ក្រុមហ៊ុនផលិតយន្តហោះ Boeing និងក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ីនឹងទទួលរងបណ្តឹងក្រោយកើតមានករណីយន្តហោះបាត់ខ្លួន
កាលពីថ្ងៃពុធ ទី២៦ ខែមីនា ឆ្នាំ២០១៤កន្លងទៅថ្មីៗនេះ ក្រុមហ៊ុនច្បាប់មួយរបស់សហរដ្ឋអាមេរិកដែលមានមូលដ្ឋាននៅទីក្រុងស៊ីកាហ្គោ បានអះអាងថា ក្រុមហ៊ុននឹងរៀបចំសំណុំឯកសារប្តឹងទៅលើក្រុមហ៊ុនផលិតយន្តហោះ Boeing និងក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី ដើម្បីទាមទារប្រាក់សំណងរាប់លានដុល្លារអាមេរិកសម្រាប់ក្រុមគ្រួសារជនរងគ្រោះក្នុងហេតុការណ៍យន្តហោះដឹកអ្នកដំណើរប្រភេទ Boeing777-200 របស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី តាមជើងហោះហើរ MH370 ជាមួយនឹងមនុស្សចំនួន២៣៩នាក់ ដែលបានបាត់ខ្លួនមកទល់សព្វថ្ងៃ ។
ក្រុមហ៊ុនច្បាប់ Ribbeck Law Chartered International ដែលមានមូលដ្ឋាននៅទីក្រុងស៊ីកាហ្គោ សហរដ្ឋអាមេរិក បានអះអាងថា ក្រុមហ៊ុននឹងដាក់ពាក្យបណ្តឹងទាមទារទៅតុលាការនៅរដ្ឋអ៊ីលីណយ ដើម្បីឲ្យក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី និងក្រុមហ៊ុនផលិតយន្តហោះ Boeing ទទួលខុសត្រូវចំពោះមុខច្បាប់នូវអ្វីដែលក្រុមហ៊ុនទាំង២នេះកំពុងទទួលរងនូវការរិះគន់ចំពោះមហន្តរាយដែលបានកើតមានក្នុងករណីយន្តហោះក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ីបាត់ខ្លួនជាមួយនឹងមនុស្សចំនួន២៣៩នាក់មិនទាន់រកឃើញ ។
អ្នកស្រី ម៉ូនីកា ឃែលី ប្រធានផ្នែកវិវាទអាកាសចរណ៍របស់ក្រុមហ៊ុនច្បាប់ Ribbeck Law Chartered International បានថ្លែងប្រាប់អ្នកសារព័ត៌មាននៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ីថា ក្រុមហ៊ុននឹងដាក់ពាក្យប្តឹងទាមទារប្រាក់រាប់លានដុល្លារអាមេរិកសម្រាប់អ្នកដំណើរម្នាក់ៗ ដោយផ្អែកលើពាក្យបណ្តឹងកាលពីលើកមុនដែលក្រុមហ៊ុនបានធ្វើពាក់ព័ន្ធនឹងករណីយន្តហោះក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ីបាត់ខ្លួន ដោយក្រុមហ៊ុននឹងជូនដំណឹងអំពីការដាក់ពាក្យបណ្តឹងនេះទៅដល់សាច់ញាតិក្រុមគ្រួសារជនរងគ្រោះផ្សេងៗទៀតនៅប្រទេសចិន និងម៉ាឡេស៊ី ។
នៅក្នុងរបាយការណ៍ដែលបានចេញកាលពីមីនា ឆ្នាំ២០១៤នោះ ក្រុមហ៊ុន Ribbeck Law Chartered International បានបញ្ជាក់ថា ក្រុមហ៊ុននឹងដាក់ពាក្យបណ្តឹងស្នើសុំឲ្យតុលាការបង្គាប់ទៅចុងចោទផ្តល់នូវព័ស្តុតាងនិងព័ត៌មានលំអិត ជាពិសេសឯកសារដែលបាននិងកំពុងស្វែងរក ទាក់ទងនឹងការខ្វះចន្លោះផ្នែកមេកានិក និងការប្រព្រឹត្តទៅរបស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី ដែលអាចជាដើមចមនាំឲ្យមានគ្រោះមហន្តរាយ ។ របាយការណ៍បានបញ្ជាក់ថា ក្រុមហ៊ុនជឿជាក់ថា ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី និងក្រុមហ៊ុនផលិតយន្តហោះ Boeing ដែលជាចុងចោទទាំងពីរនឹងត្រូវទទួលខុសត្រូវចំពោះគ្រោះមហន្តរាយនៃយន្តហោះមានជើងហោះហើរ MH370 ៕
Source from: www.dtn7.com

Loading...
Loading...