ឡានដឹកឈើបុកម៉ូតូអូសជាង ១០គីឡូម៉ែត្រ បណ្តាលឲ្យស្ត្រីជាម្តាយនិងកូនតូចរបួសធ្ងន់
ខេត្តពោធិ៍សាត់ ៖ រថយន្តមួយគ្រឿងប្រភេទកាមរីឆ្លាម ពណ៌ស ពាក់ស្លាក កណ្ដាល 2A-6339 បានដឹកឈើប្រណីត ប្រភេទនាងនួនចំនួន ៨ ដុំធំៗ ពេញរថយន្ត បោះពួយចេញពីស្រុកភ្នំក្រវាញ មកកាន់ខេត្តពោធិ៍សាត់ សំដៅមកផ្លូវជាតិលេខ៥ បានជ្រុលទៅបុកម៉ូតូវ៉េវ មួយគ្រឿង ដែលជិះដោយស្ត្រីម្នាក់ ជាមួយនឹងកូនប្រុស អាយុ ៩ឆ្នាំ ក្នុងទិសដៅច្រាសគ្នា បណ្ដាលឲ្យអ្នកជិះម៉ូតូ ២នាក់ម្តាយកូន ផ្លោងចេញពីម៉ូតូធ្លាក់ទៅលើថ្នល់រងបួសធ្ងន់ ហើយម៉ូតូបានអូសជាប់ នៅក្រោមរថយន្ត បើករត់ជាច្រើន គីឡូម៉ែត្រទើបឈប់។
ស្ត្រីរងគ្រោះមានឈ្មោះ ឆាង អ៊ីន អាយុ ២៧ឆ្នាំ ហើយគ្រោះថ្នាក់នេះបានកើតឡើង នៅមុខសាលាបឋមសិក្សាកំពែង កាលពីវេលាម៉ោង ១២ថ្ងៃត្រង់ ទី១ ខែមេសា ឆ្នាំ២០១៤ ស្ថិតក្នុងភូមិកំពែង ឃុំព្រងឹល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។ រថយន្តរកស៊ីដឹកបទល្មើស មិនព្រមឈប់ដោះស្រាយនោះទេ គឺបានបន្ថែមល្បឿន កាន់តែលឿន អូសទាំងម៉ូតូ នៅខាងមុខកៀបជាប់រថយន្ត បែកផ្កាភ្លើងពេញផ្លូវ បង្កការភ្ញាក់ផ្អើល ដល់ពលរដ្ឋ ជាង ១០គីឡូម៉ែត្រ ដល់ម្ដុំដាំដើមអាកាស្យា ស្ថិតក្នុងភូមិទួលគ្រោះ សង្កាត់រលាប ក្រុងពោធិ៍សាត់ ទើបអ្នកបើកបរឈប់រថយន្ត រួចចុះរត់គេចខ្លួនបាត់ស្រមោល៕
Source from: watphnom-news.com

Loading...
Loading...