ប្រកបមុខរបរចាប់ស្ត្រីមេផ្ទះ គំរាមកំហែងយកទព្យសម្បត្តិ ត្រូវប៉ូលីសឃាត់ខ្លួនបាន ២នាក់
ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យចំនួន ២នាក់ ក្នុងចំណោមបក្ខពួកចំនួន ៣នាក់ ត្រូវបានកម្លាំងនគរបាលស្រុកម៉ាឡៃ ចាប់ឃាត់ខ្លួន ដោយយោងតាមពាក្យបណ្តឹង របស់ជនរងគ្រោះ បន្ទាប់ពីបានធ្វើសកម្មភាព កំហែងយកលុយ នៅវេលាម៉ោង ៧ព្រឹកថ្ងៃទី១ ខែមេសា នៅភូមិមុខវត្តភ្នំរូង ឃុំបឹងបេង ស្រុកម៉ាឡៃ ហើយស្ត្រីជាមេក្លោង បានរត់គេចខ្លួនបាត់ស្រមោល។
លោក សៅ ប៊ុន អធិការនគរបាលស្រុកម៉ាឡៃ បានឲ្យដឹងថា ដោយបានទទួលបណ្តឹង ពីជនរងគ្រោះឈ្មោះ ផន កាន ភេទស្រី អាយុ ៥៤ឆ្នាំ នៅភូមិវាលហាត់ ឃុំម៉ាឡៃ ស្រុកម៉ាឡៃ កម្លាំងនគរបាលជំនាញ បានចាប់ឃាត់ខ្លួនជនសង្ស័យ ចំនួន ២នាក់ ឈ្មោះ សុខ សំណាងភេទប្រុស អាយុ ៣៣ឆ្នាំ នៅភូមិរលួស ឃុំក្រាំងអំពិល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ និងម្នាក់ទៀតឈ្មោះ ខៀវ និត ភេទប្រុស អាយុ ៣០ឆ្នាំ នៅភូមិម្កាក់ ឃុំចំប៉ឺ ស្រុកបាទី ខេត្តតាកែវ ចំណែកបក្ខពួកគេម្នាក់ទៀត ជាស្ត្រីឈ្មោះ ធា អាយុ ៥៥ឆ្នាំ បានរត់គេចខ្លួនបាត់។
ពាក់ព័ន្ធនឹងការចាប់ឃាត់ខ្លួន ជនសង្ស័យទាំង ២នាក់នេះ សមត្ថកិច្ចដកហូត បានម៉ូតូចំនួន២គ្រឿង,ទូរស័ព្ឌដៃ ២គ្រឿង និងថង់សម្រាប់ ដាក់គ្រឿងអលង្ការក្លែងក្លាយ ចំនួន ២ផងដែរ។ តាមការរៀបរាប់ របស់ស្ត្រីរងគ្រោះឈ្មោះ ផន កាន បានឲ្យដឹងថា នៅព្រឹកថ្ងៃកើតហេតុ គាត់បានដើរទិញឥវ៉ាន់ នៅផ្សារថៃ ទល់មុខប៉ុស្តិ៍តំបន់ម៉ាឡៃ ពេលកំពុងទិញ ជនសង្ស័យចំនួន២នាក់ និងបក្ខពួក បានធ្វើសកម្មភាព គំរាមកំហែង បង្ខំឲ្យគាត់ឡើងជិៈម៉ូតូ ដែលជាបក្ខពួករបស់គេ នៅទល់មុខប៉ុស្តិ៍តំបន់ម៉ាឡៃ រួចបានដឹកគាត់ទៅដល់មុខវត្តភ្នំរូង។
ទៅដល់ទីនោះ ពួកគេបានឲ្យគាត់ចុះ និងគំរាមឲ្យអង្គុយ និងឲ្យសំឡឹងមើលថង់មាស ដែលពួកគេរៀបចំជាស្រេច ពេលដែលគាត់សំឡឹងមើល ស្រាប់តែវិលមុខ ពួកគេបានដោះយកខ្សែ.ក បា្លទីន មានទម្ងន់ ៤ ,៥ ជី មានបណ្តោងសរុបតម្លៃ ១.៣០០ បាត ព្រមទាំងគំរាមយកលុយថែមទៀត តែគាត់ប្រាប់ថាគ្មានទេ។ បន្ទាប់ពីធ្វើការចាប់ឃាត់ខ្លួន ជនសង្ស័យទាំង ២នាក់ បាននិយាយថា ពួកគេមានគ្នាចំនួន ៣នាក់ ម្នាក់ទៀតឈ្មោះ ធា ភេទស្រី អាយុ ៥៥ឆ្នាំ ដែលបបួលពួកគេ ឲ្យដើរឆបោក តែគេរត់គេចខ្លួនបាត់ ព្រមទាំងយកខ្សែក នោះទៅផងដែរ៕
Source from: watphnom-news.com

Loading...
Loading...