេញរយៈពេលជិត១០ឆ្នាំ លេចឮល្បីសុសសាយថា នឹងត្រូវតែងតាំងជាអនុប្រធានតុលាការកំពូល ហើយអាចនៅរក្សាតួនាទីជាសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមដដែល ព្រមទាំងអាចក្លាយជាអនុប្រធានគណៈកម្មាការដំឡើងថ្នាក់ និងឋានន្តរស័ក្តិចៅក្រមទៀតផង ប្រសិនបើច្បាប់ស្តីពីលក្ខន្តិកៈនៃចៅក្រម និងព្រះរាជអាជ្ញាចេញជារូបរាង និងឯកឧត្តមរូបនេះត្រូវបានតែងតាំងជាអនុប្រធានតុលាការកំពូលពិតប្រាកដមែន ។
ឯកឧត្តម ជីវ កេង ដែលទទួលបានសញ្ញាបត្របណ្ឌិតពីសាកលវិទ្យាល័យចំរើនពហុបច្ចេកវិទ្យា របស់ឯកឧត្តមបណ្ឌិតឧកញ៉ា ជា ចំរើន នោះ គឺធ្លាប់បម្រើការងារជាចៅក្រមតុលាការកំពូល និងត្រូវបានតែងតាំងជាប្រធានសាលាដំបូងរាជធានីភ្នំពេញ (អតីតហៅថាតុលាការក្រុងភ្នំពេញ) ដោយព្រះរាជក្រឹត្យលេខនស/រកត/១០០៥/៤១៧ ចុះថ្ងៃទី០៧ ខែតុលា ឆ្នាំ២០០៥ ។ ការចូលកាន់តំណែងជាប្រធានសាលាដំបូងរាជធានីភ្នំពេញរបស់ឯកឧត្តម ជីវ កេង មានរយៈពេលជិត១០ឆ្នាំ មិនដែលផ្លាស់ប្តូរប៉ុស្តិ៍ទៅកន្លែងផ្សេងម្តងណាឡើយ ។
ក្រោយមក ឯកឧត្តមចៅក្រម ជីវ កេង ត្រូវបានតែងតាំងបន្ថែមជាសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ក្រោមរូបភាពចាត់តាំងទៀត ដោយព្រះរាជក្រឹត្យលេខ/រកត/០៨០៧/៣៤០ ចុះថ្ងៃទី០៩ ខែសីហា ឆ្នាំ២០០៧ ពោលគឺមានរយៈពេល៧ឆ្នាំហើយ ។
គិតមកទល់ឆ្នាំ២០១៤នេះ ឯកឧត្តមចៅក្រម ជីវ កេង ត្រូវមានអាយុ៦៣ឆ្នាំហើយៗត្រូវដល់អាយុចូលនិវត្តន៍ បើយោងតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៣ ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ហៅបុរសខ្លាំងជានាយករដ្ឋមន្ត្រី ពាក់ព័ន្ធនឹងការកំណែទម្រង់ប្រព័ន្ធតុលាការ ប៉ុន្តែឯកឧត្តមចៅក្រមរូបនេះមិនត្រូវបានដាក់ឲ្យចូលនិវត្តន៍ឡើយ បែរជាត្រូវបានអនុញ្ញាតឲ្យនៅបន្តបម្រើការងារតទៅទៀត ដោយព្រះរាជក្រឹត្យលេខនស/រកត/០៧១១/៦៩៤ ចុះថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១១ ។
ចំនួន៣អាណត្តិជាប់ៗគ្នារបស់រាជរដ្ឋាភិបាលកន្លងមក ឯកឧត្តមចៅក្រម ជីវ កេង បានកាន់កាប់មុខតំណែង និងតួនាទី ភារកិច្ចយ៉ាងច្រើនសំពីងសំពោង ដូចខាងក្រោម ៖
១-ជាប្រធានសាលាដំបូងរាជធានីភ្នំពេញ (តែងតាំងដោយព្រះរាជក្រឹត្យលេខនស/រកត/១០០៥/៤១៧ ចុះថ្ងៃទី០៧ ខែតុលា ឆ្នាំ២០០៥) មានរយៈពេលជិត១០ឆ្នាំមកហើយ មិនដែលផ្លាស់ប្តូរប៉ុស្តិ៍ម្តងណាសោះ ។
២-ជាសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ក្រោមរូបភាពចាត់តាំង (តែងតាំងដោយព្រះរាជក្រឹត្យលេខនស/រកត/០៨០៧/៣៤០ ចុះថ្ងៃទី០៩ ខែសីហា ឆ្នាំ២០០៧) មានរយៈពេលជិត៧ឆ្នាំមកហើយ ។
៣-ជាទីប្រឹក្សាឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាអ្នកច្បាប់នៃទីស្តីការគណៈរដ្ឋមន្ត្រី មានឋានៈស្មើរដ្ឋមន្ត្រី (តែងតាំងសាជាថ្មីដោយព្រះរាជក្រឹត្យលេខនស/រកត/០៥០៩/៥៧១ ចុះថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០០៩) ។
