ប្រធានផ្នែកគ្រប់គ្រងសំភារៈ សាងសង់បុរីប៉េងហួត ត្រូវម្ចាស់ក្រុមហ៊ុនប្តឹងឲ្យប៉ូលីសឃាត់ខ្លួន
រាជធានីភ្នំពេញ ៖ ប្រធានផ្នែកគ្រប់គ្រងសំភារៈ សាងសង់បុរីប៉េងហួត ត្រូវបានប្រធានក្រុមហ៊ុន ប្តឹងឲ្យនគរបាល ខណ្ឌមានជ័យ ចាប់ឃាត់ខ្លួនពាក់ព័ន្ធទៅនឹងករណី លួចយកសំភារៈសំណង់ មានតម្លៃរាប់ពាន់ដុល្លារ យកទៅលក់ បញ្ជូនទៅកាន់តុលាការ ហើយព្រះរាជអាជ្ញារង អមតុលាការភ្នំពេញ បានសម្រេចចោទប្រកាន់ ពីបទលួច ហើយបញ្ជូនសំណុំរឿង និងជនជាប់ចោទ ទៅឲ្យចៅក្រមស៊ើបសួរ ចាត់ការតាមផ្លូវច្បាប់ ដោយសម្រេចឃុំខ្លួន ជាបណ្តោះអាសន្ន។
ជនជាប់ចោទឈ្មោះ លីង សំអូន ហៅសុង ភេទប្រុស អាយុ ៣៤ឆ្នាំ ជាប្រធានផ្នែក ទទួលបន្ទុកគ្រប់គ្រង សំភារៈសាងសង់ រស់នៅក្នុងបុរីប៉េងហួត មានទីតាំងស្ថិត នៅក្រុម៨ ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌមានជ័យ ត្រូវបាននគរបាល បញ្ជូនមកតុលាការ កាលពីព្រឹកថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៤។ បន្ទាប់ពីចាប់ខ្លួនឈ្មោះ លីង សំអូន បានសារភាពថា ចាប់ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៣ រហូតមកដល់បច្ចុប្បន្ន ខ្លួនបានលួច វ៉ានស្ព័ន ពីក្នុងឃ្លាំងក្នុងមួយលើកៗ ចាប់ពី ៣០ទៅ៥០ គ្រាប់យក ទៅលក់នៅផ្សារតូចខ្លះ និងផ្សារទួលទំពូងខ្លះ សរុបចំនួនវ៉ានស្ព័ន ដែលបានលួចយកទៅលក់ ប្រហែលជិត ១០០០ពាន់ ក្នុងនោះក្នុង វ៉ានមួយលក់បានតម្លៃតែ ៣ដុល្លារ ប៉ុណ្ណោះ ចំពោះតម្លៃដែលទិញចូល គឺខ្លួនមិនដឹងទេ៕
Source from: watphnom-news.com

Loading...
Loading...