៤-ជាសមាជិកក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ មានឋានៈស្មើរដ្ឋមន្ត្រី (តែងតាំងដោយព្រះរាជក្រឹត្យលេខនស/រកត/០៦១០/៤៩៩ ចុះថ្ងៃទី១២ ខែតុលា ឆ្នាំ២០១០) ។
៥-ជាសមាជិកក្រុមប្រឹក្សាកំណែទម្រង់ច្បាប់និងប្រព័ន្ធយុត្តិធម៌ (តែងតាំងដោយព្រះរាជក្រឹត្យលេខនស/រកត/០៨០៩/៧៦៩ ចុះថ្ងៃទី០១ ខែសីហា ឆ្នាំ២០០៩) ។
៦-ជាសមាជិកក្រុមប្រឹក្សាភិបាលនៃរាជបណ្ឌិត្យសភាវិជ្ជាជីវៈតុលាការ (តែងតាំងដោយអនុក្រឹត្យលេខ៩១អនក្រ.តត ចុះថ្ងៃទី២៧ ខែមករា ឆ្នាំ២០០៩) ។
៧-ជាប្រធានអង្គភាពអធិការកិច្ចនៃក្រុមប្រឹក្សាវិន័យនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម (តែងតាំងដោយអនុក្រឹត្យលេខ១៤៤អនក្រ.បក ចុះថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១២) ។
៨-ជាសមាជិកគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា មានអត្តលេខ៨៤៨ (ធ្វើសច្ចាប្រណិធានចូលប្រកបវិជ្ជាជីវៈមេធាវីនាថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១២) ។
ចំណុចដ៏គួរឲ្យចាប់អារម្មណ៍បំផុតមួយទៀត គឺឯកឧត្តម ជីវ កេង ក្នុងនាមជាប្រធានសាលាដំបូងរាជធានីភ្នំពេញ ជាសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម និងជាប្រធានអង្គភាពអធិការកិច្ចនៃក្រុមប្រឹក្សាវិន័យនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមក្នុងស្ថាប័នតុលាការ ដែលតម្រូវឲ្យមានអំណាចឯករាជ្យដូចមានចែងក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា បែរជាឯកឧត្តមចៅក្រមរូបនេះប្រើប្រាស់យានជំនិះទំនើបម៉ាក Range Rover ពាក់ស្លាកលេខរដ្ឋ 05.2-9595 ជាប្រភេទយានយន្តសម្រាប់ប្រើប្រាស់នៅទីស្តីការគណៈរដ្ឋមន្ត្រីនៃស្ថាប័ននីតិប្រតិបត្តិទៅវិញ ពោលគឺហាក់ចង់សម្ញែងថា ខ្លួនឯងជាមន្ត្រីរាជការបម្រើការងារនៅទីស្តីការគណៈរដ្ឋមន្ត្រី (Sic!) ។
ដូច្នេះ គេចោទជាសំណួរថា តើនៅពេលដែលឯកឧត្តមចៅក្រម ជីវ កេង បានតែងតាំងមុខតំណែងថ្មីជាអនុប្រធានតុលាការកំពូលនោះ ឯកឧត្តមរូបនេះនឹងត្រូវស្ពាយមុខតំណែងផ្សេងទៀតដ៏សំពីងសំពោង រួមទាំងអំណាច ឥទ្ធិពលទីស្តីការគណៈរដ្ឋមន្ត្រីផង យកទៅតាមដែរឬយ៉ាងណា ? ម្យ៉ាងទៀត តើឯកឧត្តមចៅក្រមរូបនេះនឹងត្រូវរួចផុតពីការដាក់ឲ្យចូលនិវត្តន៍រាប់ឆ្នាំជាបន្ត ដូចមានចែងក្នុងសេចក្តីព្រាងច្បាប់ស្តីពីលក្ខន្តិកៈនៃចៅក្រម និងព្រះរាជអាជ្ញាតាក់តែងឡើងដោយក្រសួងយុត្តិធម៌ឬយ៉ាងណា ?
ប្រភពស្និទ្ធនឹងតុលាការកំពូលបានបង្ហើបប្រាប់ឲ្យដឹងថា ព័ត៌មានដែលថា ឯកឧត្តម ជីវ កេង ត្រូវតែងតាំងជាអនុប្រធានតុលាការកំពូលនោះ គឺសឹងពិតប្រាកដ១០០ភាគរយហើយៗឯកឧត្តម ជីវ កេង បានចាត់ចែងវាយអគារ និងរៀបចំលៃលកការិយាល័យសម្រាប់ធ្វើការនៅតុលាការកំពូលរួចជាស្រេច ៕
Source from: www.dtn7.com

Loading...
Loading...